ព័ត៍មានទាន់​ហេតុការណ៏
Search

រញ្ជួយ​ដី​ពីរលើក​ក្នុងប្រទេស​ហ្វីលីពីន​សម្លាប់​មនុស្ស​៨​នាក់

មន្ត្រី​មូលដ្ឋាន​បាន​និយាយថា មនុស្ស​ចំនួន​៨​នាក់​បាន​ស្លាប់​និង​រាប់សិប​នាក់​រងរបួស​នៅពេល​ការរញ្ជួយ​ដី​ពីរលើក​បាន​វាយប្រហារ​កោះ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ខណៈ​មនុស្ស​ជាច្រើន​កំពុងតែ​ដេក​លង់លក់។

​ការរញ្ជួយ​ដី​ទាំងពីរ​លើក​បាន​វាយប្រហារ​ខេត្ត Batanes ដែលជា​ខេត្ត​ប្រជុំ​កោះមាន​ប្រជាជន​រស់នៅ​រប៉ាត់រប៉ាយ​នៅ​ភាគ​ខាងជើង​កោះ Luzon ដែលជា​កោះមាន​ទំហំ​ធំ​បំផុត​របស់​ប្រជាជាតិ​នេះ​។​

​ប្រជាពលរដ្ឋ​បាន​រត់​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​ហើយ​រូបភាព​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វីលីពីន​បានបង្ហាញ​ពី​ផ្ទះ​បាក់​រលំ​និង​ស្នាម​ប្រេះ​នៅតាម​ផ្លូវថ្នល់​។​

​ក្រុម​ស្ទង់​ភូមិសាស្ត្រ​របស់​អាមេរិក​បាន​ឲ្យ​ដឹងថា ការរញ្ជួយ​ដី​ដែលមាន​កម្រិត​៥.៤​រ៉ិ​ច​ទ័​រ​និង​៥.៩​រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ពីគ្នា​ប៉ុន្តែ​មិនមាន​ការព្រមាន​អំពី​រលក​យក្ស​ស៊ូណាមិ​ទេ​។​

​អភិបាលខេត្ត​លោក Raul de Sagon បាន​ប្រាប់​AFP ថា មនុស្ស​ចំនួន​៨​នាក់​ត្រូវបាន​សម្លាប់​និង​ប្រហែល​៦០​នាក់​ទៀត​រងរបួស​។ ស្ថានភាព​នៃ​របួស​រប​ស់​ពួកគេ​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

​មន្ដ្រីប៉ូលិស​ឈ្មោះ Uzi Villa បាន​និយាយថា ពេលវេលា​នៃ​ការរញ្ជួយ​ដី​នៅ​ម៉ោង​ប្រហែល​៤​ទាបភ្លឺ​មានន័យថា មនុស្ស​ជាច្រើន​គឺ​ស្ថិតនៅ​ក្នុងផ្ទះ​នៅពេលដែល​ការរញ្ជួយ​ដី​លើកដំបូង​វាយប្រហារ​។​

​តំបន់​រងគ្រោះ​ខ្លាំង​បំផុត​គឺ​ទីប្រជុំជន Itbayat ដែលជា​ដី​កោះ​មួយ​ស្ថិតនៅ​ជិត​ចុង​ភាគខាងត្បូង​នៃ​កោះ​តៃវ៉ាន់​ដែលមាន​ប្រជាជន​ត្រឹមតែ​២,៨០០​នាក់​ប៉ុណ្ណោះ​ហើយ​អាច​ទៅ​ដល់ទី​នោះបាន​លុះត្រា​ជិះទូក​។​

​ប្រជាជន​ពាក់កណ្តាល​របស់​ទីប្រជុំ​ជននេះ​ត្រូវបាន​គេ​ជម្លៀសចេញ​ទៅកាន់​ឧទ្យាន​មួយ​នៅ​ខាងក្រៅ​។​

​គួរ​បញ្ជាក់ថា ប្រទេស​ហ្វីលីពីន​គឺជា​ផ្នែក​មួយ​នៃ​ខ្សែក្រវ៉ាត់​ភ្នំភ្លើង​ប៉ាស៊ីហ្វិក “Ring of Fire” ដែលជា​ទីតាំង​មានការ​រញ្ជួយ​ដី​យ៉ាងសកម្ម​ដែល​លាតសន្ធឹង​ចាប់ពី​ប្រទេស​ជប៉ុន​តាមរយៈ​តំបន់​អាស៊ីអាគ្នេយ៍​និង​ឆ្លងកាត់​អាងទឹក​ប៉ាស៊ីហ្វិក​។​

​ការរញ្ជួយ​ដី​ដ៏​សាហាវ​ថ្មី​បំផុត​របស់​ប្រទេស​នេះ​បាន​កើតឡើង​កាលពី​ខែមេសា​នៅពេល​មនុស្ស​ចំនួន​១១ នាក់​ត្រូវបាន​សម្លាប់​និង​ផ្សារ​ទំនើប​មួយ​បាន​បាក់​រលំ​នៅក្នុង​រញ្ជួយ​ក​ម្រិ​ត​៦.៣​រ៉ិ​ច​ទ័​រ​ដែល​វាយប្រហារ​តំបន់​មួយ​នៅ​ភាគ​ខាងជើង​រដ្ឋធានី​ម៉ានីល​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114