ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​ក្រុង​បាន​លុង​ ​ឃាត់​ខ្លួន​ជន​ដៃដល់​ ដែល​សម្លាប់​យុវជន​ម្នាក់​នៅ​ក្បែរ​មាត់បឹង​កន្សែង

រតនគិរី​ ៖​ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់ ត្រង់ចំណុច​ក្បែរ​ខ្ទម​លោកតា​ជួង មាត់បឹង​កន្សែង ស្ថិតនៅ​ក្នុងភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខណៈ​ជនរងគ្រោះ​កំពុងតែ​ជិះ​ម៉ូតូ​២​នាក់ ជាមួយ​មិត្ត​ភក្តិ មកដល់​ត្រង់ចំណុច​កើតហេតុ​ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​ចេញពី​ក្នុងព្រៃ​មក​កាប់​ជនរងគ្រោះ​ចំ​បំពង់ក​ស្លាប់​ក្រោយពី​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត។

ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅត្រង់​ចំណុច​ភូមិ​លូត ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្តរតនគិរី​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​កម្លាំង​អាវុធហត្ថ​ក្រុង​បាន​លុង ចុះ​ស៊ើប​អង្កេត​និង​ស្រាវជ្រាវ​ជា​បន្តបន្ទាប់ អស់​ជាច្រើន​ថ្ងៃ ក៏​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សរ ម៉ា​កូរ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ។ បន្ទាប់ពី​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​កាប់សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​

សមត្ថកិច្ច​បាន​បន្ត​ថា ក្រោយពី​បាន​សាកសួរ​​​រួចមក ជនសង្ស័យ​ក៏បាន​នាំ​សមត្ថកិច្ច​ទៅ​ចង្អុលបង្ហាញ វត្ថុតាង​ដាវ​សាំ​ម៉ូ​រៃ​មួយ​ដើម ដែល​បាន​ទម្លាក់ចោល​នៅក្នុង​ព្រៃ​ចិញ្ចើមផ្លូវ​។​

ក្រោយពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​អាវុធហត្ថ​ក្រុង​បាន​លុង​យកមក​ឃុំខ្លួន​បណ្តោះអាសន្ន​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​

សូមបញ្ជាក់​ថា ជនរងគ្រោះ​ឈ្មោះ អេង រដ្ឋា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ថា​រ៉ង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី ​បាន​ស្លាប់​​នៅ​ពាក់​កណ្តាលផ្លូវ​ ​ ​​​​​​​​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ​ក្រោយ​ពី​រង​នូវ​អំពើ​ហិង្សា៕

ដោយ ៖ វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114