ព័ត៍មានទាន់​ហេតុការណ៏
Search

បំណែក​បដិមា​ព្រះ​សិវៈ​រាំ​ចំនួន​១០០០០​បំណែក ​ត្រូវបាន​ចាប់ផ្ដើម​ផ្គុំ​រូបរាង​ឡើងវិញ​

សៀមរាប​ ៖​ បដិមា​ព្រះ​សិវៈ​រាំ កម្ពស់​៥​ម៉ែត្រ មាន​ព្រះ​សិរ​២​ជាន់ ព្រះ​ភក្ត្រ​៥ ព្រះហស្ត​១០ មាន​ប្រភព​មកពី​ប្រាសាទក្រហម​នៅ​កោះ​កេរ នា​ស​.​វ​.​ទី​១០ ​នៃ​គ​.​ស​. ស្ថិតក្នុង​សភាព​បាក់បែក​ចំនួន​១០០០០​បំណែក បច្ចុប្បន្នកំពុង​ត្រូវបាន​ក្រុម​អ្នកជំនាញ ​នៃ​អភិរក្ស​ដ្ឋាន​អង្គរ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ អាជ្ញាធរ​ជាតិ​អប្សរា សារមន្ទីរ​ជាតិ​ភ្នំពេញ និង​សាលា​បារាំង​ចុង​បូព៌ា ​ធ្វើការ​ជួសជុល​ផ្គុំ​រូប​រាង​ឡើងវិញ​តាម​ទម្រង់​ដើម​។

ភាព​ខ្ទេចខ្ទាំ​រាងកាយ​រាប់ម៉ឺន​បំណែក​ នៃ​ទេព​អង្គ​នេះ បណ្តាលមកពី​កត្តា​ធម្មជាតិ ​នៃ​អាយុកាល ភាព​វឹកវរ ​នៃ​សង្គ្រាមស៊ីវិល និង​ពួក​ឈ្មួញ​ទុច្ចរិត​មួយចំនួន​ឆ្លៀតឱកាស​ស្រុកទេស​គ្មាន​សុខ​សន្តិភាព ក៏​បាន​អារកាត់​ព្រះ​សិរ​យកទៅ​ជួញដូរ ហើយ​វាយ​បំបែក​រូបរាងកាយ​ដែល​ពុកផុយ​ឲ្យ​បែកខ្ទេច គួរ​ឲ្យ​សង្វេគ​បុរាណវត្ថុ​ដ៏​ធំ​នេះ​ក្រៃ​។​

ទាក់ទង​នឹង​ការប្រមូល​បំណែក​ នៃ​ព្រះ​សិវៈ​រាំ​មក​ធ្វើការ​អភិរក្ស​ឡើងវិញ គឺ​នៅ​ឆ្នាំ​២០១២ សាលា​បារាំង​ចុង​បូព៌ា បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បានធ្វើ​កំណាយ​ស្រាវជ្រាវ​រួមគ្នា​ដើម្បី​ប្រមូល​នូវ​បំណែក ​នៃ​ព្រះ​សិវៈ​រាំ ​ដែល​សេសសល់​ពី​ការបំផ្លាញ​ទាំង​ក្នុង​ដី​ខ្លះ និង​គរ​លើ​ដី​លាយឡំ​នឹង​បំណែក​ឥដ្ឋ​ខ្លះ មក​រក្សាទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ក៏ប៉ុន្តែ​ដោយសារ​នៅ​ទីនោះ​មានការ​លំបាក​ក្នុងការ​ជួសជុល ក៏បាន​ផ្ទេរ​មក​អភិរក្ស​ដ្ឋា​ន​អង្គរ​វិញ​។ ក្នុងការ​ជួសជុល​នេះ ក៏បាន​យក​បំណែ​កដៃ​ចំនួន​៥ និង​ព្រះ​ភក្ត្រ​ចំនួន​ពីរ​មកពី​សារមន្ទីរ​ជាតិ​ភ្នំពេញ​ដែល​បារាំង​បាន​យកទៅ​រក្សាទុក​នៅ​ឆ្នាំ​១៩៦០ ដើម្បី​ផ្គុំ​ឲ្យ​ចេញ​រូបរាង​ដើម​វិញ​។​

