ព័ត៍មានទាន់​ហេតុការណ៏
Search

ទីក្រុង​កំពត បាត់ដំបង ក្រចេះ ត្រូវ​បាន​ក្រសួងទេសចរណ៍ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ប្ដេជ្ញា​ជំរុញ​ការ​អភិវឌ្ឍ ជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ទី​២

​ភ្នំពេញ ៖ ខេត្ត​កំពត ខេត្ត​បាត់ដំបង និង​ខេត្តក្រចេះ ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ទី​២ (secondary urban tourism destination) បន្ទាប់ពី​គោលដៅ​ទេសចរណ៍​ធំៗ​របស់​កម្ពុជា ដូចជា សៀមរាប​-​អង្គរ រាជធានី​ភ្នំពេញ និង​តំបន់​ឆ្នេរសមុទ្រ ត្រូវបាន​ក្រសួងទេសចរណ៍ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បាន​ប្ដេជ្ញា​ជំរុញ​ការអនុវត្ត​គម្រោង «​ទីក្រុង​ប្រកបដោយ​បរិ​យា​ប័ន្ន​»​។​

​ប្រភពពី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ចំណុច​នេះ​ត្រូវ​បានលើកឡើង​នាឱកាស​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានអនុញ្ញាត​ឲ្យ​លោក Philippe Sternmetz នាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៩ ដើម្បី​ទទួល​អនុសាសន៍​នានា​ពី​ក្រសួងទេសចរណ៍ លើ​ការសិក្សា​លទ្ធភាព ​នៃ​គម្រោង​ខាងលើនេះ​។​

​លោ​ក​​រដ្ឋមន្ត្រី ថោង ខុន បានផ្តល់​ការគាំទ្រ​លើ​គម្រោង​ខាងលើ ដែល​កន្លងមក​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អង្គការ UNESCO បាន​សហការគ្នា​រៀបចំ​អភិវឌ្ឍន៍​ទី​ក្រុង​ទាំង​៣​ខា​ង​លើ ជាទី​ក្រុង​ទេសចរណ៍ វប្បធម៌​បេតិកភណ្ឌ និង​ជា​គោលដៅ​ទេសចរណ៍​ទី​២​ផងដែរ​។ ដើម្បី​ធានា​បាន​នូវ​ការ​ស្នាក់នៅ​រយៈពេល​យូរ របស់​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា ចាំ​ចាច់​ត្រូវមាន​ការអភិវឌ្ឍ​មួយ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។​

​លោក​រដ្ឋមន្ត្រី បានផ្តល់​ជា​ទស្សនវិស័យ​គន្លឹះ​សំខាន់ៗ ដល់​ក្រុម​ជំនាញការ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ក្នុង​ដំណើរ​កិច្ចសហប្រតិបត្តិការ​ជំរុញ​រៀបចំ​ក្រុង​ នៃ​ខេត្ត​ទាំងបី​ខាងលើនេះ​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន និង​ប្រធាន​គណៈប្រតិភូ បាន​វាយតម្លៃ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ទេសចរណ៍ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង នាពេល​កន្លងមក និង​បាន​ប្ដេជ្ញា​រួមគ្នា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​គ្នា​ឲ្យ​រឹតតែ​ខ្លាំង​ថែមទៀត ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​ល្អ​ប្រសើរ និង​ដើម្បី​បន្ត​ដើរតួនាទី​កាន់តែ​សំខាន់ ក្នុងការ​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ពិសេស​ដើម្បី​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​កាន់តែ​ច្រើន​ឡើង និង​បន្ត​ការ​ស្នាក់នៅ​យូរ​បន្ថែមទៀត​៕

ដោយ ៖ ឧ​ត្ត​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114