ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ទទួល​ជួប​សវនាការ​ជាមួយ​លោកស្រី​នាយិកា​ប្រតិបត្តិ​អង្គការ​យូ​អិន​អេដស៍​ប្រចាំ​នៅ​កម្ពុជា

ភ្នំពេញ ​៖ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​កា​លពី​ព្រឹក​ថ្ងៃ​ទី៥ ខែសីហា​ ឆ្នាំ​២០១៩ បាន​ទទួល​ជួប​សវនាការ​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត វ្ល៉ា​ដាន​កា អាន​ឌ្រី​វ៉ា (Vladanka ANDREEVA) នាយិកា​ប្រតិបត្តិ​អង្គការ​យូ​អិន​អេដស៍​ប្រចាំ​នៅ​កម្ពុជា (UNAIDS) នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​។

ក្នុង​ជំនួប​នោះ ក្នុងនាម​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចំពោះ​ការ​ឆ្លើយតប​មេរោគ​អេដស៍​ជំងឺ​អេដស៍​នៅ​កម្ពុជា សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​គូស​បញ្ជាក់​ពី​កិច្ចសហការ​របស់​កាក​បាទ​ក្រហម​ជាមួយ​អង្គការ​យូ​អិន​អេដស៍​លើ​វិស័យ​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​ជំងឺអេដស៍ សុខភាព​មាតា​និង​ទារក ការ​យកចិត្តទុកដាក់​និង​ថែរក្សា​អ្នក​កើត​ជំងឺអេដស៍ ការចែក​អំណោយ​ប្រជាជន និង​សកម្មភាព​មនុស្សធម៌​ជាច្រើន​ទៀត​។

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​លើក​ឡើង​ទៀត​ថា សម្តេច​ក៏បាន​បង្កើត​ឲ្យ​មាន​ក្រុម​ឥស្សរជន​ថ្នាក់​ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​ដែល​មាន​ការចូលរួម​ពី​មន្ដ្រី​រាជការ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​រួម​ទាំង​វិស័យ​ឯកជន​ផងដែរ ដោយ​ក្នុង​នោះ​ជា​រៀងរាល់​ឆ្នាំ​សម្ដេច​តែងតែ​បញ្ជ្រាប​នូវ​ខ្លឹមសារ​អប់រំ​និង​ធ្វើការ​អំពាវនាវ​ពី​ការ​ការពារ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ គ្រប់​ពេល​ដែល​សម្ដេច និង​សហការី ចុះទៅ​សំណេះសំណាល​សួរ​សុខទុក្ខ​ និង ​ចែក​អំណោយ​មនុស្សធម៌ ជូន​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត ដោយ​ក្នុង​នោះ ក៏​មាន​អ្នក​ដែល​ផ្ទុក​នូវ​មេរោគ​អេដស៍​ផង​ដែរ​។

សម្តេច​ក៏បាន​បង្កើត​ឲ្យ​មាន​ពានរង្វាន់​ឆ្នើម​ ចំពោះ​អ្នក​ដែល​សកម្ម​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​អេដស៍ ដែល​ជ័យលាភី​ទាំងនោះ រួមមាន​យុវជន​កាកបាទក្រហម​កម្ពុជា វិស័យ​ឯកជន រោងចក្រ ថ្នាក់​ដឹក​នាំ​ជាតិ​និង​អង្គការក្រៅរដ្ឋាភិបាល​។

ជាងនេះទៅទៀត សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​តែងតែ​ណែ​នាំ​នូវ​គ្រោះថ្នាក់​ដល់​ជីវិត​និង​បញ្ហា​ប្រឈម​ដល់​ប្រជាពលរដ្ឋ​ពី​ជំងឺអេដស៍​នេះ​មិន​ត្រឹមតែ​សម្លាប់​ជីវិត​នោះ​ទេ​ គឺ​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​ធ្លាក់​ចុះ ពេល​ឪពុក​ម្តាយ​ស្លាប់​ដោយ​ជំងឺអេដស៍​ទៅ កូន​នឹង​កំព្រា រងា​គ្មាន​ទីពឹង។ ចំណែក​ឯ​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​វិញ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​តែ​តែងតែ​លើក​ទឹកចិត្ដ​ដល់​អ្នក​ដែល​ផ្ទុក​នូវ​មេរោគ​អេដស៍ ដោយមាន​ជួយ​ជា​ថវិកា ស្បៀងអាហារ ដើម្បី​សម្រាល​នូវ​ទុក្ខ​លំបាក​របស់​ពួកគាត់ និង​បាន​ក្រើន​រម្លឹក​ដល់​អ្នក​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ទាំងអស់​ត្រូវ​ទៅ​ពិនិត្យ​សុខភាព និង​លេប​ថ្នាំ​ពន្យារ​ជីវិត​ឲ្យ​បាន​ទៀត​ទាត់​ទៅតាម​ការ​កំណត់​របស់​គ្រូពេទ្យ​។

សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហម​បាន​មានប្រសាសន៍​បន្ដ​ថា លើស​ពី​នោះ​ឥស្សរជន​ថ្នាក់​ជាតិ​ក៏ដូចជា​ថ្នាក់ក្រោម​ជាតិ​របស់​យើង​បាន​រួម​សហការ​គ្នា​ធ្វើការ​ងារ​បាន​ជាទី​មោទន​ដោយ​នៅ​ឆ្នាំ​២០១៧ កម្ពុជា​យើង​បានសម្រេច​ទិសដៅ ៩០-៩០-៩០ ដែល​ជា​ការ​ប្ដេជ្ញា​ចិ​ត្ដ​ជាស​កល​ក្នុងការ​ធ្វើតេស្ដ​រក​មេរោគ​អេដស៍ និង​ផ្ដល់​ការ​ព្យាបាល​បី​ឆ្នាំមុន​កាលកំណត់ ក្នុង​ការ​កាត់បន្ថយ និង​លុបបំបាត់​ការ​ឆ្លង​រីក​រាលដាល​មេរោគ​អេដស៍ ៩០-៩០-៩០ នៅ​ឆ្នាំ​២០២០​និង​ទិសដៅ ៩៥-៩៥-៩៥ នៅ​ឆ្នាំ​២០២៥ ផងដែរ។

ចំពោះ​ទិសដៅ ៩០-៩០-៩០ នេះ​គឺ​ដំណាក់កាល​ទី​១៖​ត្រូវ​កំណត់​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​ក្នុង​ប្រទេស​ឲ្យ​បាន ៩០% នៃ​ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​សរុប​,​ដំណាក់កាល​ទី​២៖ ត្រូវ​ព្យាបាល​អ្នក​ផ្ទុកមេរោគ​អេដស៍​ឲ្យ​បាន ៩០% នៃ​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍ ដែល​បាន​រក​ឃើញ​ខាងលើ​និង​ដំណាក់កាល​ទី​៣៖ ក្នុងចំណោម​អ្នក​ផ្ទុកមេរោគ​អេដស៍ ដែល​ទទួល​បាន​ការ​ព្យាបាល​ខាងលើ រដ្ឋ​ត្រូវ​សម្រេច​ឲ្យ​បាន​លទ្ធផល ៩០% ដែល​ពិនិត្យ​មើលទៅ​សឹងតែ​គ្មាន​កំហាប់​នៃ​មេរោគ​អេដស៍ ក្នុង​រា​ង្គ​កាយ​អ្នក​ផ្ទុក​។

សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​គូស​បញ្ជាក់​ផងដែរ​ថា កម្ពុ​ជាមាន​មោទកភាព​ចំពោះ​អត្រា​ឆ្លង​មេរោគ​អេដស៍​បាន​ថយ​ចុះមក​នៅត្រឹម ០,៥​ភាគរយ គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០១៩​នេះ​។ ​សម្តេច​បាន​បញ្ជាក់​ថា យើង​នៅតែ​បន្ដការងារ​ការ​នេះ​ឲ្យ​កាន់តែ​សកម្ម​បន្ថែម​ទៀត​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​យើង​ក្នុងពេលដែល​ចុះទៅ​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ពួកគាត់​នៅតាម​តំបន់ និង​បណ្ដា​ខេត្ដ​ផ្សេងៗ​នៅ​ទូទាំងប្រទេស។

ក្នុង​ឱកាស​នោះ លោកស្រី វ្ល៉ា​ដាន​កា អាន​ឌ្រី​វ៉ា ( Vladanka ANDREEVA) នាយិកា​ប្រតិ​ប​ត្ដិ​អង្គការ UNAIDS បាន​សម្ដែង​នូវ​ការ​សរសើរ និង​ចូលរួម​អបអរ​ដល់​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​មួយ​លេច​ធ្លោរ​យ៉ាង​ខ្លាំង នៅ​ក្នុង​ចំណោម ៧​ប្រទេស​នៅ​លើ​ពិភពលោក ដែល​ទទួល​បាន​នូវ​សមិទ្ធផល​ក្នុងការ​កាត់បន្ថយ​អត្រា​មរណ​ដោយ​មេរោគ​អេដស៍​។ លោកស្រី​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹង​បន្ដ​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​សហវត្សរ៍​របស់​អង្គការសហប្រជាជាតិ ក្នុង​ការ​កាត់បន្ថយ និង​លុបបំបាត់​ការឆ្លង​រីក​រាលដាល​មេរោគ​អេដស៍ នៅក្នុង​ឆ្នាំ​២០២៥ ផងដែរ​។

លោកស្រី វ្ល៉ា​ដាន​កា អាន​ឌ្រី​វ៉ា បាន​ថ្លែង​កោតសរសើរ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្ដេច​កិត្ដិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​ចូលរួម​គ្រប់​សកម្មភាព ទាំង​ការ​ជួយ​សម្រាល​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ ការអប់រំ​សុខភាព ការ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ធនធានមនុស្ស​ផងដែរ។ ទន្ទឹង​នឹង​នោះ UNAIDS នឹង​ប្ដេជ្ញា​សហការ​គាំទ្រ​កាកបាទក្រហមកម្ពុជា ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​ការ​កាត់បន្ថយ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​មេរោគ​អេដស៍ គម្រោង​ដទៃទៀត ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ នៅ​ប្រទេស​កម្ពុជា​។

លោកស្រី​នាយិកា​ប្រតិបត្តិ​អង្គការ UNAIDS បាន​លើក​ឡើង​ថា UNAIDS កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​ក្រសួងសុខាភិបាល ដើម្បី​ឈាន​ទៅ​លុបបំបាត់​ការ​រីក​រាលដាល​ជំងឺ​អេដស៍៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114