ព័ត៍មានទាន់​ហេតុការណ៏
Search

វគ្គ ៨​ក្រុម​ចុងក្រោយ​ពានរង្វាន់ សម្តេច ហ៊ុនសែន ប្រចាំឆ្នាំ ២០១៩ ត្រូវបាន​លើក​ពេល ?

ក្រោយ​ការ​ចាប់​ឆ្នោត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ សម្តេច ហ៊ុនសែន ប្រចាំឆ្នាំ​២០១៩ កាលពី​ចុងខែ​កក្កដា​កន្លងទៅ​ថ្មីៗ​នេះ ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​៧-៨ សីហា ឆ្នាំ​២០១៩ ត្រូវ​បាន​លើក​ពេល​ប្រកួត ក្រោម​មូលហេតុ​ដោយសារ​មន្ត្រី​អាជ្ញាកណ្តាល​មួយចំនួន​ជាប់​រៀន​វគ្គ​អាជ្ញាកណ្តាល​ចៅក្រម​អន្តរជាតិ និង​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការប្រកួត​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គជា​ដើម​។

​បើតាម​ការ​បញ្ជាក់​របស់​លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​(CNCC)​ការប្រកួត​ជើង​ទី​១​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ត្រូវ​បាន​លើក​ពេល​ទៅ​រៀបចំ​នៅ​ថ្ងៃទី​១៤-១៥ ខែសីហា ឆ្នាំ​២០១៩​។ ចំណែក​ការប្រកួត​ជើង​ទី​២​ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២១-២២ សីហា គឺ​រក្សា​នៅ​ដដែល​។

​លេខា​ប្រតិបត្តិ​រូប​នេះ​បាន​បន្ថែម​ថា ការ​លើក​ពេលនេះ គឺ​ដោយសារ CNCC ចង់បាន​អាជ្ញា​កណ្តាល​ល្អៗ​ចូលរួម​កាត់​សេចក្តី​ក្នុង​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ជើង​ទី​១ ព្រោះ​មន្ត្រី​អាជ្ញា​កណ្តាល​មួយ​ចំនួន​ជាប់រវល់​រៀន​វគ្គ​អាជ្ញាកណ្តាល​អន្តរជាតិ​។ ហេតុផល​មួយទៀត គឺ​ដើម្បី​ជួយ​សម្រាល​ភាព​មមាញឹក​ដល់​ក្រុម​មួយ​ចំនួន ដែល​ត្រូវ​លេង​ពាន​សម្តេច​ផង និង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ផង​។ ជាក់ស្តែង​សម្រាប់​ការប្រកួត​លី​គ​សប្តាហ៍​ទី​១៨ នៅ​ថ្ងៃ​សៅរ៍​ទី​៣ សីហា បឹងកេត​ប៉ះ​ក្រសួងការពារជាតិ រីឯ​វិសាខា​ជួប​អង្គ​រថា​យ​ហ្គឺ​រ​។

គួរ​រំលឹក​ថា សម្រាប់​បេក្ខភាព​ឡើងមក​កាន់​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នេះ​រួមមាន បឹងកេត ដែល​បាន​យកឈ្នះ ខេត្តសៀមរាប (​សរុប​ទាំងពីរ​ជើង ៩-០), ភ្នំពេញ​ក្រោ​ន ឈ្នះ​ខេត្តកំពង់ចាម (​សរុប​ទាំងពីរ​ជើង ២៤-០), វិសាខា ដែល​បាន​យកឈ្នះ អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ (​សរុប​ទាំងពីរ​ជើង ១០-០), អង្គ​រថា​យ​ហ្គឺ​រ ដែល​ឈ្នះ អគ្គិសនី​កម្ពុជា (​សរុប​ទាំងពីរ​ជើង ៣-២), ក្រសួងការពារជាតិ យកឈ្នះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត (​សរុប​ទាំងពីរ​ជើង ៦-៣), ព្រះខ័ន​រាជ​ស្វាយរៀង យកឈ្នះ ខេត្ត​ត្បូងឃ្មុំ (​សរុប​ទាំងពីរ​ជើង ១-៨), គិរីវង់​សុខ​សែន​ជ័យ យកឈ្នះ ណាហ្គា​វើ​លដ៍ (​សរុប​ទាំងពីរ​ជើង ២-១)​និង​សូល​ទី​ឡូ​អង្គរ យកឈ្នះ រតនគីរី (​សរុប​ទាំងពីរ​ជើង ៦-១៥)​។

​ក្នុង​វគ្គ​នេះ​ផងដែរ សូល​ទី​ឡូ​អង្គរ ប្រកួត​ជាមួយ បឹងកេត ក្រសួងការពារជាតិ ប្រកួត​ជាមួយ ភ្នំពេញ​ក្រោ​ន វិសាខា ប្រកួត​ជាមួយ គីរីវង់​សុខ​សែន​ជ័យ ព្រះខ័ន​រាជ​ស្វាយរៀង ប្រកួត​ជាមួយ អង្គ​រថា​យ​ហ្គឺ​រ​។

យ៉ាងណាមិញ នៅក្នុង​ប្រកាស​របស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ពានរង្វាន់​សម្តេច ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៩ មានការ​បញ្ជាក់ថា សម្រាប់​ព័ត៌មាន​បន្ថែម​ក្រុមការងារ​នឹង​បង្ហាញ​នៅពេល​ឆាប់ៗ​ខាងមុខនេះ ដែល​ទំនងជា​មានការ​បញ្ជាក់​ជា​ផ្លូវការ​ពី​គណកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114