ព័ត៍មានទាន់​ហេតុការណ៏
Search

ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ស៊ី​ហ្គេម ២០២៣ ត្រូវ​ធ្វើ​ឲ្យ​គេ​ចង់​ចាំ​អំពី​ស៊ី​ហ្គេម​នៅ​កម្ពុជា

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​ចំនួន២ ដល់​គណៈកម្មាធិការ​ជាតិ​អូ​ឡា​ពិក​កម្ពុជា​ ក្នុង​ការ​ត្រៀមខ្លួន​ដើម្បី​ភាព​ជោគជ័យ​នៅ​ក្នុង​ការប្រកួត​ស៊ី​ហ្គេម​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ ក្នុង​នោះ​បញ្ហា​ពី​ជា​សំខាន់​ដែល​សម្តេច​លើកឡើង​ ឲ្យ​យកចិត្តទុកដាក់​នោះ​គឺ​ទី​១.​ត្រូវ​ដណ្តើម​មេដាយ​ឲ្យ​បាន​ច្រើន​និង ទី​២.​ត្រូវ​រៀបចំ​ការប្រកួត​ឲ្យ​បាន​ល្អ​​ទាំងពីរ​ធី​បើក​និង​ពិធី​បិទ​។

ថ្លែង​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​និង​កីឡាករ កីឡាការិនី​នៅ​ក្នុង​ដំណើរ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ “​មរតក​តេ​ជោ​”​ដែល​កំពុង​ដំណើរការ​សាងសង់​នៅ​ខណ្ឌ​ជ្រាយ​ចង្វារ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ​គណៈកម្មការ​ជាតិ​អូឡាំពិក​បាន​រៀបចំ​បញ្ជូន កីឡាករ​ទៅ​ប្រកួត​នឹង​ទៅ​ហ្វឹកហាត់​នៅ​បរទេស​ក៏ប៉ុន្តែ​ខ្ញុំ​សូម​ផ្ដល់​នូវ​អនុសាសន៍​ពី​ធំ​ ដែល​ក្នុង​នោះ​រួមមាន ទី​១.​បញ្ហា​រចនាសម្ព័ន្ធ​ក្នុង​តំបន់​នេះ​ជាពិសេស​ផ្លូវ​ដែល​ត្រូវ​ចូល​មក​ក្នុង​តំបន់​នេះ​ប៉ុណ្ណឹង​មិន​គ្រប់គ្រាន់​ទេ ត្រូវតែ​ធ្វើ​ផ្លូវ​ឆ្លងកាត់​តំបន់​នេះ​មួយ​ចំនួន​ទៀត ដែល​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ចេញ​ថវិកា​សម្រាប់​ការសាងសង់​។ ជា​មួយ​នេះ​ផ្លូវ​សំខាន់​ដែល​ចូល​មក​កាន់​តំបន់​នេះ​ត្រូវ​ពង្រីក​ឲ្យ​ធំ​ដែល​ជា​ប្រយោជន៍​ក្នុង​ការ ធ្វើដំណើរ និង ចរាចរណ៍​ដឹកជញ្ជូន​ផងដែរ ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ហេដ្ឋារចនាសម្ព័ន្ធ​មួយទៀត​គឺ​ចង់​និយាយ​អំពី​ទាក់ទិន​នឹង​បញ្ហា​ការ​ផ្សព្វផ្សាយ​ក្នុង​ពេល​ប្រកួត​កីឡា​ស៊ី​ហ្គេម។ សម្តេច​បានលើកឡើង​ថា​ បើ​យោង​តាម​បទពិសោធន៍​របស់​ប្រទេស​ឡាវ​ ដែល​មាន​ទូរទស្សន៍​ត្រឹមតែ​ពីរ​បី​ប៉ុណ្ណោះ​។ ដូច្នេះ​ការ​ឡាយ​ត្រូវ​បញ្ចាំង​កន្លែង​នេះ​បន្តិច​កន្លែង​នោះ​បន្តិច​ធ្វើ​ឲ្យ​អ្នកទស្សនា​មានការ​ពិបាក​ ក្នុង​ការ​តាមដាន​ការប្រកួត​នីមួយៗ។ ដូច្នេះ​យើង​ត្រូវ​ចែក​ក្រុមហ៊ុន​ទូរទស្សន៍​ដែល​មាននៅ​កម្ពុជា ទូរទស្សន៍​ណា​ជំនាញ​ថត​ឡាយ​ប្រភេទ​កីឡា​អ្វី។ សម្តេច​បាន​លើកឡើង​ថា ​ត្រូវ​ត្រៀម​និង​ហ្វឹកហាត់​អំពី​ការ​ថត​ផ្សាយ​ពី​ឥឡូវ​ទៅ​។ បើ​មិន​អញ្ចឹង​ទេ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​តាម ដាន​ការប្រកួត​ពិបាក​ក្នុងការ​តាមដាន។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ​ដើម្បី​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល​បាន​ចាប់​ផ្តើម​បង្កក​ថវិកា​សម្រាប់​រៀប​ចំ​ពិធី​នោះ​តាំងពី​ឥឡូវ​ទៅ​ហើយ។ ព្រោះ យើង​មិន​ចង់​ឲ្យ​មានការ​ចាយលុយ​ជា​គំហុក​នៅ​ក្នុង​ឆ្នាំ​២០២៣ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថវិកាជាតិ​នោះទេ។

