ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន រួម​នឹង​ថ្នាំញៀន​មួយចំនួន​

​បាត់ដំបង ៖ ជនសង្ស័យ​ដែលជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​អធិការ​នគរបាល​ក្រុង​បាត់ដំបង ធ្វើការ​ឃាត់ខ្លួន ព្រមទាំង​បានធ្វើ​ការដកហូត​នូវ​ថ្នាំញៀន​មួយចំនួន​ផងដែរ ខណៈដែល​ជនសង្ស័យ​រូបនេះ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង។​

លោក​អធិការ ឆាង វណ្ណ​ឆៃ បាន​បញ្ជាក់ថា កិច្ចប្រតិបត្តិការ​រប​ស់​ផ្នែក​ជំនាញ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង៤និង៤៥នាទី​ល្ងាច នៅចំណុច​ក្រុមទី​០៣ ភូមិ​វត្ត​រកា សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។​

លោក​អធិការ​បាន​បន្តថា នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន បានធ្វើការ​បង្ក្រាប១​ករណី ក្នុង​បទល្មើស​ជាក់ស្តែង ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ១នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។​

ជនសង្ស័យ​មាន ឈ្មោះ អ៊ិន ខេមរា ហៅ ប៊ិ​ប ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំ​ប៉ូវ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ព្រមទាំង​បាន​ដកហូត​នូវ​វត្ថុតាង​មួយចំនួន​រួមមាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន០៣​ថង់ (​ធំ​០១​ថង់ តូច​០២​ថង់​) ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ មួយចំនួន​ផងដែរ។ បច្ចុប្បន្ន​ ជនសង្ស័យ​ ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តហើយ ក្នុងការ​ចាត់​វិធានការ​បន្ត៕

ដោយ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114