ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ទាំងយប់ ក្នុងពេល​កំពុង​ធ្វើ​សកម្មភាព​

បាត់ដំបង ៖ មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ម្នាក់ ដែល​កន្លងមក​តែង​ធ្វើ​សកម្មភាព​ជា​ញឹកញាប់ ត្រូវបាន​កម្លាំង​ជំនាញ នៃ​អធិការ​ក្រុង​បាត់ដំបង ធ្វើការ​ឃាត់ខ្លួន​បាន​ទាំងយប់ ខណៈដែល​ជនសង្ស័យ​រូបនេះ​កំពុង​ប្រព្រឹត្ត​នូវ​សកម្មភាព​ជាក់ស្តែង​។​

លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការ​នគរបាល​ក្រុង​បាត់ដំបង​បាន​បញ្ជាក់ថា​ កិច្ច​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង៧យប់ នៅ​ចំណុច​ក្រុមទី៣ ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។​

លោក​អធិការ​បាន​បន្ថែម​ថា នៅក្នុង​កិច្ចប្រតិបត្តិការ​នោះដែរ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន បាន​ប្រតិបត្តិការ​បង្ក្រាប ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​១​ករណី ក្នុង​បទល្មើស​ជាក់ស្ដែង គឺ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ទ្បា​យ ផល្លី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។​

ជាក់ស្ដែង​កម្លាំង​ជំនាញ បាន​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក ចំនួន​៥​កូន​ថង់ និង ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង បច្ចុប្បន្ន​ក្រោយពី​ការឃាត់ខ្លួន​ និង​សាកសួរ​ទទួល​បាន​ចម្លើយ​សារភាព​រួចមក សមត្ថកិច្ច បាន​បន្ត​សហការ​ធ្វើកា​រ​ឆែកឆេរ​លំនៅដ្ឋាន​ជនសង្ស័យ ដោយ​បាន​រក​ឃើញ ដាវ​សាំ​ម៉ូ​រៃ ១ដើម និង ថង់​ប្លាស្ទិក​សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួន។ ករណីនេះ ​គឺ​បានប្រគល់​ទៅ​ឲ្យ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាត់ដំបង​ហើយ៕

ដោយ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114