ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងកសិកម្ម​ហាមឃាត់​ការប្រើប្រាស់​បសុ​ឱសថ Diclofenac ដើម្បី​ជួយ​ដល់​ការ​អភិរក្ស​សត្វ​ត្មាត​

ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានសម្រេច​ហាមឃាត់​ជាបន្ទាន់​ក្នុង​ការ​លក់ និង​ការប្រើប្រាស់​ប​សុ​ឱសថ​ឌី​ក្ល​ហ្វេ​ណាក់ (Diclofenac) នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​វិធានការ​នេះ ធ្វើឡើង​ដើម្បី​ការពារ​សត្វ​ត្មាត​ដេ​ល​សេសសល់​នៅ​កម្ពុជា ហើយ​ស្ថិតក្នុង​ស្ថានភាព​កំពុងតែ​ថយចុះ និង​មានការ​គំរាមកំហែង​ឈាន​ទៅ​រក​ការ​ផុត​ពូជ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៩ ខែកក្កដា បាន​ឲ្យ​ដឹង​ថា ប្រភេទ​សត្វ​ត្មាត​ទាំងអស់​ដែល​មាន វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​កម្ពុជា​។ ហេតុនេះ​វិធាន​ការដែល​ចែង​ក្នុង​សេចក្តីប្រកាស​ចេញ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ គឺ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការពុល​ដោយសារ​ធាតុ​ឌី​ក្រូ​ហូ​ណាក់ (Diclofenac) ទៅលើ​ពួកវា ខណៈ​ដែល​សារធាតុពុល​នៃ​ថ្នាំ​គីមីកសិកម្ម​ដទៃ​ទៀត ដូចជា​ប្រភេទ​ថ្នាំ​កាបូ​ហ្គ​ន (carbofuran) នៅតែ​បង្ក​ហានិភ័យ​ខ្ពស់​ធ្វើ​ឲ្យ​ថយ​ចុះ​នូវ​ចំនួន​សត្វ​ត្មាត​ក្នុង​ប្រទេស​កម្ពុជា​។ ឥណ្ឌា កាលពី​អតីតកាល គឺជា​ប្រទេស​ដែល​មាន​ចំនួន​សត្វ​ត្មាត​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ពោល​គឺ​មាន​រហូត​ទៅដល់​រាប់​លាន​ក្បាល តែ​ចំនួន​សត្វ​ត្មាត​ដែល​មាន​ក្នុង​ប្រទេស​នេះ ប្រមាណ​ជា​៩៩​ភាគរយ ត្រូវបាន​បាត់បង់​ដោយសារតែ​ការប្រើប្រាស់​ថ្នាំ​ឌី​ក្ល​ហ្វេ​ណាក់ (Diclofenac) ក្នុងការ​ព្យាបាល​សត្វ​ពាហនៈ​។ ការបាត់បង់​ស្ទើរតែ​គ្មាន​វត្តមាន​របស់​ពពួក​សត្វ​ស៊ី​សាកសព​ជា​អាហារ​នេះ​ពី​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី បាន​បង្ក​ឲ្យ​ឥណ្ឌា​កើតមាន​វិបត្តិ​សុខភាព​សាធារណៈ​ដ៏​ធំ​មួយ ពោល​គឺ​សាកសព​សត្វពាហនៈ​រាប់​លាន​ក្បាល​ ត្រូវ​បាន​គរ​ចោល​ដោយ​គ្មាន​អ្នក​ស៊ីសំ​អាត​។ ទន្ទឹមនឹងនោះ ជំនួស​វិញ​ដោយ​ចំនួន​ឆ្កែ​អនាថា​មានការ​កើន​ឡើង ដែល​នេះ គឺជា​មូលហេតុ​បណ្តាល​ឲ្យ​មាន​កំណើន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​។ ហេតុ​ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា បាន​ធ្វើ​ការ​ហាមឃាត់ ការ​នាំ​ចូល និង​ការប្រើប្រាស់​ថ្នាំ​ព្យាបាល​ឪ​ក្ល​ហ្វេ​ណាក់ (Diclofenac) នេះ ដោយ​លើក​កម្ពស់​ក្នុង​ការ​ប្រើប្រាស់​ប​សុ​ឱសថ​ប្រភេទ​មេ​លុក​ស៊ី​ខេ​ម (meloxicam) ជំនួស​វិញ ព្រោះ​វា​ជា​ប្រភេទ​ប​សុ​ឱសថ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​សត្វ​ដូចគ្នា ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​សត្វ​ត្មាត​។ ក្រោយ​ដាក់​ចេញ​នូវ​បម្រាម បច្ចុប្បន្ននេះ​មាន​ភស្តុតាង​បង្ហាញ​អំពី​ការកើនឡើង​វិញ​នៃ​ចំនួន​សត្វ​ត្មាត​នៅក្នុង​ប្រទេស​ឥណ្ឌា។

ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា (CvWG) ដែល​ជា​ក្រុមការងារ ដែល​មាន​ការ​រួម​ផ្ដុំ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​អភិរក្ស​មួយ​ចំនួន ដើម្បី​ធ្វើការ​អភិរក្ស​សត្វ​ត្មាត​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ​។ សត្វ​ត្មាត​នៅ​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ឈាន​ទៅ​រក​ការ​វិនាស​ផុត​ពូជ​យ៉ាងខ្ពស់ ដោយ​ផ្អែក​លើក​លទ្ធផល​នៃ​ការអង្កេត​តាមដាន​ចាប់ពី​ផ្តើម​គម្រោង​រហូតដល់​បច្ចុប្បន្ន​យើង​ឃើញ​ថា សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុ​ជា​មាន​ធ្លាក់ចុះ​ប្រមាណ​ជា​៥០​ភាគរយ​។ ការ​បំពុល និង​ការបាត់បង់​ទីជម្រក គឺជា​មូលហេតុ​ចម្បង ដែល​បណ្តាល​ឲ្យ​សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា​មានការ​ធ្លាក់ចុះ។

យោង​តាម​លទ្ធផល​ជំរឿន​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​២០១៩​នេះ ​បាន​បង្ហាញ​ថា សត្វ​ត្មាត​មានតែ​១២០​ក្បាល​ប៉ុណ្ណោះ ត្រូវបាន​កត់ត្រា​ក្នុង​តំបន់​សំខាន់ៗ​ទាំងអស់ ដែល​មាននៅ​កម្ពុជា​។ នៅ​ឆ្នាំ ២០១៨ ប​សុ​ឱសថ​ឌី​ក្លូ​ហ្វ​ណាក់ (diclofenac) ត្រូវ​បាន​រក​ឃើញ​ដាក់​លក់​ជា​លើកដំបូង​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ដោយ​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា និង​ក្រោយមក​ក្រុម​ការ​ងារ​នេះ បាន​ស្នើ​ទៅ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ឲ្យ​មានការ​ហាមឃាត់​ប​សុ​ឱសថ​ប្រភេទ​នេះ។ មួយ​ឆ្នាំ​ក្រោយមក នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ប្រកាស​ហាមឃាត់​ការ​នាំ​ចូល ការចែក​ចាយ ផ្គត់ផ្គង់ (​រួមទាំង​ការ​ប្រមូល​យក​វិញ​ពី​ទីផ្សារ​) និង​ការប្រើប្រាស់​ប​ឱសថ​ប្រភេទ​នេះ ក្នុង​គោលបំណង​ដើម្បី​ជៀសវាង​ការ​កើត​មាននូវ​គ្រោះមហន្តរាយ​ដូច ដែល​បាន​កើតឡើង​រួចហើយ នៅ​ប្រទេស​ឥណ្ឌា​។

ទាក់ទង​បញ្ហា​នេះ លោកស្រី​វេជ្ជបណ្ឌិត Julia Stenkat បសុពេទ្យ​ប្រចាំ​អង្គការ ACCB បាន​បញ្ជាក់​ថា “​ថ្នាំ​ព្យាបាល​សត្វ​ឌី​ក្រូ​ហូ​ក់ (Diclofenac) មិន​បង្ក​គ្រោះថ្នាក់​ចំពោះ​សត្វ​ពាហនៈ និង​សត្វ​ចិញ្ចឹម​ដទៃ​ទៀត​នោះ​ទេ ប៉ុន្តែ​ជា​មូលហេតុ​ធ្វើ​ឲ្យ​សត្វ​ត្មាត​ស្លាប់​បាន ប្រសិនបើ​ពួកគេ​ទៅ​ស៊ី​សាកសព​សត្វ​ពាហនៈ ដែល​មុន​ពេល​ស្លាប់​បាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​”​។

