ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​រាជធានី​ភ្នំពេញ ​កំពុង​ស្ថាបនា​ផ្លូវ​ខាងក្រោយ​វត្ត​ទួល​ខណ្ឌ​ឫស្សី​កែវ​

ភ្នំពេញ ៖ ក្រោយពី​ទទួល​បាន​ការ​សំណូម​ពី​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​ការផ្សាយ​ទូរទស្សន៍ កាសែត អំពី​បញ្ហា​ផ្លូវ​ខូច ដោយសារ​រថយន្ត​ធុន​ធំ​ជា​អ្នក​បំផ្លាញ ឥឡូវ​រហូតមកដល់​ពេលនេះ​បញ្ហា​ផ្លូវ​ខូច​នោះ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ស្ថាបនា​ជា​ផ្លូវ​បេតុង នេះ​បើ​យោង​តាម​ការ​រៀប​រាប់​ពី​ក្រុមការងារ​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​ទីនោះ។​

ប្រភព​ព័ត៌មាន​ប្រាប់​បន្ត​ឲ្យ​ដឹងថា ផ្លូវ​ដែល​កំពុង​ស្ថាបនា​ជា​ផ្លូវ​បេតុង​នេះ គឺ​ស្ថិតនៅ​ខាងក្រោយ​វត្ត ទួល​សន្តិ​វ័ន ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ រាជ​ធ​នី​ភ្នំពេញ ប្រវែង​២៧០​ម៉ែត្រ ទំហំ​៨​ម៉ែត្រ កម្រាស់​២​តឹក ឆ្អឹង​ដែក គឺជា​គម្រោង​ស្ថាបនា​របស់​សាលា​រាជធានី​ភ្នំពេញ សម្រាប់​ពលរដ្ឋ​ប្រើប្រាស់។​

ផ្លូវ​នេះ​ចាប់ផ្ដើម​ស្ថាបនា កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​ការស្ថាបនា ប្រហែល​មួយ​សប្ដាហ៍​ទៀត ប៉ុន្តែ​ក្រោយពី​បញ្ចប់​ការស្ថាបនា​ហើយ​ក្តី ក៏​មិនទាន់​បើក​ឲ្យ​ដំណើរ​ដែរ ត្រូវ​ទុក​រយៈពេល​១​សប្ដាហ៍​បន្តទៀត ទើប​អាច​អនុញ្ញាត​ឲ្យ​យានយន្ត​បើកបរ​ទៅមក​បាន។​

ដោយ​ឃើញ​ផ្លូវ​ស្អាត​បែបនេះ​ពលរដ្ឋ​រស់នៅ​ទីនោះ ក៏បាន​សំណូមពរ​បន្ថែម​នូវ​ប្រព័ន្ធ​បង្ហូរទឹក​ផង​ដែរ ដោយសារ​តំបន់​ដែល​ពួកគាត់​រស់នៅ​រាប់​ឆ្នាំ​មកហើយ​មិនទាន់មាន​ប្រព័ន្ធ​លូ​ប្រើប្រាស់​នៅឡើយ។​

សូមបញ្ជាក់​ បើ​យោងតាម​ការរៀបរាប់​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ឲ្យ​ដឹងថា ផ្លូវ​នេះ​ពី​ដើមឡើយ គឺជា​ផ្លូវ​ដី​ពេល​ភ្លៀង​ម្តងៗ​លំបាក​ខ្លាំង​ណាស់ ទឹក​លិច​ផង រអិល​ផង ប៉ុន្តែ​ក្រោយមក​ត្រូវ​អាជ្ញាធរ​ស្ថាបនា​ជា​បេតុង។

ពលរដ្ឋ​ប្រាប់​បន្តថា នៅពេល​ឃើញបែបនេះ ពួកគាត់​មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង ប៉ុន្តែ​ទើបតែ​ស្ថាបនា​បាន​រយៈពេល​ប្រហែល​៤ ​ទៅ​៥​ឆ្នាំ ស្រាប់​តែមាន​រថយន្ត​ដឹកទំនិញ​ធុន​ធំ គ្រប់​ប្រភេទ ជា​ពិសេស​រថយន្ត​ដឹក​ថ្ម ដឹក​ខ្សាច់ ដើម្បី​សាងសង់ បុរី លឹម ឈាង​ហាក់ នៅ​ខាងកើត​វត្ត ទួល​សន្តិ​វ័ន រាប់​ខែ ធ្វើ​ឲ្យ​ផ្លូវ​១​ខ្សែ​នេះ ចេះតែ​ទ្រុឌទ្រោម​ទៅ​បន្តិច​ម្តងៗ រហូតមក​បច្ចុប្បន្ននេះ។​

ដោយ​ចង់​ថែរក្សា​ផ្លូវ ១​ខ្សែ​នេះ ឲ្យ​បាន​ប្រើប្រាស់​បាន​យូរ​អង្វែង ពលរដ្ឋ សូម​សំណូមពរ អាជ្ញាធរ​ខណ្ឌ​ឫស្សី​កែវ មេត្តា​ជួយ​ជួសជុល​ផ្លូវ​១​ខ្សែ​នេះ ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ចៀសវាង​ខូចខាត ទ្រុឌ​ទ្រោម​កាន់តែ​ធ្ងន់ធ្ងរ​បន្តទៀត​៕

​ដោយ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114