ព័ត៍មានទាន់​ហេតុការណ៏
Search

មួយ​ប៉ប្រិច​ភ្នែក​សោះ ​ផ្ទះមួយ​ខ្នង​សង់​ពី​ឈើ​ប្រក់​ស័ង្កសី ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេចខ្ទី​គ្មាន​សល់

បន្ទាយមានជ័យ​ ៖ ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ហ៊ុយ​ឡេង និង ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ​នាំគ្នា​ផ្អើល​ឈុល ​ដោយសារតែ​​​ផ្ទះ​មួយ​ខ្នង ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេចខ្ទី​អស់​គ្មាន​សល់​ ​​កាលពី​វេលា​ម៉ោង​១០និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៩ ខាងត្បូង​ផ្សារ​ហ៊ុយ​ឡេង ស្ថិតក្នុង​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

បើ​តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ​ម្ចាស់​ផ្ទះ​មានឈ្មោះ​ហ៊ុន​ សុ​ភី ភេទ​ស្រី ​អាយុ​៤៣​ឆ្នាំ និង​ប្តី​មានឈ្មោះ​គឹម​ លាង អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។ ផ្ទះ​របស់គាត់​មាន​បណ្ដោយ​៧​ម៉ែត្រ ​និង​ទទឹង​៥​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​​ ​ហើយ​នៅមុន​ពេល​កើតហេតុ​នោះ​ ប្រពន្ធ​បាន​ចេញ​ពី​ផ្ទះ​ទៅយក​កូន​ដែល​បានទទួល​សញ្ញាប័ត្រ ចំណែក​ប្តី​ក៏​ចេញពីផ្ទះ​ដែរ​ចាក់​ទ្វារផ្ទះ​ចោល ​ស្រាប់តែ​នៅ​ម៉ោង​១០​នោះ គេ​ឃើញ​ភ្លើង​ឆេះ​ចេញពី​ក្នុងផ្ទះ។​ មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​ភ្លើង​ឆេះ​ពេញ​ទំហឹង​តែម្តង​ ស្របពេលនោះ​មាន​ប្រជាពលរដ្ឋ​ជិត​ខាង និង​សមត្ថកិច្ច​ចម្រុះ ​មាន​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​ចំនួន​១៥​នាក់​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ស៊ីឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ នគរបាល​របស់​ស្នងការ​១៥​នាក់ និង​កម្លាំង​អាវុធហត្ថ​ចំនួន​៣០​នាក់ និង​រដ្ឋបាល​ក្រុង​សិរីសោភ័ណ ​ដឹកនាំ​ដោយ​លោក​នាង ​ហាវ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ និង​ក្រុង​សិរីសោភ័ណ​ចំនួន​៣​គ្រឿង ​នាំគ្នា​ជួយ​បាញ់​ពន្លត់ភ្លើង​យ៉ាង​សស្រាក់សស្រាំ​ មួយ​សន្ទះ​ក្រោយមក​ភ្លើង​បាន​រលត់​ជា​ស្ថាពរ​ ដោយ​គ្មាន​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​បន្តទៀត​នោះឡើយ​។

​លោក​វរសេនីយ៍ឯក​ស៊ីឌី​ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ មិនដឹងថា​គិត​ជា​ប្រាក់​អស់​ប៉ុន្មាន​នោះទេ​ ហើយ​បើតាម​អ្នកជំនាញ​ បានធ្វើការ​សន្និដ្ឋាន​ថា ​ផ្ទះ​ដែល​ឆេះ​នេះ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​ ព្រោះ​នៅ​តំបន់​នេះ​មាន​ខ្សែភ្លើង​រញ៉េរញ៉ៃ​ពេញ​តែ​កន្លែង​ភ្លើង​ឆេះ​តែម្ដង​។ ​ចំណែក​ម្ចាស់ផ្ទះ​បានត្រឹមតែ​អង្គុយ​យំ​លែងចេញ​ ស្រែកថា ​ខំ​រកស៊ី​អស់​មួយជីវិត​ហើយ ​សល់​លុយ​ផ្ទះ ​និង​អីវ៉ាន់​បន្តិចបន្តួច ​គ្រាន់​តែមួយ​ប៉ប្រិច​ភ្នែក​សោះ ​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ គេ​ថា​សុខចិត្ត​ឲ្យ​លិច​ទូក​កណ្តាល​ទន្លេ កុំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ សូម្បី​កណ្ដុរ​១​ក្បាល ​ក៏​មិន​សល់​ដែរ​៕

ដោយ ៖ ​គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114