ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ខេត្ត​កំពង់ចាម​ និង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​ បង្ក្រាប​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ នៅ​ក្រោយ​យឿត្រី​ច្បារអំពៅ​

​ភ្នំពេញ ៖ នគរបាល​ខេត្ត​កំពង់ចាម ​បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ បើក​ការ​ស្រាវជ្រាវ​ចាប់​មុខសញ្ញា​លាក់ទុក​ និង​ចែកចាយ​ថ្នាំញៀន​ក្នុង​ទ្រង់ទ្រាយ​ធំ​ ដោយ​ឃាត់ខ្លួន​មេខ្លោង​បាន​ពីរ​នាក់ ​រួម​នឹង​ថ្នាំញៀន​ជា​វត្ថុតាង​។​

​តាម​ការបញ្ជាក់​ពី ​លោក​វរសេនីយ៍ទោ ម៉ៅ សឿត​ អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជា​ថ្មី​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩​កក្កដា​នេះ​ថា ​កាលពី​យប់​ថ្ងៃទី​២៧​កក្កដា​កន្លងទៅនេះ​ កម្លាំង​នគរបាល​ខេត្ត​កំពង់ចាម ​បាន​សុំ​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​ ជួយ​បើក​ការស្រាវជ្រាវ​ទីតាំង​ជួញដូរ​ថ្នាំញៀន​ ដែល​ថ្មីៗ​នេះ ​នគរបាល​ខេត្ត​កំពង់ចាម​ បាន​ចាប់ខ្លួន​បក្សពួក​ជួញដូរ​ថ្នាំញៀន​នៅ​ខេត្ត​កំពង់ចាម​ ហើយ​ជនសង្ស័យ​បាន​សារភាព ​និង​ចង្អុលបង្ហាញ​ពី​ទីតាំង​ដែល​ខ្លួន​បាន​ទិញ​ថ្នាំញៀន​យក​ទៅ​ចែកចាយ​បន្ត​នៅ​បណ្ដា​ខេត្ត​។​

​ជាក់ស្តែង​កម្លាំង​សមត្ថកិច្ច​នគរបាល​បាន​ចុះទៅ​ដល់ទី​តាំង​ផ្ទះ​លេខ​៤៩EO ​ផ្លូវ​លេខ​៦២០​ ភូមិ​កណ្តាល​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ដោយ​រកឃើញ​មេខ្លោង​ជួញដូរ​ថ្នាំញៀន​បាន​ពីរ​នាក់ ​និង​ដកហូត​ថ្នាំញៀន​ជាច្រើន​ប្រភេទ​ទៀត​ផង​។​

​លោក​អធិការរង​បាន​បន្តថា ​មេខ្លោង​ដែល​ឃាត់ខ្លួន​ក្នុង​ទីតាំង​ខាងលើ​ គឺ​ ៖

ទី​១​-ឈ្មោះ​អង សល់ ​ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​និង​ម្នាក់ទៀត​ ឈ្មោះ​ កែវ​ ស៊ីណុន ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​។​ រីឯ​សម្ភារៈ​ដកហូត​រួមមាន ​ម៉ា​ទឹកកក​១​កញ្ចប់​ធំ ​និង​១៣​កញ្ចប់​ធំ​ល្មម​,​ម្សៅ​ពណ៌​៥​កញ្ចប់​ធំ​,​ថ្នាំ​គ្រវី​២​គ្រាប់​,​ថ្នាំ​គ្រាប់​៤៦,​និង​ថ្នាំ​សម្រើប​២៨​ដប​តូច​។​

​លោក​ម៉ៅ សឿត បាន​បញ្ជាក់ថា​ មេខ្លោង​ទាំងពីរ​ និង​វត្ថុតាង ​ត្រូវបាន​ប្រគល់ជូន​នគរ​បាល​ខេត្ត​កំពង់ចាម​នា​ថ្ងៃ​បន្ទាប់ ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​៕

ដោយ ៖ ​ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114