ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ប្រទេស​កូរ៉េ ចុះ​ជួយ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ដោយ​ឥត​គិត​ថ្លៃ​

​កំពង់ឆ្នាំង​ ៖ ដោយមាន​ការ​ទំនាក់ទំនង​ល្អ លើ​វិស័យ​មនុស្សធម៌ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រទេស​កូរ៉េ បាន​ចុះជួយ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​ដោយ​ឥតគិតថ្លៃ នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត មាន​រយៈពេល៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣១ ខែកក្កដា រហូតដល់​ថ្ងៃទី ០៤ ខែ​សីហា។

​លោក​វេជ្ជបណ្ឌិត គីម មី​យុន​ស៊ីន ប្រធាន​ក្រុម​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ប្រទេស​កូរ៉េ​បានឲ្យ​ដឹង​ថា ​៖ ពួកគាត់​មកពី​ទីក្រុង​សេ​អ៊ូ​ល នៃ​ប្រទេស​កូរ៉េ មកជួយ​ព្យាបាល​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង​ពេលនេះ​ជា​លើក​ទី​៤​ហើយ និង​បាន​កត់​សំគាល់​ថា ៖ មក​លើក​នេះ ពួកលោក​បានឃើញ​ខេត្ត​កំពង់ឆ្នាំង ពិតជា​មានការ​រីកចម្រើន​មែន​ គួរ​ឲ្យ​កោតសរសើរ។ ​

ដោយឡែក​ក្រុមគ្រូពេទ្យ​របស់​ពួកគាត់ មក​ប្រទេស​កម្ពុជា ចុះមក​ព្យាបាល​អ្នក​ជំងឺ​នៅ​ខេត្តកំពង់ឆ្នាំង ក្នុង​ពេលនេះ មាន​ក្រុមគ្រូពេទ្យ មាន​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា ដោយ​បាន​ធ្វើការ​បែងចែក​ជា​២​ក្រុម ក្នុងនោះ​មួយក្រុម​ព្យាបាល​ជំងឺ​ទូទៅ និង​មួយក្រុម ព្យាបាល​ជំងឺ​ធ្មេញ។

ការ​ព្យាបាល​ជំងឺ​ធ្មេញ គឺ​ធ្វើ​ឲ្យ​អ្នក​ដែល​គ្មាន​ធ្មេញ គឺ​នឹងមាន​ធ្មេញ​ប្រើប្រាស់ ឯ​ធ្មេញ​ដែល​បាក់​ខូច​គឺ​យើង​ប៉ះ​ព្យាបាល​ឲ្យជិត​ដូចដើម។ ការ​ចុះជួយ​ព្យាបាល​នេះ គឺ​ពួកគាត់​ចង់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​សុខភាព​ល្អ​ទាំង​ជំងឺ​ទូទៅ​ និង​ជំងឺ​មាត់​ធ្មេញ ហើយ​ក្នុង​រយៈពេល​ព្យាបាល​៥ថ្ងៃនេះ សង្ឃឹមថា​នឹង​មាន​ប្រជាពលរដ្ឋ​មក​ទទួល​ការព្យាបាល​ច្រើន ដែល​អាច​ទទួលបាន​សុខភាព​ល្អ បន្ទាប់ពី​ទទួល​ការ​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ​ពួកគាត់។

ប្រធាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​រូបនោះ បានបញ្ជាក់​ទៀតថា ​៖ ជានិច្ចកាល ឲ្យ​តែ​មកដល់​ប្រទេស​កម្ពុជា ពួកគាត់​ក៏​មិន​ភ្លេច​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត នៅ​ខេត្តសៀមរាប​ផងដែរ។ ដូច្នេះ​ពេល​ពួក​គាត់​មក​ប្រទេស​កម្ពុជា​ម្ដងៗ ពួកគាត់​មាន​សេចក្តី​រីករាយ​សប្បាយចិត្ត​យ៉ាងខ្លាំង ព្រោះ​បានធ្វើ​អំពើ​មនុស្សធម៌​ជួយ​ព្យាបាល​អ្នកជំងឺ​ដោយផ្ទាល់​ដៃ​ផង និង​បាន​ទស្សនា ប្រាសាទអង្គរវត្ត​ផង ដោយ​បាន​ចាត់​ប្រទេស​កម្ពុជា​ដូចជា​ប្រទេស​របស់គាត់​ដែរ។ ដូច្នេះ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រធាន​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​ប្រទេស​កូរ៉េ សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង អញ្ជើញ​មក​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ឲ្យ​បាន​ច្រើន ដែល​នឹង​អាច​ចូលរួម​លេង​ហ្គេម សប្បាយៗ​នឹង​ទទួល​បាន​រង្វាន់​ទៀត​ផង​ដែរ។

ដោយឡែក នៅ​រសៀល​ថ្ងៃទី​០១​សីហា នេះ ​លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​បានមក​ទទួល​ការ​ព្យាបាល​ប្រមាណ​ច្រើន​៧០​នាក់ ដែល​ក្នុង​ម្នាក់ៗ​មាន​ទឹកចិត្ត​សប្បាយរីករាយ​ត្រេកអរ​ក្រៃលែង ព្រោះថា​បើតាម​តម្លៃ​ នៃ​ការដាក់​ធ្មេញ​របស់​ពេទ្យ​ឯកជន​នៅក្នុង​ខេត្ត​មានតម្លៃ​ថ្លៃ​ណាស់ តែ​នេះ​បានការ​ព្យាបាល​ដោយ​មនុស្សធម៌ ដែល​ពិតជា​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​៕

ដោយ ៖ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114