ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ហ៊ុន ម៉ា​ណែ​ត ស្នើ​ឲ្យ​ការ​ចុះ MOU នៅ​លើ​ឯកសារ​នីមួយ ប្រែក្លាយជា​ការអនុវត្ត​សម្រាប់​ប្រយោជន៍​និស្សិត​

ភ្នំពេញ​ ៖ លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍ ​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អមត ឬ AMT) បានស្នើ​ឲ្យ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) នៅលើ​ឯកសារ​ត្រូវ​ប្រែក្លាយជា​ការអនុវត្ត​សម្រាប់​ប្រយោជន៍​និស្សិត ដើម្បី​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា និង​ជាការ​បើក​ច្រក ឲ្យ​យុវជន​មានឱកាស​កសាង​អនាគត​។​

​ការលើកឡើង​បែបនេះ ខណៈ​ដែល លោក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​រវាង សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​ឬ​AMT) ជាមួយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គុន​មិញ និង​ក្រុមហ៊ុន​អង្គរ​អ៊ីនធើ​ណេ​សិ​នណល​អ៊ែរ​ផត​អ៊ី​ន​វេស​ម៉ិ​ន (​ខេ​ម​បូ​ឌា​) និង​សមាគម​មិត្ត​អតីត​និស្សិត​ចិន ​នៅ​ក្រៅ​ប្រទេស នា​សណ្ឋាគារ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៩​។

​តាម​ លោក ហ៊ុន ម៉ា​ណែ​ត ថា ផលប្រយោជន៍​ នៃ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នាពេលនេះ គឺ​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​ស្ថាប័ន​ទាំង​៣ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា និង​ជា​ការ​បើក​ច្រក​ដើម្បីឲ្យ​យុវជន​មានឱកាស​កសាង​អនាគត ព្រោះ​ពួកគេ​មិន​ខុស​ពី​កូនចៅ​របស់​យើង​នោះ​ទេ ពួកគេ​គឺជា​កូនចៅ​របស់​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់ថា ប្រទេស​កម្ពុជា ​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ​ គឺ​មនុស្ស​វ័យក្មេង​មាន​ចំនួន​ច្រើន​។ ដូច្នេះ​ដើម្បី​ធានា​ការជំរុញ​ការអភិវឌ្ឍ បរិមាណ​មួយ​មុខ​គឺ​មិន​គ្រប់គ្រាន់​នោះទេ គុណភាព​គឺ​សំខាន់​ណាស់​ដើម្បី​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ឲ្យ​បាន​លឿន​។ ដូច្នេះ​លោក​សូម​ថ្លែងអំណរគុណ​អង្គភាព​ទាំងបី​ខាងលើ​ដែល​ជួយ​ជ្រោមជ្រែង​សហប្រតិបត្តិការ និង​ព្យាយាម​ទំនាក់ទំនង​ផ្សារភ្ជាប់​ជាមួយនឹង​សមាគម ( អមត ឬ AMT) ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស និង​ផ្សារភ្ជាប់​រវាង​និស្សិត​កម្ពុជា​-​ចិន ដែល​នេះ គឺ​ស្រប​នឹង​គោលការណ៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​តំណាង​ស្ថាប័ន​ទាំង​៣ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានបង្ហាញ​នូវ​ភាពសប្បាយ​រីករាយ​ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង និង​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ដែល​គម្រោង​បណ្ដុះបណ្ដាល​និស្សិត​កម្ពុជា​នៅ​ប្រទេស​ចិន គឺជា​គម្រោង​សប្បុរសធម៌​មួយ​ដែល​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​វ័យក្មេង​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៨ មាន​និស្សិត​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត​ទៅ​សិក្សា​នៅ​ប្រទេស​ចិន ក្រោម​ការសម្របសម្រួល​របស់​គណៈកម្មាធិការ​បាន​ចំនួន​១៤១​នាក់ ក្នុងនោះ​បរិញ្ញាបត្រ​ចំនួន​៨៥​នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​៥៤​នាក់ និង​បណ្ឌិត​ចំនួន​២​នាក់​៕

ដោយ ៖ សុជាតា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114