ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ៖​ កម្ពុជា​បាន​ទិញ​អាវុធ​បន្ថែម​ពី​ចិន​ជិត​៤០ លាន​ដុល្លារ

ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ធ្វើ​ការ​បញ្ជាក់​ឲ្យ​ដឹង​ថា សម្តេច​ទើបនឹង​ចុះហត្ថលេខា​សម្រេច​ផ្តល់​ថវិកា​ជិត ៤០លាន​ដុល្លារ​ ដើម្បី​ទិញ​សព្វាវុធ​ពី​ប្រទេស​ចិន​យក​មក​ពង្រឹង​សមត្ថភាព​កងទ័ព​របស់​កម្ពុជា។ សម្តេច​បាន​បន្ត​ថា អាវុធ​ទាំងនោះ​កំពុងតែ​ដឹក​តាម​នាវា​ជិត​មកដល់​កម្ពុជា​ហើយ។

ការប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ក្នុងឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រី​កីឡា និង​កីឡាករ កីឡាការិនី និង​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ «​មរតក​តេ​ជោ​»​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ថវិកា​ទិញ​សព្វាវុធ​ថ្មី​ជិត​៤០​លាន​ដុល្លារ​អាមេរិក​នេះ ​គឺ​បន្ថែម​លើទឹក​ប្រាក់ ២០០​លាន​ដុល្លារ ដែល​បាន​ឲ្យ​ពីមុន​និង ៩០​លាន​ដុល្លារ​លើក​ក្រោយ​ក្នុងពេលដែល​ស​ម្តេចទៅ​ចិន។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា «​ខ្ញុំ​ចង់​ពង្រឹង​សមត្ថភាព​កងទ័ព​ខ្ញុំ​មាន​ខ្លាច​អី​មកដល់​កំពង់សោម អ្នកឯង​មើល​ក៏​មើល​ទៅ ឃើញ​ក៏​ឃើញ​ទៅ វា​មាន​ស្អី ប្រទេស​ណា​គ្មាន​កាំភ្លើង នៅ​លើ​លោក​នេះ​តើ​ប្រទេស​ណា​អត់​កាំភ្លើង? កាំភ្លើង​នៅ​កម្ពុជា​វា​ចាស់ៗ​បន្តិច​ហើយ អញ្ចឹង ខ្ញុំ​ឲ្យ​ទិញ​ប៉ុន្មាន​ម៉ឺន​ដើម​ថែមទៀត​យក​មក​ស្តុក​ទុក​បំពាក់ ដក​អា​ចាស់​បញ្ចេញ​អា​ថ្មី យក​អា​ចាស់​មក​ជួសជុល​ប្រទេស​មួយ​អត់​កាំភ្លើង​យ៉ាងម៉េច​»។

​សម្តេច​បន្តថា ឆ្នាំមុន សម្តេច ទៀ បាញ់ សុំ​ទិញ​តែ ២៥​លាន​ដុល្លារ​ទេ តែ​ឆ្នាំនេះ​សម្តេច​បញ្ជា​ទិញ​ដោយផ្ទាល់​តែម្តង ឲ្យ​រៀបចំ​គម្រោង​ស្នើ​លុយ​ទៅ​ពី​ចិន​តែ​ម្តង នេះ​និយាយ​ឲ្យ​ត្រង់ៗ​តែ​ម្តង។ ព្រោះ​ខ្ញុំ​ឃើញ​ពេល​កងទ័ព​ហ្វឹកហាត់​តែង​ធ្វើ​លិខិត​មក​ខ្ញុំ​ស្នើ​បាញ់​គ្រាប់​ពិត​ក្នុង​ពេល​ហ្វឹកហាត់។ ដូចនេះ ត្រូវតែ​អនុញ្ញាត​ឲ្យ​បាញ់​គ្រាប់​ពិត​ឲ្យ​បាន​ច្រើន​បន្តិច​កុំ​គ្រាន់តែ​តម្រង់​ចោល វា​មិន​មាន​ប្រសិទ្ធភាព​នោះទេ។ គេ​បាញ់​គ្រាប់​ពិត​គ្រប់​តែ​គ្នា ហេតុ​អី​គេ​ធ្វើ​បាន យើង​ធ្វើ​មិនបាន។ សម្តេច​បាន​បញ្ជាក់​ផងដែរ​ថា កម្ពុជា​គ្មាន​ផែនការ​ប្តូរ​ប្រព័ន្ធ​អាវុធ​នោះ​ទេ វា​ចំណាយ​លុយ​ច្រើនណាស់ ហើយ​ម្យ៉ាងទៀត​ប្រព័ន្ធ​អាវុធ​ថ្មី​នោះ​ ប្រសិន​ជាមាន​បញ្ហា​គេ កិ​ច​កុក​តែ​បន្តិច​នោះ​យើង​ពិតជា​លំបាក​ហើយ។ កម្ពុជា​ប្រើ​ប្រព័ន្ធ​អាវុធ​កម្ពុជា​ប្រើ​រាល់ថ្ងៃ​គឺ​ទិញ​ពី​ប្រទេស​ណា​ក៏បាន សម្បូរ​បែប​រាប់ទាំង​តំបន់​អឺរ៉ុប មាន​អតីត​សហភាពសូវៀត​ផង​ដែរ។

