ព័ត៍មានទាន់​ហេតុការណ៏
Search

ឃ្លាំង​ស្តុក​សម្ភារៈ​រោងការ​មួយ​ បាន​ឆាបឆេះ​សល់​តែ​គ្រោងឆ្អឹង​ដោយសារ​ភ្លើង​កន្ទុយបារី​បុគ្គលិក

សៀមរាប ​៖ ​អគ្គិភ័យ​បាន​ឆាបឆេះ​បន្ទប់​ឃ្លាំង​ស្តុក​សម្ភារៈ​ជួល​រោងការ​បណ្តាល​ឲ្យ​ខូចខាត​អស់​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ ដោយ​សារ​តែ​បុគ្គលិក​បាន​បោះ​កន្ទុយបារី​បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។ ហេតុការណ៍​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង ១២​និង​៣០​នាទី​ថ្ងៃទី​២៩​ ខែកក្កដា ​ឆ្នាំ​២០១៩ ​ក្នុង​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ជិត​ស្ថានីយ​សាំង​សូ​គី​មិច​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ឃ្លាំង​ឈ្មោះ លឹម ភក្តី ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ មុខរបរលក់ដូរ រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប​។ បណ្តាល​ឲ្យ​រង​ការខូចខាត ឃ្លាំង​ដាក់​សម្ភារៈ ធ្វើ​អំពី​ដែក ជញ្ជាំង​ស័ង្កសី​ប្រក់​ស័ង្កសី ប្រវែង​៧​គុណ​៨ ម៉ែត្រ (​ខូចខាត​ទាំងស្រុង​)​និង​សម្ភារៈ​ប្រើប្រាស់​រួមមាន ឡា​បូ​លាងដៃ​២៦​គ្រឿង​.​ចាន​បង្គន់​២៦​គ្រឿង​.​កំរាល​ព្រហ្ម​ចំនួន ២៥ ដុំ​. ផ្កាជ័រ​តម្លៃ​ប្រហែល ៧០០០​ដុល្លារ​សរុប​ជា​ទឹកប្រាក់​ប្រហែល ៥​ម៉ឺន​ដុល្លារ​អាមេរិក​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នោះ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ០៨​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​កង​រាជ អាវុធហត្ថ​ខេត្ត​០៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៤​ឡាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ០៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៤​ឡាន ពន្លត់​ចប់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​១៣​និង​២០​នាទី។ ​ករណី​នេះ​ មិន​មាន​រាលដាល​ទៅផ្ទះ​អ្នក​ដទៃ​នោះទេ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ករណី​នេះ​ មូលហេតុ​គឺ​បណ្តាល​មក​ពី បុគ្គលិក​បោះ​កន្ទុយបារី​បណ្តាល​ឲ្យ​ឆេះ​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114