ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​រឹបអូស​នាវា​ដឹក​ប្រេង​បរទេស​ទី​បី​ក្នុង​រយៈពេល​តិចជាង​មួយខែ

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ប្រទេស​អ៊ីរ៉ង់​បាន​រឹបអូស​នាវា​ដឹក​ប្រេង​បរទេស​មួយគ្រឿង​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​នៅក្នុង​អ្វីដែល​នឹង​ក្លាយ​ជាការ​រឹបអូស​លើក​ទី​៣​ក្នុង​រយៈពេល​មួយខែ​ស្របពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​ជាមួយ​សត្រូវ​របស់ខ្លួន​គឺ​សហរដ្ឋអាមេរិក​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ឆ្មាំ​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ IRNA បាន​ឲ្យ​ដឹងថា “​អង្គភាព​ឆ្មាំ​បដិវត្ត​ឥស្លាម​បាន​ចាប់យក​នាវា​នេះ​នៅ​ជុំវិញ​កោះ Farsi ដែល​កំពុង​ដឹក​ប្រេងឥន្ធនៈ​រត់ពន្ធ​ប្រហែល​៧០០,០០០​លីត្រ​”​។​

​ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន Fars បាន​រាយការណ៍​ថា នាវិក​បរទេស​ចំនួន​៧​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​មួយ​ដែល​ធ្វើឡើង​នៅ​យប់​ថ្ងៃ​ពុធ​។​

​ភាព​តានតឹង​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋអាមេរិក​បាន​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​ឆ្នាំនេះ​បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​បង្កើន​យុទ្ធនាការ​របស់ខ្លួន​នៃ​ការដាក់​សម្ពាធ​អតិបរិមា​ប្រឆាំងនឹង​ទីក្រុង​តេ​អេ​រ៉ង់​។​

​នាវា​ត្រូវបាន​វាយប្រហារ យន្តហោះ​គ្មាន​មនុស្ស​បើក​ត្រូវ​បាញ់​ទម្លាក់​និង​នាវា​ដឹក​ប្រេង​ត្រូវបាន​រឹបអូស​ចាប់តាំងពី​ខែឧសភា​មក​ពោលគឺ​មួយឆ្នាំ​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្ត្រ​មួយ​ជាមួយ​អ៊ីរ៉ង់​ហើយ​បានចាប់ផ្តើម​ដាក់ទណ្ឌកម្ម​ឡើងវិញ​ប្រឆាំងនឹង​ប្រទេស​នេះ​។​

​នៅពេល​វិបត្តិ​ឡើងដល់​ចំណុច​ខ្ពស់ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​លុបចោល​ការវាយប្រហារ​អា​កាស​លើ​ប្រទេស​អ៊ីរ៉ង់​នៅ​នាទីចុងក្រោយ​ក្នុង​ខែមិថុនា​បន្ទាប់ពី​កងកម្លាំង​របស់​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋអាមេរិក​។​

​ការ​រឹបអូស​យក​នាវា​ដឹក​ប្រេង​ចុងក្រោយ​នេះ​នឹង​ក្លាយ​ជាការ​រឹបអូស​លើក​ទី​បី​ដោយ​អ៊ីរ៉ង់​ក្នុង​រយៈពេល​តិចជាង​មួយខែ​នៅក្នុង​ដែនទឹក​នៃ​ឈូង​សមុទ្រ​ពែ​ក្ស​ដែលជា​ច្រក​សម្រាប់​ការដឹកជញ្ជូន​ប្រេង​ឆៅ​ភាគច្រើន​របស់​ពិភពលោក​។​

​កាលពី​ថ្ងៃទី​១៨​ខែកក្កដា ឆ្មាំ​បាន​និយាយថា ពួកគេ​បាន​ឃាត់ទុក​នាវា​ដឹក​ប្រេង​ដោត​ទង់ជាតិ​ប៉ា​ណា​ម៉ា​របស់​ក្រុមហ៊ុន MT Riah ពីបទ​រត់ពន្ធ​ប្រេង​។​

​ហើយ​មួយថ្ងៃ​ក្រោយមក ពួកគេ​បានប្រកាសថា ពួកគេ​បាន​បង្ខាំង​នាវា​ដឹក​ប្រេង Stena Impero ដោត​ទង់ជាតិ​អង់គ្លេស​នៅ​ច្រក​សមុទ្រ Hormuz ពីបទ​រំលោភ​លើ​ច្បាប់​សមុទ្រ​អន្តរជាតិ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114