ព័ត៍មានទាន់​ហេតុការណ៏
Search

សេចក្ដីព្រាង​ស្ដីពី​គោលនយោបាយ​ជាតិ​ភាសា​ខ្មែរ ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​ពិនិត្យ​អនុម័ត

ភ្នំពេញ​ ៖​ កិច្ច​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ពិភាក្សា​និង​អនុម័ត​លើ​សេចក្ដីព្រាង​ស្ដីពី “​គោលនយោបាយ​ជាតិ​ភាសា​ខ្មែរ​” ។ នេះ​បើ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី ២ ខែ សីហា​នេះ​។

ក្នុង​គោលបំណង​លើកកម្ពស់​ភាសា​ខ្មែរ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំណត់ថា​ ភាសា​និង​អក្សរ​ដែល​ប្រើ​ជា​ផ្លូវការ​គឺ​ភាសា និង អក្សរ​ខ្មែរ ហើយ​រដ្ឋ​មាន​កាតព្វកិច្ច​ការពារ​និង​ពង្រីក​ភាសា​ខ្មែរ​ឲ្យ​មាន​សមស្រប​នឹង​សេចក្ដីត្រូវការ។ អនុលោម​តាមន័យ​ខាងលើ​នេះ​រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ប្រឹក្សា​ជាតិ ភាសា​ខ្មែរ និង ដាក់​ចេញ​គោលនយោបាយ​ជាតិ​ស្ដីពី​ភាសា​ខ្មែរ​នេះ​សម្រាប់​ជា​ផែនទី​បង្ហាញ​ផ្លូវ​ដើម្បី​ធានា​ការ​អភិរក្ស​ការអភិវឌ្ឍន៍​ទំនើបកម្ម​ការ​ឯកភាព​ក្នុង​ការ​ប្រើ​ភាសា​ខ្មែរ​និង​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ទាក់ទង​នឹង​ភាសា​ខ្មែរ​។ គោលនយោបាយ​ជាតិ​ស្ដីពី​ភាសា​ខ្មែរ​មាន​ចក្ខុវិស័យ​លើកកម្ពស់​កិត្យានុភាព​ភាសា​ខ្មែរ​ប្រកបដោយ​និរន្តរភាព​ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិខ្មែរ។

ភាសា​ខ្មែរ​និង​អក្សរ​ខ្មែរ​បាន​វិវត្តន៍​ក្នុង​ប្រវត្តិ​ដ៏​យូរលង់​របស់​ខ្លួន និង​មាន​ការវិវត្តន៍​ធំៗ​ជាច្រើនលើក​រហូតដល់​បច្ចុប្បន្ន​។ ទន្ទឹម​នឹង​ការវិវត្តន៍​នៃ​សង្គម​ក្នុង​រយៈពេល​កន្លងមក ការ​ប្រើ​ភាសា​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​ទាំងស្រុង​នៅឡើយ​លើ​ការ​សរសេរ ការ​អាន ការកំណត់​និយមន័យ ការ​បង្កើត​ពាក្យ ការខ្ចី​ពាក្យ និង​ក្បួន​វេយ្យាករណ៍​ខ្មែរ​ជាដើម ដែល​ជា​ហេតុ​នាំ​ឲ្យ​ចោទ​ជា​បញ្ហា​ក្នុង​ការ​ប្រើ​ភាសា​ខ្មែរ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ខ្វះ​ពាក្យ​ប្រើប្រាស់​តាម​តម្រូវការ​ក្នុងសង្គម​ផងដែរ​។

សេចក្ដីព្រាង​ស្ដីពី​“​គោលនយោបាយ​ជាតិ​ភាសា​ខ្មែរ​”​មាន​គោលបំណង​អភិរក្ស​និង​អភិវឌ្ឍ​ភាសា​ខ្មែរ​ប្រកបដោយ​ភាព​សុខដុម និង​មាន​គោលដៅ​បង្កើន​យន្ដការ​និង​កំណ​ង់​គោលការណ៍​ក្នុងការ​អភិរក្ស​និង​ការអភិវឌ្ឍ​ភាសា​ខ្មែរ​។​ បង្កើត​ការ​ប្រើ​ភាសា​ខ្មែរ​ជា​ភាសា​យាន​ដើម្បី​ទទួលយក​ចំណេះដឹង​និង​ជំនាញ​ផ្សេងៗ​ឲ្យ​បាន​ទូលំទូលាយ​។ ​ជំរុញ​និង​លើកកម្ពស់​ការ​ប្រើ​ពាក្យ​និង​បច្ចេកស័ព្ទ​ជា​ភាសា​ខ្មែរ​និង​ជំរុញ​ការ​ប្រើ​ពាក្យ​និង​បច្ចេកស័ព្ទ កម្ចី​ឲ្យ​ស្របតាម​គោលការណ៍​ភាសាជាតិ។ ជំរុញ​និង​លើកកម្ពស់​ការប្រើ​ភាសា​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ​និង​ត្រឹមត្រូវ។ កំណត់​និង​ពិនិត្យ​ឲ្យ​មាន​ឯកភាព​ក្នុងការ​ប្រើ​ភាសា​ខ្មែរ​។​ ជំរុញ​និង​លើកកម្ពស់​ការស្រាវជ្រាវ ការ​ប្រមូល ការ​ចងក្រង​ការ​ថែរក្សា​និង​ផ្សព្វផ្សាយ​ឯកសារ​ទាក់ទង​នឹង​ភាសា​ខ្មែរ​។

ជា​ការ​សន្និដ្ឋាន គោលនយោបាយ​ជាតិ​ស្ដីពី​ភាសា​ខ្មែរ​នេះ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​លើកកម្ពស់​ឧត្តម​ភាព​ភាសាជាតិ​និង​ជំរុញ​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ក្នុង​ការ​ប្រើ​ភាសាជាតិ​ដូចជា​សំណេរ អំណាន ការ​បង្កើត​ពាក្យ កម្ចី ជាដើម ដោយ​ធានា​បាន​នូវ​ការ​អភិរក្ស​និង​ការអភិវឌ្ឍ​ភាសា​ខ្មែរ។

គោលនយោបាយ​នេះ​គឺជា​ការ ឆ្លុះបញ្ចាំង​នូវ​ការ​ធ្វើ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​និង​ជា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បំពេញបេសកកម្ម​ដ៏​ពិសិដ្ឋ​របស់​ខ្លួន​ដើម្បី​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ គោលបំណង និង​គោលដៅ​ដែល​បាន​កំណត់។ ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​នេះ​ឲ្យ​បាន​ជោគជ័យ​រាជរដ្ឋាភិបាល​សង្ឃឹម​យ៉ាង​ម៉ុ​ត​មាំ​ថា​នឹង​មាន​ការចូលរួម​គាំទ្រ​ពី​គ្រប់​ក្រសួង​ស្ថាប័ន​និង​ភាគី​ពាក់ព័ន្ធ​ទាំង​ធនធាន​មនុស្ស​ទាំង​សម្ភារៈ​ និង ​ហិរញ្ញវត្ថុ៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114