ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា រង​បរាជ័យ ទល់នឹង ម៉ាឡេស៊ី ២-០ ក្នុង​ប្រកួត​ទី​២ នៅ AFF U-15 Championship

ក្នុងការ​ប្រកួត ពានរង្វាន់ AFF U-15 Championship 2019 នៅ​ប្រទេស​ថៃ ក្នុង​ថ្ងៃ​ប្រកួត​ទី​ពីរ​នេះ កម្ពុជា បាន​ប្រកួត​ចាញ់ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី អាយុ​ក្រោម ១៥​ឆ្នាំ ដោយ​លទ្ធផល ២ ទល់នឹង ០ នៅ​ទីលាន​បាល់ទាត់ Chonburi Campus Stadium 2 ក្នុង​ទីក្រុង ឈុន បូរី ប្រទេស​ថៃ នា​រសៀល​ថ្ងៃអង្គារ ទី​៣០ ខែកក្កដា​។​

គ្រាប់​បាល់​ទាំង ២​គ្រាប់​នោះ កើតឡើង​នៅក្នុង​វគ្គ​ទី​២ នៃ​ការប្រកួត ពោលគឺ​នៅ​នាទី ៦០ និង ៦៤ ជាហេតុ​នាំឱ្យ​ម៉ាឡេស៊ី រក​ថែម​បាន ៣​ពិន្ទុ​ទៀត បន្ត​ឈរ​កំពូល​តារាង​ពូ​ល B ក្រោយ​ឈ្នះ ២​ប្រកួត​ជាប់​គ្នា ។ នេះ​គឺជា​បរាជ័យ​ទី​២​របស់​កម្ពុជា បន្ទាប់ពី​ចាញ់​អូស្ត្រាលី ៣-១ កាលពី​ប្រកួត​បើកឆាក។

បរាជ័យ​នេះ នាំ​ឲ្យ​កម្ពុជា ប្រឈមមុខ​នឹង​ការ​ធ្លាក់​ចេញពី​ពូ​ល ខណៈ​នៅសល់ ៣​ប្រកួត​ទៀត​ដែល​នឹងត្រូវ​ដណ្តើម​យក​ពិន្ទុ​ដូចជា ជាមួយ​ថៃ នៅ​ថ្ងៃ​ទី១ ខែសីហា ជាមួយ ព្រុយ​ណេ នៅ​ថ្ងៃទី៣ និង ជាមួយ​ឡាវ នៅ​ថ្ងៃទី៥ ដែលជា​ប្រកួត​បិទ​ពូ​ល។

ក្នុង​ថ្ងៃ​ជាមួយគ្នានេះ​ផង​ដែរ អូស្ត្រាលី ក៏បាន​ដណ្តើម ៣​ពិន្ទុ​ថែមទៀត ពី​ឡាវ ដោយ​លទ្ធផល​ឈ្នះ ៣-០ នាំ​ឲ្យ​ពួកគេ​មាន ៦​ពិន្ទុ​ក្នុង​ដៃ ស្មើ​ជាមួយ​ម៉ាឡេស៊ី មានន័យថា​ពួកគេ​ទាំងពីរ គឺជា​បេក្ខភាព​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឡើង​ទៅកាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី៧ ខែសីហា ខាងមុខ។

នៅ​ក្នុង​ពូ​ល A ឯនោះ​វិញ ទី​ម័​រ​ខាងកើត និង ឥណ្ឌូនេស៊ី មាន ៦​ពិន្ទុ​ដូចគ្នា ក្រោយ​ឈ្នះ​ទាំង ២​ប្រកួត ស្រប​ពេល​ដែល វៀតណាម និង មី​យ៉ាន់​ម៉ា ដែល​ជា​ក្រុម​គេ​រំពឹង​ថា ​ខ្លាំង​ក្នុង​ពូ​ល​នោះ បែរជា​មិន​ទទួលបាន​លទ្ធផល​សម​ប្រកប​ឡើយ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114