ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់

សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​បានដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif​។​

​រដ្ឋាភិបាល​បានប្រកាសថា ការដាក់ទណ្ឌកម្ម​នេះ​បាន​បង្កក​ទ្រព្យសម្បត្តិ​ណាមួយ​របស់លោក Zarif នៅក្នុង​សហរដ្ឋអាមេរិក​ឬ​ទ្រព្យសម្បត្តិ​ដែល​គ្រប់គ្រង​ដោយ​អង្គភាព​នានា​របស់​សហរដ្ឋអាមេរិក​។ រដ្ឋាភិបាល​ក៏បាន​និយាយ​ផងដែរ​ថា ខ្លួន​ក៏​នឹង​កាត់បន្ថយ​ការធ្វើដំណើរ​អន្តរជាតិ​របស់គាត់​ផងដែរ​។​

​រដ្ឋមន្ត្រីក្រសួង​រតនា​គា​រលោក Steven Mnuchin បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​លោក Zarif បាន​អនុវត្ត​របៀបវារៈ​ដែល​មិនចេះ​ពិចារណា​របស់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​និង​ជា​អ្នកនាំពាក្យ​ចម្បង​របស់​របប​នេះ​នៅ​ជុំវិញ​ពិភពលោក​”​។​

​ការដាក់​លោក Zarif នៅក្រោម​ទណ្ឌកម្ម​ដូចគ្នា​ដែល​បាន​អនុវត្ត​ចំពោះ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei នេះ​គឺជា​ការវាយប្រហារ​ចុងក្រោយ​បំផុត​របស់លោក​ប្រធានាធិបតី Donald Trump ចំពោះ​ការប៉ុនប៉ង​របស់​រដ្ឋ​បាល​លោក Obama ដើម្បី​បញ្ចប់​ភាព​តានតឹង​នុយក្លេអ៊ែរ​តាមរយៈ​ការចរចា​។​

​លោក Zarif គឺជា​ចំណុច​សំខាន់​នៃ​កិច្ចពិភាក្សា​ដ៏​ស្មុគស្មាញ​ជាមួយ​មន្ត្រី​បរទេស​ជុំវិញ​ឧស្សាហកម្ម​ថាមពលនុយក្លេអ៊ែរ​រប​ស់​អ៊ីរ៉ង់​ដែល​ក្រុង​តេ​អេ​រ៉ង់​និយាយថា​មាន​សន្តិភាព​ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​រួមទាំង​អ៊ីស្រាអែល​ផងដែរ​បាន​អះអាងថា​វា​ជាការ​បិទបាំង​សម្រាប់​កម្មវិធី​អាវុធ​សម្ងាត់​។​

​ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​របស់លោក Trump បាន​និយាយថា រូបភាព​ការទូត​របស់លោក Zarif គឺ​មិន​ពិត​ទេ​។ មន្ត្រី​រូបនេះ​បាន​និយាយថា “​ថ្ងៃនេះ លោក​ប្រធានាធិបតី Trump បាន​សម្រេចចិត្ត​គ្រប់គ្រាន់​ហើយ​”​។ មន្ត្រី​ដដែល​បាន​ចោទប្រកាន់​លោក Zarif ថា​មាន​មុខងារ​ជា​រដ្ឋមន្ត្រី​ឃោសនា​មិនមែនជា​រដ្ឋមន្ត្រីការបរទេស​ទេ​។​

​ក្រៅពី​ការប៉ុនប៉ង​បង្កក​ទ្រព្យសម្បត្តិ ទីក្រុង​វ៉ាស៊ីនតោន​ក៏​នឹង​គាបសង្កត់​សមត្ថភាព​របស់លោក Zarif ក្នុងការ​បំពេញមុខ​ងា​រ​ជា​អ្នកការទូត​ពិភពលោក​ផងដែរ​។ គាត់​ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​បន្តទៅ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​បើទោះបីជា​ស្ថិតក្រោម​ការ​រឹតត្បិត​ក៏ដោយ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114