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា «​ប៉ុន្មាន​ថ្ងៃមុន​សម្តេច​បាន​ចុះហត្ថលេខា​បង្កក​ថវិកា​ចំណាយ​មួយ​ភាគ ​គឺ​លុយ​នេះ​ត្រូវ​ចូល​ទៅ​ក្នុង​គណនី​មួយ​សម្រាប់​ការរៀបចំ​ប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣ ដែល​ត្រូវការ​ថវិកា​ច្រើន តែ​វា​មិន​រំខាន​ទៅដល់​ថវិកា​ឆ្នាំ ២០២៣ ដែល​ធ្វើ​ឲ្យ​ធ្ងន់​ដល់​ថវិកា​ឆ្នាំ២០២៣ នេះ​ជា​របៀប​ចាយ​ជំនិត​ត្រសក់​»។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ​ការ​បញ្ជូន​កីឡា​ទៅ​ហ្វឹកហាត់​ដើម្បី​ចាប់​យក​នៅ​មេដៃ​ឲ្យ​បាន​ច្រើន​វា​ជា​រឿង​មួយ​ហើយ​។ ក៏ប៉ុន្តែ​នៅ​ទី​នេះ​ត្រូវ​ចង់​ចាំ​ឲ្យ​ច្បាស់​ថា​ យើង​មាន​តួនាទី​ជា​ម្ចាស់ផ្ទះៗ​ដូច្នេះ​កិច្ចការ​ពីរ​ដែល​ត្រូវ​ធ្វើ​ទី​១.​ត្រូវ​ធ្វើ​ម្ចាស់ផ្ទះ​ដែលមាន​ការទទួលខុសត្រូវ ហើយ​ដែល​ការប្រព្រឹត្តទៅ​នៃ​ការប្រកួត​ត្រូវ​ឲ្យ​មាន​ភាព​រលូន​ពី​ដើម​ដល់​ចប់ មិន​ធ្វើ​ឲ្យ​កីឡាករ​កីឡាការិនី​និង​អ្នកដឹកនាំ​នៃ​ប្រទេស​នានា​ដាក់​ទឹកចិត្ត​ហើយ​ធ្វើ​ឲ្យ​ខូច​នៅមុខ​មាត់​របស់​ប្រទេស​នោះ​ទេ។ មេដៃ​ជា​រឿង​ទី២ទេ ប៉ុន្តែ​រឿង​ធានារ៉ាប់រង​ក្នុង​ឋានៈ​ជា​សមាជិក​អាស៊ាន​តែ​មាន​ការទទួលខុសត្រូវ​ធ្វើ​កិច្ច​ការងារ​នេះ​ឲ្យ​ច្បាស់​ គឺ​មិន​ឲ្យ​កីឡាករ​កីឡាការិនី​តែ​មកពី​ប្រទេស​នានា​បាក់​ទឹកចិត្ត ហើយ​ទៅវិញ​និយាយ​ដើម​ពី​កម្ពុជា​នោះទេ។ សម្តេច​បន្តថា​ ការ​ទទួល​ខុសត្រូវ​ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​ជា​ចំណុច​ធំ​ជាង​គេ​ប្រសិនជា​មិនបាន​មេដៃ​ក៏​ហី​ទៅ​ចុះ​ ប៉ុន្តែ​ត្រូវ​ខិតខំ​រៀបចំ​ការប្រកួត​ឲ្យ​បាន​ត្រឹមត្រូវ​ទាំង​បើក​បាន​ត្រឹមត្រូវ ទាំង​បិទ​បាន​ត្រឹមត្រូវ ដើម្បី​ពេល​គេ​ត្រឡប់​ទៅកាន់​ប្រទេស​វិញ កម្ពុជា​គឺជា​ប្រទេស​ដែល​គួរ​ឲ្យ​ចង់​ចាំ​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម​នៅទីនេះ​។ សម្តេច​បន្តថា​ យើង​ក្រ​ពិត​ក៏ប៉ុន្តែ​យើង​កុំ​ឲ្យ​ក្រ​មារយាទ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ឲ្យ​ដឹង​ផង​ដែរ​ថា យើង​ត្រូវ​បើក​ស៊ី​ហ្គេម​ចំ​រដូវក្តៅ​ទៀត​ដោយ​កំណត់​យក​ថ្ងៃ​សុក្រ​ទី៥ ឧសភា​ឆ្នាំ ២០២៣​។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ​ហេតុ​អី្វ​បានជា​យក​ថ្ងៃនេះ​ដោយសារ​ខែកក្កដា ឆ្នាំ២០២៣ គឺជា​ឆ្នាំ​ដែល​យើង​ត្រូវ​ធ្វើ​ការបោះឆ្នោត​ដូច្នេះ​តាម​ធម្មតា​យើង​ត្រូវ​ធ្វើ​ឲ្យ​ច្បាស់​យើង​អ្នកទទួលខុសត្រូវ ប្រសិនជា​ពន្យារ​ទៅ​នៅ​ក្រោយ​បោះឆ្នោត គឺ​វា​មិន​ងាយស្រួល​ទេ​។​ ម្យ៉ាង​យើង ត្រូវ​ធ្វើ​ខួប​លើក​ទី៦០ឆ្នាំ នៃ​ថ្ងៃបុណ្យ​ឯករាជ្យ​របស់​កម្ពុជា​ដែលជា​ខួប​ធំ​ផងដែរ ។ ម្យ៉ាងទៀត​ក្រោយ​ការបោះឆ្នោត​យើង​មានការ​រវល់​ណាស់ណា​រៀបចំ​រាជរដ្ឋាភិបាល រៀបចំ​គណៈរដ្ឋមន្ត្រី រួចហើយ​ត្រូវ​ប្រជុំ​រៀបចំ​ផែនការ​ច្រើន​ណាស់​រវល់​អញ្ចឹង​ដើម្បី​កុំ​ឲ្យ​លំបាក​ទៅ​ដល់ពេល​នោះ​យើង​ត្រូវធ្វើ​មុនពេល​បោះឆ្នោត។