សម្តេច​តេ​ជោ​បន្ត​ថា សម្តេច​ជា​មេដឹកនាំ​ប្រទេស សម្តេច​ត្រូវតែ​គិតគូរ​អំពី​កងទ័ព​។​ សម្តេច​បាន​បន្ត​ថា ព្រះមហាក្សត្រ​គឺជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ការពារ​ជាតិ ចំណែក​នាយករដ្ឋមន្ត្រី​ជា​អនុប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ការពារជាតិ ដែល​ដឹកនាំ​នយោបាយ​ក្នុង​និង​ក្រៅ​ប្រទេស​ គឺជា​កិច្ចការ​ប្រតិ​ប​តិ្ត​របស់​នាយករដ្ឋមន្ត្រី​ដែលមាន​ភារកិច្ច​ធ្វើ​ការងារ​ទាំងអស់។

​ជា​មួយ​នេះ សម្តេច​ក៏បាន​បង្ហាញ​ផង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ម្សិលម្ង៉ៃ​(២៧ កក្កដា​) ចំណូល​ពន្ធគយ មាន ២៥០​លាន​ដុល្លារ រួច​ទៅ​ហើយ ប៉ុន្តែ​សម្រាប់​នៅសល់ ៣​ថ្ងៃ​ទៀត​ខែ​នេះ គឺ​អាច​ឡើង​ដល់ ២៨០ លាន​ដុល្លារ ព្រោះ​ក្នុង​មួយថ្ងៃ​ចូល​ប្រមាណ ១០លាន​ដុល្លារ ថវិកា​ពន្ធដារ​ក្នុង​និង​ចំណូល​មិនមែន​សារពើពន្ធ ខែ​នេះ​យើង​មាន​ប្រាក់ចំណូល​ប្រមាណ ៥០០​លាន​ដុល្លារ។

សម្តេច​បាន​បន្ត​ថា កម្ពុជា​ក៏​ត្រូវ​វិនិយោគ​ខ្លួនឯង​ក្នុង​មួយ​ឆ្នាំ​ប្រមាណ​៧០០ ទៅ ៨០០លាន​ដុល្លារ ផងដែរ ដើម្បី​ធ្វើ​ផ្លូវថ្នល់​ធ្វើ​ប្រឡាយ​ទឹក ធ្វើ​មន្ទីរពេទ្យ ធ្វើ​ស្ពាន ធ្វើ​អ្វីៗ ។ ឆ្នាំនេះ កំណើន​សេដ្ឋកិច្ច​អាច​នឹង​លើ ៧,១% នេះ​ជា​កំណើន​សេដ្ឋកិច្ច​សរុប។

ជា​មួយ​គ្នា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​រិះគន់​ចំពោះ​ក្រុម​ប្រឆាំង​ដែល​និយាយ​ថា​ឥឡូវ​រដ្ឋាភិបាល​អស់​លុយ​ហើយ​ដោយសារ​អាមេរិក​ធ្វើ​ច្បាប់​រកតែ​លុយ​បើកប្រាក់​ខែ​ឲ្យ​មន្ត្រីរាជការ​អត់​បាន។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ផ្តាំ​ទៅ​ពួក​ទាំងនោះ​ថា បើ​ទោះ​បី​គ្មាន​ប្រាក់​ចំណូល​បន្ថែម​ក៏​ហ៊ុន សែន​មានលទ្ធភាព​បើកប្រាក់​ខែ​ឲ្យ​មន្ត្រីរាជការ​លើស​ពី ១​ឆ្នាំ សូម​ប្រាប់​ឲ្យ​បាន​ភ្លឺ​ភ្នែក​។

សម្តេច​តេ​ជោ​បន្តថា ដោយ​មិន​គិត​ប្រាក់​បម្រុង​អន្តរជាតិ​ប្រមាណ១៥​ពាន់​លាន​សាច់ប្រាក់ ​ដែល​មាន​រតនាគារ និង​ផ្ញើ​នៅ​ធនាគារ​ជាតិ​ឡើង​ជិត ១៤​លាន​លាន​រៀល​(១​លាន​លាន​រៀល​វា​ស្មើនឹង ២៥០​លាន​ដុល្លារ) ដូចនេះ​វា​មាន​ប្រមាណ​ជាង ៣០០០​លាន​ដុល្លារ៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114