ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ដឹក​ដី ​បុក​រុញ​រថយន្ត​មន្ត្រី​យោធា​ម្នាក់​ទទឹងផ្លូវ ​អូស​ប្រមាណ​ជាង​២០​ម៉ែត្រ ​ម្ចាស់​ភ័យ​ទាំង​ព្រលឹង​ចុង​សក់​

​ភ្នំពេញ ​៖ គេ​សង្កេតឃើញ​រថយន្ត​ប្រភេទ​យី​ឌុប​ធំៗ​ដឹក​ដី​ ដឹក​ខ្សាច់ ដឹក​ថ្ម​ នៅតែ​បន្ត​ចរាចរណ៍​តាម​ដង​ផ្លូវ​ទាំង​ថ្ងៃ​ដដែល​ ជាពិសេស​កំណាត់​ផ្លូវ​លេខ​៥៩៨ ​ហៅ​(​ផ្លូវលោក​ជា​សុផារ៉ា​)​ បើ​ទោះ​មាន​ប៉ូលិស​ចរាចរណ៍​ដាក់​គោលដៅ​ជាប្រចាំ ​ដើម្បី​ឃាត់​រថយន្ត​ប្រភេទ​នេះ​ កុំ​ចរាចរណ៍​ចូល​ក្រុង​ពេល​ថ្ងៃ​ក៏ដោយ។ ប្រការនេះ​ ត្រូវបាន​គេ​រាយការណ៍​ថា គឺ​ថៅកែ​រថយន្ត​ទាំងនោះ​ បានដាក់​ប្រាក់​ជា​កញ្ចប់​ជា​ខែ​ឲ្យ​ទៅ​មេ​ប៉ូលិស​ចរាចរណ៍​ទាំងនោះ បើ​មិន​ដូច្នេះ​មិនអាច​ធ្វើដំណើរ​បានទេ ​ត្រូវ​ចាប់​ឃាត់​ដូច​រថយន្ត​ផ្សេងៗ​ចឹ​ង មិនតែប៉ុណ្ណោះ​ តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​ស្លាប់​របួស​ជា​ញឹកញាប់។​

ជាក់ស្តែង រថយន្ត​ដឹក​ដី​ប្រភេទ​យី​ឌុប​មួយគ្រឿង បាន​បើក​បុក​រុញ​រថយន្ត​ម៉ាក​កូរ៉ូឡា​របស់​មន្ត្រី​យោធា​មួយគ្រឿង អូស​ទទឹងផ្លូវ ប្រមាណ​ជាង​២០​ម៉ែត្រ តែ​សំណាងល្អ​ពុំ​បណ្តាលឲ្យ​អ្នកបើកបរ ដែល​ជា​មន្ត្រី​យោធា​បាន​រងរបួស​ឡើយ​ ប៉ុន្តែ​ព្រលឹង​ចេញ​ស៊ី​ព្រលឹត​បាត់​ហើយ។​

គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី ​ព្រឹក​ថ្ងៃទី​០៥ ​ខែ​សីហា ឆ្នាំ២០១៩ នៅតាម​ផ្លូវ​លេខ ៥៩៨ ហៅ​ផ្លូវលោក​ជា ​សុផារ៉ា​ ខាងជើង ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ក្នុងភូមិ ខ​.១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឫស្សី​កែវ​។​

រថយន្ត​ដឹក​ដី ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​៣A.៤៣០៥​បើកបរ ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ។ ​ចំណែក រថយន្ត​ម៉ាក​កូរ៉ូឡា​ស៊េរី​៩៦ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​២D.៥៥៨៩ ​បើកបរ ដោយ​លោក​វរសេនីយ៍​សួស សុវណ្ណារ៉ា ជា​មន្ត្រី​យោធា មាន​លំនៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។​

តាម​សាក្សី​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ធ្វើដំណើរ ក្នុង​ទិសដៅ​ស្របគ្នា ពី​ត្បូង​ទៅ​ជើង។​ នៅពេល​ធ្វើដំណើរ​មកដល់​កន្លែងកើតហេតុ ​រថយន្ត​ដឹក​ដី​ដែល​នៅ​ខាងឆ្វេង​ដៃ ក៏បាន​បុក​ខោក​រថយន្ត​ម៉ាក​កូរ៉ូឡា​ផ្នែក​ខាងក្រោយ បណ្តាលឲ្យរេ​​​ទៅ​ទទឹងផ្លូវ​ពីមុខ ហើយ​ត្រូវ​រថយន្ត​ដឹក​ដី​បុក​អូស​ទទឹងផ្លូវ ប្រមាណ​ជាង​២០​ម៉ែត្រ​ ទើប​ឈប់ បណ្តាលឲ្យ​រថយន្ត​កូ​រ៉ូ​បែក​កញ្ចក់​កំពិត​ជាប់​។​ ប៉ុន្តែ​នៅក្នុង​គ្រោះថ្នាក់​នេះ សំណាងល្អ​ពុំ ​បណ្តាលឲ្យ​មនុស្ស​រង​របួស​ឡើយ​ ដោយ​ម្ចាស់​ក៏បាន​រំកិល​ខ្លួន ទៅខាង​ស្តាំ​ដៃ​គេច​ផុតពី​គ្រោះថ្នាក់​។​

តាម​លោក សួស សុវណ្ណារ៉ា ជា​ម្ចាស់​រថយន្ត​កូរ៉ូឡា បានឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គាត់​បាន​ចេញពី​ធ្វើការ​នៅ​អគ្គបញ្ជាការដ្ឋាន​កងខេមរភូមិន្ទ​(​ដេ​អិន​)​គោលបំណង​ត្រឡប់ទៅផ្ទះ ពេលធ្វើ​ដំណើរ ស្រាប់តែ​រថយន្ត​ដឹក​ដី​មក​បុក​រថយន្ត​គាត់​ពីក្រោយ​ ហើយ​រុញ​ទៅ​ទទឹងផ្លូវ​បុក​អូស​តែម្តង​។​ដោយឡែក​ អ្នកបើកបរ រថយន្ត​ដឹក​ដី​បានឲ្យ​ដឹងថា មកពី​រថយន្ត​កូរ៉ូឡា​បើក​ចេញ​កាត់មុខ​។​

​បន្ទាប់ពី​គ្រោះថ្នាក់ នគរបាល​ក៏បាន​ចុះទៅ​វាស់វែង រួច​នាំ​រថយន្ត​ទាំង​២​បញ្ជូន​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ សង​ការខូចខាត​ជា​ក្រោយ​៕

ដោយ ៖ ឌី​រៀ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114