ព័ត៍មានទាន់​ហេតុការណ៏
Search

រមណីយដ្ឋាន​ពាម​ក្រសោប ត្រូវបាន​គណៈកម្មាធិការ​ជាតិ វាយតម្លៃ​ទីក្រុង​ស្អាត ទទួលស្គាល់​ជា​សួន​ទេសចរណ៍​ស្របតាម​ស្តង់ដារ​

កោះកុង ​៖ ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ពាម​ក្រសោប ត្រូវបាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នៃ​ក្រសួងទេសចរណ៍ ទទួល​ស្គាល់​ជា​សួន​ទេសចរណ៍​ស្របតាម​ស្តង់ដារ ប្រភេទ​ទី​១ ខ្នាតតូច។

រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​មួយ​នេះ ស្ថិត​ក្នុង​ភូមិ​បាង​កា​យ៉ាក ឃុំ​ពាម​ក្រ​សោប ស្រុក​មណ្ឌលសីមា មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកោះកុង​។​

មន្ត្រីរដ្ឋបាល​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ពាម​ក្រសោប ត្រូវបាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នៃ​ក្រសួងទេសចរណ៍​ទទួល​ស្គាល់​ថា ជា​សួន​ទេសចរណ៍​ស្របតាម​ស្តង់ដារ និង​ជា​សួន​ទេសចរណ៍​ប្រភេទ​ទី​១ ខ្នាតតូច ក្រោយពី​រមណីយដ្ឋាន​នេះ ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០០៤ ហើយ​បាន​វិវត្ត​ខ្លួន​ពី​ភូមិ​សហគមន៍​មួយ រហូត​បានផ្តល់​ជា​សេវាកម្ម​ទេសចរណ៍ ដែល​មាន​ព្រៃ​កោងកាង​សម្បូរ​ដោយ​ជីវ​ចម្រុះ ដែលជា​ចំណុច​ទាក់ទាញ​ចំណាប់អារម្មណ៍ របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។​

រមណីយដ្ឋាន​នេះ មាន​ឆ្នេរ​ខ្សាច់ ស្ពាន​យោល សត្វ​កម្រ​ផ្សេងៗ និង​ការ​ជិះ​ទូក​លេង​កម្សាន្ត​នៅ​តាម​ដងព្រែក​។ កត្តា​ទាំងនេះហើយ បានធ្វើ​ឲ្យ​រមណីយដ្ឋាន​ពាម​ក្រសោប បាន​ចូលរួមចំណែក​យ៉ាង​សកម្ម ក្នុងកា​រ​លើក​ស្ទួយ​កម្រិតជីវភាព របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នា​ពេល​បច្ចុប្បន្ន​។​

មានប្រសាសន៍​ក្នុងឱកាស នៃ​ដំណើរ​ទស្សនកិច្ច​ក្នុង​តំបន់​សហគមន៍​ពាម​ក្រសោប លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មាធិការ​ទី​៧ នៃ​រដ្ឋសភា បាន​កោតសរសើរ​ចំពោះ​ស្មារតី របស់​សហគមន៍ ក្នុង​ការ​ស្រឡាញ់ និង​ថែរក្សា​សម្បត្តិ​ធម្មជាតិ ព្រមទាំង​ចេះ​ប្រើប្រាស់​ធនធានធម្មជាតិ ដើម្បី​លើកកម្ពស់​ជីវភាព​ក្នុង​សហគមន៍​ប្រកបដោយ​និរន្តរភាព​។​

នាឱកាស​នោះ លោក ហ៊ុន ម៉ា​នី ក៏បាន​លើកទឹកចិត្ត​ដល់​សហគមន៍​ឲ្យ​បន្ត​ការពារ​ថែរក្សា និង​កែច្នៃ​រមណីយដ្ឋាន​អេកូ​ទេសចរ​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​អ្នកទេសចរ​មកកាន់​ខេត្ត​កោះកុង​ឲ្យ​បាន​កាន់​តែ​ច្រើន​នា​ថ្ងៃ​អនាគត​។​

លោក ហ៊ុន ម៉ា​នី ថ្លែង​បែបនេះ​ បន្ទាប់ពី​បាន​ជួបប្រជុំ​ជាមួយ​រដ្ឋបាល​ខេត្ត​កោះកុង កាលពី​ព្រឹក​ថ្ងៃទី​២៩​កក្កដា ក្នុងឱកាស​ដែល លោក​បាន​បញ្ចប់​កិច្ច​ដឹកនាំ​គណៈប្រតិភូ នៃ​គណៈកម្មការ​ទី​៧ នៅ​សាលា​ខេត្ត​កោះកុង រួច​ក៏​អញ្ជើញ​បន្ត​ដំណើរ​ទស្សនកិច្ច​ទៅ​រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ​ពាម​ក្រសោប ដើម្បី​ស្វែងយល់​បន្ថែម​ពី​ស្ថានភាព​ទេសចរណ៍​នៅ​តំបន់​នោះ៕

ដោយ​ ៖ លឹម ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114