ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​ខេត្ត​កំពត​ បា​ន​ចាប់​ផ្ដើម​កសាង​ខ្លោងទ្វារ​ថ្មី​នៅ​ពហុ​កីឡដ្ឋាន​ខេត្ត​ហើយ​

កំពត ៖ ខ្លោងទ្វារ​ថ្មី​ពហុ​កីឡដ្ឋាន​ខេត្ត ដែលជា​គម្រោង​របស់រ​ដ្ឋ​បាល​ខេត្តកំពត​ ត្រូវបាន​ចាប់ផ្ដើម​កសាង​ឡើង​ហើយ កាលពី​រសៀល​ថ្ងៃទី​២៩​ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​វត្តមាន​ចូលរួម​ពី លោក ជាវ តា​យ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​និង​លោក ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​តាមបែប​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយ​មានការ​និមន្ត​ព្រះសង្ឃ​ និង​មាន​ការ​ចូលរួម​ផងដែរ​ពី​ថ្នាក់ដឹកនាំ​ខេត្ត​និង​មន្ទីរ អង្គភាព មន្ត្រីរាជការ​ជុំវិញ​ខេត្ត សិស្ស​ និស្សិត ​និង​ប្រជាពលរដ្ឋ​ លោកយាយ លោកតា ប្រកបដោយ​ក្ដី​អំណរ​សាទរ​។​

មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ ​លោក ជាវ តា​យ អភិបាលខេត្ត​បានដឹងថា​ ៖​ តាម​គម្រោង​សាងសង់ ខ្លោងទ្វារ​ថ្មី​ពហុ​កីឡដ្ឋាន​ខេត្ត​នេះ មាន​រយៈពេល​សាងសង់​យ៉ាងយូរ​៣​ខែ ជា​គម្រោង​របស់​រដ្ឋបាល​ខេត្តកំពត​ ដោយមាន​ក្រុម​ទទួល​ការងារ​សាងសង់​ពី​សាលា​រចនា​មាន​បទ​ពិសោធន៍​ធ្លាប់​ទទួល​សាងសង់​នូវ​អាគារ​សំខាន់ៗ​របស់​រដ្ឋបាលខេត្ត​ផងដែរ​។

លោក​អភិបាលខេត្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្តកំពត​ ក៏ដូចជា​នៅក្នុង​ទូទាំងប្រទេស​ គឺជា​គម្រោង​គោលដៅ​បម្រើ​ឲ្យ​ប្រយោជន៍​ប្រជាពលរដ្ ឋ​ក៏​ដូច​សាធារណជន​ទូទៅ ហើយ​ដោយឡែក​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​រដ្ឋបាល​ខេត្ត​កំពត ​បាន​និង​កំពុង​ជំរុញ​អនុវត្ត​សាងសង់​ចាប់ពីពេលនេះ​តទៅ ​ក៏​ដើម្បី​រួមចំណែក​បម្រើ​ឲ្យ​ដល់​នូវ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ជុំ​ទី​២​លើក​ទី​៨​ ចុងឆ្នាំ​២០១៩​ ដែល​ខេត្តកំពត ​ធ្វើជា​ម្ចាស់ផ្ទះ ​ក្រោម​វត្តមាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ជាមួយគ្នានេះ លោក ជាវ តា​យ អភិបាលខេត្ត​ក៏បាន​សំណូមពរ​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ ចូលរួម​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ ដើម្បី​ជំ​រុញ​ឲ្យ​ការងារ​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​របស់​រដ្ឋបាល​ខេត្ត​ សម្រេចបាន​នូវ​លទ្ធផល​ជោគ​ជ័យ​ និង​ឆាប់រហ័ស​ផងដែរ​។​

ក្នុងឱកាស​នោះ​ លោក ជាវ តា​យ ​អភិបាលខេត្ត ​ក៏បាន​ជូន​ថវិកា​មួយចំនួន​ដល់​លោកយាយ លោក​តា ចាស់ៗ​ផងដែរ​។​

សូមបញ្ជាក់ថា​ គម្រោង​សាងសង់​ខ្លោងទ្វារ​ថ្មី​ពហុ​កីឡដ្ឋាន​ខេត្ត​នេះ​ គឺជា​ការ​អនុវត្ត​តាម​រចនាបថ​ប្លង់​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​ និង​សុរិយោដី​ខេត្តកំពត មាន​ច្រក​ផ្លូវចេញចូល​ភ្លោះ​មាន​ទំហំ​៤៨​ម៉ែត្រ កម្ពស់​១១​ម៉ែត្រ ​អ្នកទទួល​ការងារ​សាងសង់​ដោយ​ក្រុមការងារ​ពីសា​លា​រចនា ​នៃ​រាជធានី​ភ្នំពេញ​៕

ដោយ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114