ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ជាតិ​អប្សរា​ បើក​វគ្គ​បណ្ដុះបណ្ដាល ​ស្តីពី​ការដាក់​ឲ្យ​ប្រើប្រាស់​ពាក្យ​បច្ចេកទេស​ទាក់ទង​នឹង​កុលាលភាជន៍​

សៀមរាប​ ៖ ​វិស័យ​កុលាលភាជន៍​នៅក្នុង​ប្រទេស​កម្ពុជា ចាប់ផ្ដើម​រីកចម្រើន​ និង​មានការ​ស្រាវជ្រាវ​ច្រើន​បន្ទាប់ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​ស្ថាប័ន​ជាតិ​-​អន្តរជាតិ ​បាន​រក​ឃើញ​ឡ​ចំនួន​ជាង​១០​ទីតាំងនៅ​តំបន់​អង្គរ​តាំងពី​ឆ្នាំ​១៩៩៥ និង​បាន​ស្រាវជ្រាវ​ដឹង​ពី​ប្រភេទ​កុលាលភាជន៍​ ដែល​ផលិត​នៅតាម​ឡ ​និង​ការប្រើប្រាស់​នៅក្នុង​តំបន់​អង្គរ ក៏ប៉ុន្តែ​ខ្មែរ​នៅ​ពុំទាន់​បាន​ចង​ក្រង​ពាក្យ​បច្ចេកទេស​ទាក់ទង​នឹង​ការហៅ​ឈ្មោះ​កុលាលភាជន៍ ​និង​ឡ​ទាំងអស់នោះ​ជា​ផ្លូវការ​នៅ​ឡើយ​។

ដូច្នេះហើយ ចាប់ពី​ថ្ងៃទី​២៩​ ដល់​ ៣១ ខែ​កក្កដា ឆ្នាំ​២០១៩ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​ និង​តម្កល់​ឯកសារ​អង្គរ បាន​អញ្ជើញ​ស្ថាប័ន​ជាតិ​មកពី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ រាជបណ្ឌិតសភា សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សារមន្ទីរ​ជាតិ​ភ្នំពេញ អាជ្ញាធរ​ជាតិ​ព្រះវិហារ មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ខេត្ត​កោះកុង បន្ទាយមានជ័យ និង​បាត់ដំបង ដើម្បី​រៀបចំ​សិក្សា​សាលា ​ស្តីពី «​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ពាក្យ​បច្ចេកទេស​ទាក់ទង​នឹង​កុលាលភាជន៍​»​។​

ទាក់ទង​នឹង​ការពិភាក្សាគ្នា​ដើម្បី​បង្កើត​ពាក្យ​បច្ចេកទេស​ហៅ​កុលាលភាជន៍​នេះ លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ អ្នកជំនាញ​កុលាលភាជន៍​បានឲ្យ​ដឹងថា «​កន្លងមក​សាស្ត្រាចារ្យ Joyce White នៃ​សាកលវិទ្យា​ល័យ Pennsylvania សហរដ្ឋអាមេរិក​បាន​បង្កើត​ពាក្យ​បច្ចេកទេស​ហៅ​កុលាលភាជន៍​ជា​ភាសា​​អង់​គ្លេស ថៃ វៀតណាម ឡាវ ជប៉ុន ប៉ុន្តែ​មិនមាន​ជា​ភាសា​ខ្មែរ​ទេ​»​។​

អ្នកជំនាញ​រូបនេះ​បន្តថា «​វា​មាន​ប្រយោជន៍​ណាស់​ក្នុង​ការហៅ​កុលាលភាជន៍​ខ្មែរ​ឲ្យ​ចំ​ទៅនឹង​ពាក្យ​បច្ចេកទេស កុំ​ឲ្យ​ហៅ​ខុស​ពាក្យ ហើយ​ហៅ​ផ្សេងគ្នា​ដោយ​មិន​ច្បាស់លាស់ ដើម្បី​ជា​ការលើកតម្លៃ​កុលាលភាជន៍​ខ្មែរ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ថា​ខ្មែរ​យើង​ចេះ​ផលិត​កុលាលភាជន៍​រឹង​តាំងពី​សម័យអង្គរ មុន​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ តែ​គេ​បែរជា​មានការ​ប្រើប្រាស់​ពាក្យ​បច្ចេកទេស​ហៅ​បាន​ត្រឹមត្រូវ​»​។​

លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ បន្តថា «​បើ​យើង​មិន​កំណត់​ឈ្មោះ​លើ​វត្ថុ​នោះទេ យើង​មិនដឹងថា ​ត្រូវ​ហៅ​វត្ថុ​នោះ​យ៉ាងម៉េច​ទេ ឲ្យ​ត្រូវ​នឹង​មុខងារ​ប្រើប្រាស់ ដូចជា​ខួច​សម្រាប់​ដាក់​វត្ថុ​រាវ ឆ្នាំង​សម្រាប់​ចម្អិន​អាហារ​ជាដើម​។ ចំពោះ​ការហៅ​ឈ្មោះ​នេះដែរ គឺ​យោងទៅលើ​មុខងារ​ប្រើប្រាស់ ​នៃ​ប្រភេទ​ភាជន៍​បច្ចុប្បន្ន ហើយ​ប្រៀបធៀប​នឹង​ភាជន៍​ដែល​យើង​រកឃើញ​ពី​អតីតកាល​។ ម្យ៉ាងទៀត ជួនកាល​នៅ​តំបន់​អង្គរ​គេ​ហៅ​ភាជន៍​នេះ​ថា ​បែបនេះ តែ​តំបន់​ផ្សេង​គេ​ហៅថា​ខុសពី​នោះ​។ ដូច្នេះ សិក្ខាសាលា​នេះ​ក៏​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការហៅ​ឈ្មោះ​ពី​តំបន់​ផ្សេងៗ​គ្នា​ដែរ ដើម្បី​រក​ឈ្មោះ​ឲ្យ​បាន​ច្រើន និង​ប្រើប្រាស់​ត្រឹមត្រូវ​តាម​បរិបទ ​នៃ​វប្បធម៌​របស់​តំបន់​នីមួយៗ​។

សូម​បញ្ជាក់​ដែរ​ថា រយៈពេល​បី​ថ្ងៃ​ នៃ​សិក្ខាសាលា​នេះ នឹង​បង្រៀន​អំពី​ការស្រាវជ្រាវ​កុលាលភាជន៍​ខ្មែរ ពិភាក្សាគ្នា​អំពី​ពាក្យ​បច្ចេកទេស​នៃ​កុលាលភាជន៍​ទាំង​ភាសា​ខ្មែរ​ និង​អង់គ្លេស ការចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​បុរាណ ថតរូប​ឯកសារ បញ្ចូល​ទិន្នន័យ​ក្នុង​កុំព្យូទ័រ ការជួសជុល និង​ថែរក្សា​វត្ថុ​បុរាណ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​បំពេញការងារ​ប្រចាំថ្ងៃ ​និង​ជា​ឯកសារ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការស្រាវជ្រាវ​ទៅ​អនាគត​។​

សិក្ខាសាលា​នេះ​ ក៏​ជាការ​អនុវត្ត​ទៅតាម​អនុសាសន៍​របស់លោក ប្រាក់ សុណ្ណ​រ៉ា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ដែលជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្នុងពេល​បិទ​សិក្ខាសាលា​អំពី​ការគ្រប់គ្រង អភិរក្ស និង​ជួសជុល​កុលាលភាជន៍​កាលពី​ឆ្នាំ​២០១៧ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​អប្សរា ​និង​សាកលវិទ្យាល័យ​ហា​វ៉ៃ ​នៃ​សហរដ្ឋអាមេរិក​៕​

ដោយ ​៖​ កុសល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114