ចំណែក​លោក​បណ្ឌិត នូ វរ​នី​កា ប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​បសុព្យាបាល នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​អះអាង​ថា “​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​យល់​យ៉ាង​ច្បាស់​អំពី​កត្តា​អវិជ្ជមាន​នៃ​ប​សុ​ឱសថ​ឌី​ក្ល​ហ្វេ​ណាក់ (Diclofenac) ចំពោះ​សត្វ​ត្មាត​នៅ​កម្ពុជា ក៏ដូចជា​ផលវិបាក ដែល​អាច​កើតមាន​ចំពោះ​សុខភាព​មនុស្ស​ផងដែរ​។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​សេចក្តី​សោមនស្ស​រីករាយ ដែល​ក្រម​ការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​បាន​ធ្វើ​កិច្ចសហការ​ក្នុង​ការ​ចេញ​ជា​សេចក្តីប្រកាស​នេះ​”​។

លោក សេង ទៀក នាយក​ប្រចាំ​ប្រទេស​កម្ពុជា នៃ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) បាន​អបអរសាទរ​ចំពោះ​សេចក្តី​សម្រេច​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​បាន​បញ្ជាក់​ថា “​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយសង្គ្រោះ និង​ការពារ​សត្វ​ត្មាត​របស់​កម្ពុជា​ពី​ការ​ផុត​ពូជ​ដោយ​រង​ផល​ប៉ះពាល់​ពី​ការប្រើប្រាស់​ប​សុ​ឱសថ​ឌី​ក្ល​ហ្វេ​ណាក់ (diclofenac)​ក្នុង​គោលបំណង​ព្យាបាល​សត្វពាហណៈ​។ សេចក្តី​សម្រេច​នេះ ចាំបាច់​ត្រូវតែ​ធ្វើការ​ផ្សព្វផ្សាយ អនុវត្តន៍​ច្បាប់ និង​ត្រួតពិនិត្យ​តាមដាន​ទៅលើ​ដំណើរការ​នៃ​ការអនុវត្ត​”​។

កញ្ញា នី ណែ​គឺ អ្នក​សម្រប​សម្រួល​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា និង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​ថ្លែង​ដែរ​ថា “​កិច្ច​បន្ត​ចាប់​ពី​ពេល​នេះ គឺ​ត្រូវ​ធានាថា ​អាជ្ញាធរ​ខេត្ត​ដែល​ពាក់ព័ន្ធ​មាន​ការយល់​ជ្រួល​ជ្រាប​អំពី​សេចក្តី​ប្រកាស​ហាមឃាត់​នេះ និង​ដោយមាន​ការ​គាំទ្រ​ពី​ក្រម​ការងារ​អភិរក្ស​ត្នោត​កម្ពុជា អនុវត្ត​តាម​វិធាន​ដែល​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​”​។ កញ្ញា​បន្ត​ថា “​សេចក្តី​ប្រកាស​ដែល​ចេញ​ដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នេះ​គឺជា​វិធានការ​ដែល​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​អភិរក្ស​សត្វ​ត្មាត ប៉ុន្តែ​យើង​ក៏​នៅតែ​បន្ត​ធ្វើការ​យ៉ាងសកម្ម​ថែមទៀត ដើម្បី​ទប់ស្កាត់​ការ​បំពុល​សត្វ​ត្មាត​ដោយ​ថ្នាំ​គីមី​កសិកម្ម​ផ្សេងទៀត ដែល​ក្នុងនោះ​រួមមាន កាបូ​ហូ​រាន​(carbofuran) និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​កាបូ​ម៉ែត​(carbomate) ព្រោះ​វា​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​ផងដែរ​”​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ដែរ​ថា សមាជិក​ស្នូល នៃ​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​រួមមាន ក្រសួងបរិស្ថាន​(MoE), ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ (MAFF), អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​កម្មវិធី​ប្រចាំ​កម្ពុជា (​អ្នក​សម្របសម្រួល​ក្រម​ការងារ​), មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចំរុះ (ACCB), អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS), អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) ហើយ​គម្រោង​អភិរក្ស​សត្វ​ត្មាត​នៅ​កម្ពុជា ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ពី Allwetterzoo Monster, Humanscale, មូលនិធិ John D, and Catherine T, MacArthur,​មូលនិធិ​អភិរក្ស​ប្រភេទ​ពូជ Mohamed Bin Zayed, អង្គការ​Royal Society for the Protection of Birds និង​មូលនិធិ​អភិរក្ស​សត្វព្រៃ​សិង្ហ​បុរី (WRS)៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114