សូម​បញ្ជាក់​ថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិតនៅ​សង្កាត់​ព្រែក​តា​មាក់ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។ ពហុ​កីឡដ្ឋាន​នេះ មាន​ចម្ងាយ ១២​គីឡូម៉ែត្រ ពី​វត្តភ្នំ សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង ៨៥​ហិកតា​។ ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ឈរ​លើ​ទស្សនទាន​បៃតង «Green Sport» ដោយមាន​សំណង់​អគារ​តែ ៣០​ភាគរយ​ប៉ុណ្ណោះ ហើយ ៧០​ភាគរយ ជា​តំបន់​បៃតង មាន​ដូច​ជា​ដើមឈើ ស្មៅ និង​ទឹក​… ហើយក៏​មានការ​កាត់បន្ថយ​ប្រើប្រាស់​ថាមពល​អគ្គិសនី ដោយ​ប្រើប្រាស់​បច្ចេកទេស​រចនា​ប្លង់ ដែល​មាន​ខ្យល់​ចេញចូល និង​ពន្លឺ​ព្រះអាទិត្យ​ចេញចូល​គ្រប់កន្លែង​។

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គ្រោង​ចំណាយ​ថវិកា​សាងសង់​ចន្លោះ​ពី ១០០​លាន ទៅ​២០០​លាន​ដុល្លារ​អាមេរិក ដែល​ថវិកា​មួយ​ភាគ​ធំ ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន​។ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​ពហុ​កីឡដ្ឋាន​ជាតិ ដ៏​ទំនើប​មួយ​របស់​កម្ពុជា ដែល​សាងសង់​ឡើង ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣។

បច្ចុប្បន្ន​ការសាងសង់​ពហុ​កីឡដ្ឋាន​នេះ ស្ថិត​ក្នុង​ដំណើរការ​សាងសង់​ដំណាក់កាល​ទី​២ គឺ​ការសាងសង់​ពហុ​កីឡដ្ឋាន​ធំ ប្រើ​សម្រាប់​ជាទី​លាន​ប្រកួត​បាល់ទាត់ កីឡា​បាល់​ឱប និង​កីឡាអត្តពលកម្ម​។ ពហុ​កីឡដ្ឋាន​នេះ​សាងសង់​ឡើងលើ​ផ្ទៃដី​ទំហំ​ជាង ១៦​ហិកតា អាច​ផ្ទុក​អ្នកទស្សនា​បាន​រហូតដល់​ទៅ ៦​ម៉ឺន​នាក់។

ក្នុង​ពហុ​កីឡដ្ឋាន​ធំ​នេះ​ ក៏​មាន​សណ្ឋាគារ​ចំនួន​៣៤​បន្ទប់​,​ហាង​លក់ទំនិញ​សំលៀក​បំពាក់​កីឡា ឧបករណ៍ សម្ភារៈ​កីឡា​គ្រប់​ប្រភេទ និង​ផលិតផល​ផ្សេងៗ​, មាន​បំពាក់​កន្លែង​កម្សាន្ត​រប​ស់​កុមារ​, មាន​សាល​ហាត់​កីឡា​មួយ​ចំនួន​ក្រោម​អគារ​ធំ ហើយ​លក្ខណៈ​ពិសេស​នោះ​ របស់​កីឡដ្ឋាន​ធំ​នេះ គឺ​មាន​ច្រក​សុវត្ថិភាព​ច្រើន ដែល​អាច​រំដោះ​មនុស្ស ៦​ម៉ឺន​នាក់​ក្នុង​រយៈ​តែ ៧​នាទី​ប៉ុណ្ណោះ​។

ការសាងសង់​ដំណាក់កាល​ទី​២ ក៏​ជិត​នឹង​បញ្ចប់​ហើយ​ផងដែរ ដោយ​គ្រោង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ចុងឆ្នាំ​២០២០។

ដោយឡែក​ការ​សាងសង់​ដំណាក់កាល​ទី​១ រួមមាន​មណ្ឌល​កីឡាហែលទឹក​អន្ដរជាតិ​, មណ្ឌលកីឡា​ក្នុង​សាល​, អគារ​ស្នាក់នៅ​កីឡា​, តារាង​បាល់ទាត់​សម្រាប់​កម្ដៅ​សាច់ដុំ​, តារា​បាល់ទះ​, តារាង​បាល់បោះ​, តារាង​កីឡា​វាយ​កូន​បាល់ និង​សាល​ហាត់​កីឡា​ប្រយុទ្ធ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ តាំងពី​ខែមេសា ឆ្នាំ​២០១៧​។ រីឯ​ដំណាក់កាល​ទី​៣ ដែល​ជា​ដំណាក់កាល​ចុងក្រោយ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​ចាប់ផ្ដើម​សាងសង់ ក្រោយ​បញ្ចប់​ការសាងសង់​កីឡដ្ឋាន​ធំ ឬ Main Stadium៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114