ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីការបរទេស ​៖ អ៊ីរ៉ង់​កាត់បន្ថយ​ការប្តេជ្ញាចិត្ត​បន្ថែមទៀត​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​និយាយថា ប្រទេស​អ៊ីរ៉ង់​នឹង​ចាត់វិធានការ​មួយ​ផ្សេងទៀត​ដើម្បី​កាត់បន្ថយ​ការអនុវត្តន៍​របស់ខ្លួន​ជាមួយនឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​។ នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ដោយ​ភ្នាក់ងារ​ព័ត៌មាន ICANA​។​

​ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា ខ្លួន​នឹង​កាត់បន្ថយ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ដំណាក់កាលៗ​ហើយ​ថែមទាំង​អាច​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​ផងដែរ​លុះត្រាតែ​ប្រទេស​ជា​ហត្ថលេខី​ដែល​នៅ​សេសសល់​ស្វែងរក​វិធី​ដើម្បី​ការពារ​សេដ្ឋកិច្ច​របស់ខ្លួន​ពី​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​។

​លោក​និយាយថា “​ជំហាន​ទី​៣​ក្នុងការ​កាត់បន្ថយ​ការប្តេជ្ញាចិត្ត​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នឹងត្រូវ​អនុវត្ត​។ យើង​សូម​និយាយថា ប្រសិនបើ​កិច្ចព្រមព្រៀង​នេះ​មិន​ត្រូវបាន​អនុវត្ត​ទាំងស្រុង​ដោយ​អ្នកដទៃ​ទេនោះ បន្ទាប់មក​យើង​ក៏​នឹង​អនុវត្ត​វា​តាមរបៀប​មិន​ពេញលេញ​ដូចគ្នា​ផងដែរ​។ ហើយ​ជាការ​ពិត សកម្មភាព​ទាំងអស់​របស់​យើង​គឺ​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ​”​។​

​កាលពី​ខែ​មុន ប្រទេស​អ៊ីរ៉ង់​បាន​គំរាម​ដំណើរការ​ឡើងវិញ​នូវ​ម៉ាស៊ីន​បំបែក​ធាតុ​វី​លីន​និង​បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដល់​ទៅ​២០​ភាគរយ​នៅក្នុង​ទង្វើ​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។​

​ក្រុមមន្ត្រី​អ៊ីរ៉ង់​បាន​និយាយថា រាល់​សកម្មភាព​របស់​ទីក្រុង​តេ​អេ​រ៉ង់​ក្នុងការ​កាត់បន្ថយ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​គឺអាច​កែប្រែ​វិញ​បាន​ដរាបណា​ប្រទេស​ជា​ហត្ថលេខី​ដែល​នៅ​សេសសល់​ប្រកាន់ខ្ជាប់​នូវ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​។​

​ភាពភ័យខ្លាច​អំពី​សង្គ្រាម​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ជាមួយនឹង​ផលវិបាក​ជា​សកល​បាន​កើនឡើង​ចាប់តាំងពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​កាលពី​ឆ្នាំ​២០១៥ និង​ដាក់​ឡើងវិញ​នូវ​ទណ្ឌកម្ម​ដ៏​ទូលំទូលាយ​លើ​ទីក្រុង​តេ​អេ​រង់​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114