ព័ត៍មានទាន់​ហេតុការណ៏
Search

អុជ​ធូប​ថ្ងៃសីល ឲ្យ​ដូនតា​កុងម៉ា ទេវតា​ជួយ​រក​ស៊ី​មាន​បាន តែ​ក្លាយ​ជា​សោកនាដកម្ម​ ភ្លើង​ឆេះ​ផ្ទះ​អស់​

ភ្នំពេញ ​៖​ ផ្ទះ​១​ខ្នង​សង់​អំពី​ថ្ម​ក្រោម​ឈើ​លើ​ជា​ផ្ទះ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់​ ខណៈ​រូបគាត់ អុជ​ធូប​សែន​ថ្ងៃសីល​នៅ​លើ​ផ្ទះ ​រួច​ចុះមក​លាង​កែវ​នៅ​ខាងក្រោម​ស្រាប់តែ​ឆេះ​កំប៉ុង​ជើង​ធូប​រោលរាល​ឆេះ​ក្នុងផ្ទះ​យ៉ាង​សន្ធោសន្ធៅ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដ​ល់​បង​ប្អូន​ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍ ​តែ​មិនអាច​គ្រប់គ្រង​បាន ក៏​ឆេះ​គ្មាន​សល់​អស់ទាំង​ទ្រព្យសម្បត្តិ ​ប្លង់ដី​ និង​ប្លង់​ផ្ទះ តែ​ទោះជា​យ៉ាងណា មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។​

ហេតុការណ៍​នេះ​ បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី ​ព្រឹក​ថ្ងៃទី​៣១​ ខែកក្កដា ​ឆ្នាំ​២០១៩ នៅ​ភូមិ​ស្នួល​ខ្ពស់ សង្កាត់​កំបូល ខណ្ឌ​កំបូល​។ ម្ចាស់ផ្ទះ​ឈ្មោះ​ហួត ​ច​ន្ធូ ភេទ​ស្រី​ អាយុ​៥៨​ឆ្នាំ មុខរបរ​កសិករ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ​កើត​ហេតុ​ខាង​លើ។

តា​មការ​រៀប​រាប់ទាំង​ទឹកភ្នែក​របស់​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា មុនពេល​កើត​ហេតុរូប​គាត់​បាន​អុច​ធូប​សែន​ ដោយសារ​ថ្ងៃនេះ​ជា​ថ្ងៃសីល ហើយ​បាន​ចុះមក​ខាងក្រោម​ផ្ទះ​ដើម្បី​លាង​កែវ ​ខណៈ​ដែល​លាង​រួច​រូបគាត់​ក៏បាន​ឡើង​ទៅ​លើផ្ទះ​វិញ​ ស្រាប់តែ​ឃើញ​ភ្លើង​កំពុង​ឆេះ ​ភ្លាមនោះ​រូបគាត់​បាន​ព្យាយាម​ពន្លត់​ដោយ​មិនបាន​ស្រែកហៅ​អ្នកជិតខាង​នោះទេ​។

ប្រភព​បន្ដថា ពេលនោះ​ដោយសារតែ​មិនអាច​គ្រប់គ្រង​បាន ​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ទៅៗ​ ឆោឡោ​ស្រែ​ក​ហៅ​អ្នកភូមិ​មកជួយ​ពន្លត់ ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ ​តែ​ជា​អកុសល​ភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​គ្មាន​សល់​អស់ទាំង​ទ្រព្យសម្បត្តិ​មួយចំនួនធំ និង​ប្លង់ដី ប្លង់​ផ្ទះ​ដែល​គាត់​ទើប​នឹង​យក​ពី​ធនាគារ​ឆេះ​គ្មាន​សល់​។ ផ្ទះ​ខាង​លើ​មាន​ទំហំ​ទទឹង​៦​ម៉ែត្រ​ បណ្ដោយ​៨​ម៉ែត្រ ឈើ​លើ​ថ្ម​ក្រោម​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការ​​នេះ​ប្រើប្រាស់​អស់​ឡានទឹក​ចំនួន​៤​គ្រឿង​រថយន្ត​របស់​សាលាខណ្ឌ​កំបូល​មួយគ្រឿង ​និង​របស់​អង្គភាព​៧១១​ចំនួន​៣​គ្រឿង​៕

ដោយ ៖ វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114