ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីការបរទេស​អាមេរិក​ផ្តល់​ភាព​យុត្តិធម៌​ដល់​កម្ពុជា លើ​ករណី​ចោទ​ថា ​មាន​មូលដ្ឋាន​កងទ័ព​ចិន​នៅ​ខេត្ត​ព្រះសីហនុ

​ភ្នំពេញ ​៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ពី​ភាព​វិជ្ជមាន​ដែល​លោក MiKe Pompeo រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី ២ ខែសីហា​នេះ​។

​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​បញ្ហា​ផ្សេងៗ​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានលើកឡើង​ពី​ភាព​វិជ្ជមាន​ដែល​លោក MiKe Pompeo រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៩។ តែ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ពុំបាន​និយាយ​ឲ្យ​បាន​លំអិត​ពី​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នោះទេ។

គួរ​បញ្ជាក់​ថា រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក MiKe Pompeo កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១ ខែសីហា​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការបដិសេធ​របស់​កម្ពុ​ជា​ទៅ​នឹង​ព័ត៌មាន​ដែល​ថា កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​កងទ័ព​ក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​ក៏បាន​កោតសរសើរ​កម្ពុ​ជា​ ចំពោះ​ការ​ប្ដេជ្ញា​ដ៏​ខ្លាំងក្លា​ក្នុង​ការ​ការពារ​បូរណភាព​ដែនដី​របស់​ខ្លួន​និង​បាន​លើកទឹកចិត្ត​ឲ្យ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​យកតាម​លំនាំ​របស់​កម្ពុជា​។

លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​២ ខែសីហា​នេះ ក៏បាន​ចាត់ទុក​ការ​ស្វាគមន៍​របស់លោក MiKe Pompeo​នេះ​ថា ជាការ​ផ្តល់​យុត្តិធម៌​ដល់​រដ្ឋាភិបាល​កម្ពុជា​។ លោក​ថែមទាំង​សម្តែង​ការ​អរគុណ​ដល់​លោក MiKe Pompeo ថែមទៀត​ចំពោះ​បញ្ហា​នេះ​។

លោក ផៃ ស៊ី​ផាន បាន​ថ្លែងថា «​ខ្ញុំបាទ​សូម​អបអរ និង​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម MIKE POMPEO រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ក្នុង​ការផ្តល់​យុត្តិធម៌​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​តេ​ជោ​តែងតែ​លះបង់ និង​ពលី​គ្រប់បែបយ៉ាង​ក្នុង​កិច្ច​ការពារជាតិ ព្រមជាមួយ​អធិបតេយ្យ​ជាតិ និង​កិច្ចប្រឹងប្រែង​រក្សា​មិត្ត មិន​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​ជា​ដៃគូ​សហការ​គ្រប់​វិស័យ​ជាមួយនឹង​ប្រជាជាតិ​ទាំងអស់​នៅលើ​ពិភពលោក​ដោយ​មិន​រើសអើង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក ។

ការ​វាយ​ត​ម្លៃ​ភាព​វិជ្ជមាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ការ​អរគុណ​របស់​អ្នកនាំពាក្យ​រាជ រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ​ធ្វើឡើង​បន្ទាប់ពី​លោក MiKe Pompeo ដែលជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​បានប្រកាស​ស្វាគមន៍​នូវ​ការបដិសេធ​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​ព័ត៌មាន​ដែលថា​ កម្ពុជា​នឹង​អនុញ្ញាតឱ្យ​ចិន​ដាក់​មូលដ្ឋានទ័ព​លើ​ទឹកដី​របស់ខ្លួន​។ លោក MiKe Pompeo លើកឡើង​ដូច្នេះ​នៅក្រោយ​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរ​ទស​អាស៊ាន​-​អាមេរិក​លើក​ទី​៥២ ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២ ខែសីហា នេះ​។ លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​គូសបញ្ជាក់ថា សហរដ្ឋអាមេរិក​ស្វាគមន៍​ការ​ការពារ​អធិបតេយ្យភាព​ដ៏​ខ្លាំងក្លា​របស់​កម្ពុជា​ហើយ​អាមេរិក​ក៏​លើកទឹកចិត្ត​ដល់​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​ឲ្យ​ធ្វើតាម​លំនាំ​របស់​កម្ពុ​ជ‍ា​ផងដែរ។

ការប្រកាស​ស្វាគមន៍​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​នេះ​ធ្វើឡើង​ក្រោយពី​រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាយាម​បដិសេធ​ម្តង ជា​ពីរ​ដង​រួច​មក​ហើយ​ថា កម្ពុជា​មិនបាន​ចុះ​កិច្ច​ព្រមព្រៀងសម្ងាត់​ណាមួយ​ដើម្បី​ឲ្យ​ចិន​មាន​មូលដ្ឋានទ័ព​នៅ​កម្ពុជា​ដូច​ការ​ចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ឡើយ ។ មិន​តែ​ប៉ុណ្ណោះ​ក្រសួងការពារជាតិ​កម្ពុ​ជា​ថែមទាំង​បាន​នាំ​ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទៅកាន់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រា​ម​ដើម្បី​ពិនិត្យ​ជាក់ស្តែង​ផងដែរ ដើម្បី​បញ្ចប់​ភាព​មន្ទិល​ដែលមាន​ការសង្ស័យ​ថា​ មានការ​សាងសង់​មូលដ្ឋាន​កងទ័ព​ចិន​នៅ​ទីនោះ​ថែម​ទៀតផង។ ជា​លទ្ធផល​ជាក់ស្តែង​គឺ​បាន​បង្ហាញ​ថា គ្មាន​ការសាងសង់​អ្វី​ទាំងអស់​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រៀម​៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114