ចំពោះ​ដំណើរការ​ជួសជុល លោក ឆាន់ ចំរើន អនុប្រធាននាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ ​នៃ​ក្រសួង​វប្បធម៌​បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ការជួលជុល​ និង​ផ្គុំ​បំណែក​បដិមា​ព្រះ​សិវៈ​រាំ បាន​ដំណើរការ​ជាង​២​ខែ​មកហើយ ដោយ​ក្រុម​អ្នកជំនាញ​បច្ចេកទេស​ខ្មែរ​មកពី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ អាជ្ញាធរ​ជាតិ​ព្រះវិហារ អាជ្ញាធរ​ជាតិ​អប្សរា និង​សារមន្ទីរ​ជាតិ​ភ្នំពេញ​។ ជា​លទ្ធផល យើង​ផ្គុំ​បាន​ផ្នែក​ទ្រូង ការព្យាបាល​ពង្រឹង​ថ្ម​ដែល​ពុកផុយ​ខ្លះ រួមទាំង​ផ្នែក​ផ្សេងៗ​ទៀត​។

ក្នុងនោះដែរ​ក៏​ជាការ​សោកស្ដាយ ដែល​ព្រះ​ភក្ត្រ​ចំនួន​បី​ ត្រូវបាន​បាត់បង់ ហើយ​ក្រុមការងារ​ក៏​កំពុង​ពិចារណា​ថា​គួរ​បំពេញបន្ថែម និង​ប្រើ​ថ្ម​ថ្មី​ក្នុង​កម្រិត​ណា​ក្នុងការ​បំពេញ​នៅ​កន្លែង​បាត់បង់​ផ្នែក​ផ្សេង​ទៀត​។​

លោក ចំរើន បន្តទៀតថា ក្នុងការ​អនុវត្ត​ការងារ​យើង​មិនទាន់​ហ៊ាន​កំណត់​ពី​វេលា​សម្រេច​ទេ ព្រោះ​មានការ​លំបាក​ខ្លាំង​ដោយសារ​បំណែក​រូប​មាន​ដល់​ទៅមួយ​ម៉ឺន​ដុំ​ទាំង​តូចធំ ដែល​បំណែក​ខ្លះ​តូច​ពិបាក​ក្នុងការ​ផ្គុំ ត្រូវការ​ពេលវេលា​ច្រើន​ក្នុង​ការយក​ថ្ម​មក​ភ្ជាប់​ឲ្យ​ត្រូវ​គ្នា កន្លែង​ខ្លះ​មាន​ស្នាម​មុខ​ដាប់ ច្រើន ឯ​ថ្ម​ខ្លះ​ទ្រុឌទ្រោម​ខ្លាំង​ត្រូវការ​ព្យាបាល​និង​ពង្រឹង​។ ចំពោះ​ការ​ផ្គុំ​ឲ្យ​ចេញ​ជា​រូបរាង គឺ​ផ្គុំ​ពី​សាច់​ក្នុង​មក​ក្រៅ ដែល​ទាមទារ​ការយកចិត្តទុកដាក់ អត់ធ្មត់ ពេលវេលា ការស្រឡាញ់ ទើប​អាចធ្វើ​បាន​សម្រេច​។

អ្នកជំនាញ​រូបនេះ បាន​ប្ដេជ្ញា​ថា មិន​ថា​មានការ​លំបាក​យ៉ាងណា​នោះទេ ក៏​នឹង​បំពេញ​កិច្ចការ​នេះ​ឲ្យ​បាន​សម្រេច និង​សំណូមពរ​ឲ្យ​កូន​ខ្មែរ​គ្រប់រូប​រួមគ្នា​ថែរក្សា ការពារ ស្វែងយល់​ពី​រតនវត្ថុ​របស់​យើង ដោយ​មិន​ពឹង​តែ​លើ​អ្នកជំនាញ​តែមួយ​មុខ​។ ចំពោះ​ការប្រឹងប្រែង​ផ្គុំ​រូប​សិវៈ​ទោល​ធំ ក្នុង​សភាព​បែក​ខ្ទេច​ដូច្នេះ ក៏​ព្រោះ​ចង់​រក្សា​អ្វី​ជា​បុរាណ ទាំង​ស្នាដៃ និង​បច្ចេកទេស​ធ្វើ​របស់​ដូនតា​ខ្មែរ​តាំង​ពី​ស​.​វ​.​ទី​១០ ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ឲ្យ​កូនចៅ អ្នកស្រាវជ្រាវ​ជំនាន់​ក្រោយ​បាន​ឃើញ​៕​

ដោយ ​៖​ កុសល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114