ព័ត៍មានទាន់​ហេតុការណ៏
Search

ផលិតផល​កសិកម្ម ខ្មែរ ចំនួន​០៦​មុខ ត្រូវ​បាន​ជ្រើសរើស​ជា​មុខទំនិញ​អាទិភាព​សម្រាប់​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នា​ឆ្នាំ​ខាងមុខ

ភ្នំពេញ ​៖ អគ្គនាយកដ្ឋាន​កសិកម្ម នៃ ក្រសួង កសិកម្ម​បាន ប្រកាសប្រាប់ ទៅ ម្ចាស់​រោងចក្រ​កែច្នៃ​វេច​ខ្ចប់​ផលិតផល​កសិកម្ម និង​ម្ចាស់​កសិដ្ឋាន ឲ្យ​បាន​ដឹង​ថា ផលិតផល​កសិកម្ម​ចំនួន​០៦​មុខ​រួមមាន ផ្លែស្វាយ​ស្រស់ ផ្លែ​មៀន​ប៉ៃលិន ម្រេច ផ្លែ​ស្រការ​នាគ ផ្លែ​ដូងក្រអូប​និង​ទឹកមាត់​ត្រចៀកកាំ ត្រូវបាន​ជ្រើសរើស​ជា​មុខទំនិញ​អាទិភាព​សម្រាប់​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ក្នុង​បណ្តា​ឆ្នាំ​ខាងមុខនេះ ប៉ុន្តែ​តម្រូវ​ឲ្យ បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​អនាម័យ​និង​ភូតគាម​អនាម័យ ព្រមទាំង​បទដ្ឋាន​សុវត្ថិភាព​ម្ហូបអាហារ​ទើប​អាច​នាំចេញ​បាន។

ក្រសួង​បន្ត​ថា ការប្រកាស​នេះ​ធ្វើឡើង យោងតាម​ទៅតាម ផែនការ​សកម្មភាព​ស្តី​ពី​ការ​ជំរុញ​ដំណើរការ​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​ផ្លែស្វាយ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ប្រទេស​កម្ពុជា និង​អគ្គ​រដ្ឋបាល​គយ​ចិន​ដែល​បាន​ចុះ ហត្ថលេខា​កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ និង​សេចក្តី​ថ្លែង​ការណ៍​រួម​ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៩ រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា អគ្គ​រដ្ឋបាល​គយ​ចិន និង​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​សហប្រជាជាតិ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

​ក្រសួង​បញ្ជាក់​ថា ម្ចាស់​រោងចក្រ​កែច្នៃ​វេច​ខ្ចប់​ផលិតផល​កសិកម្ម និង​ម្ចាស់​កសិដ្ឋាន នៃ ផលិតផល​កសិកម្ម​ចំនួន​០៦​មុខ ដែល​មាន​បំណង​នាំចេញ​ផលិតផល​ខាងលើ​ទៅ​ប្រទេស​ចិន ទំនាក់ទំនង​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​នៅ​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​នៅ​រៀងរាល់​ម៉ោង​ការងារ ដើម្បី​អគ្គនាយកដ្ឋាន​កសិកម្ម​ចាត់ មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​និង​បណ្តុះបណ្តាល កែតម្រូវ​ផ្នែក​បច្ចេកទេស​ជូន​តាម​ភាពជាក់ស្តែង​ដើម្បី​ធានា​នូវ​អនុលោមភាព​តាម​លក្ខខណ្ឌ​តម្រូវ​អនាម័យ និង​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន​។ ​ព្រោះថា​ តាម​កិច្ច​ព្រមព្រៀង រាល់​ទំនិញ ដែល​អាច​នាំចេញ​បាន ប្រទេស​ចិន​នឹង​តម្រូវ​ឲ្យ​ប្រទេស​កម្ពុជា​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​អនាម័យ​និង​ភូតគាម​អនាម័យ ព្រមទាំង​បទដ្ឋាន​សុវត្ថិភាព​ម្ហូបអាហារ​ពាក់ព័ន្ធ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​របស់​ប្រទេស​ចិន។

ប្រភព​ដដែល​បន្ត​ថា អង្គភាព​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​អនាម័យ​និង​ភូតគាម​អនាម័យ​នៃ​ប្រទេស​ទាំងពីរ​នឹង​ដំណើរការ​ចរចា​គ្នា​អំពី​លក្ខខណ្ឌ​តម្រូវ​អនាម័យ​ និង ភូតគាម​អនាម័យ​ផ្សេងៗ​សម្រាប់​ផលិតផល​នីមួយៗ ដែល​ដំណើរការ​នេះ នឹង​រួមមាន​ផង​ដែរ​នូវ​ការ​ចុះមក​ពិនិត្យ និង​វាយតម្លៃ​នៅ​លើ​ទីវាល​ផ្ទាល់ ពី​សំណាក់​សមត្ថកិច្ច​អនាម័យ​និង​ភូតគាម​អនាម័យ​នៃ​អគ្គ​រដ្ឋបាល​គយ​ចិន​នៅ​តាម​បណ្តា​កសិដ្ឋាន និង​ទីតាំង​កែច្នៃ​វេច​ខ្ចប់​។ ដើម្បី​ឲ្យ​ដំណើរការ​ចរចា​នេះ​ ប្រព្រឹត្ត​ទៅបាន​ដោយ​រលូន និង​ឆាប់រហ័ស ភាគី​កម្ពុជា​ចាំបាច់​ត្រូវ​មាន​ការរៀបចំ​ខ្លួន​ខាង​បច្ចេកទេស​ឲ្យ​បាន​ប្រសើរ មុន​ពេលដែល​សមត្ថកិច្ច​អនាម័យ​និង​ភូតគាម​អនាម័យ​ប្រទេស​ចិន​ដំណើរ​ការចុះពិនិត្យ និង​វាយតម្លៃ​ផ្ទាល់​នៅ​បណ្តា​កសិដ្ឋាន និង​ទីតាំង​កែច្នៃ​វេច​ខ្ចប់៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114