ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បង្ហាញ​ពី​មូល​ហេតុ​ដែល​សម្តេច​មាន​ថ្ងៃកំណើត​២​ក្នុង​មួយឆ្នាំ

ភ្នំពេញ​ ៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ថា​ថ្ងៃ​ទី៥ សីហា នេះ​គឺជា​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ​(៥​សី ហា ១៩៥២-៥​សីហា​២០១៩) ដែល​ពេលនេះ​សម្តេច​មាន​អាយុ​៦៨​ឆ្នាំ​ហើយ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អរគុណ​ដល់​បងប្អូន​ជនរួមជាតិ និង កូនក្មួយ​ជាទី​ស្រឡាញ់​ទាំងអស់​ដែល​បាន​ជូនពរ​ខ្ញុំ​នៅក្នុង​ថ្ងៃ​ខួបកំណើត​ថ្ងៃនេះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​ផេ​ក​ហ្វេ​ស​បុក​សម្តេច​នា​ព្រឹក​ថ្ងៃ​ទី៥ ខែសីហា​នេះ​ថា «​ថ្ងៃ​ទី​៥ សីហា នេះ​គឺជា​ថ្ងៃ​ខួបកំណើត​របស់ ខ្ញុំ (៥​សីហា ១៩៥២-៥​សីហា ២០១៩) ដែល​ពេលនេះ​ខ្ញុំ​មាន​អាយុ​៦៨​ឆ្នាំ​ហើយ​។ ​ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ជនរួមជាតិ​និង​កូនក្មួយ​ជាទី​ស្រឡាញ់ ទាំងអស់​ដែល​បាន​ជូនពរ​ខ្ញុំ​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​ថ្ងៃនេះ​។

ខ្ញុំ​ក៏​សូម​ជូនពរ​ដល់​បងប្អូន​ជនរួមជាតិ និង​ក្មួយៗ​ជួបតែ​សេចក្តីសុខ​ចម្រុងចម្រើន​និង​ជោគ ជ័យ​ក្នុង​ជីវិត​គ្រប់ៗ​គ្នា​កុំបី​ខាន​»។

នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា​នេះ​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​នាយ​នគរបាល​ជាតិ​ចំនួន​១៤៦៥​នាក់​ សម្តេច​ក៏បាន​ធ្វើ ការគូសបញ្ជាក់​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សម្តេច​មាន​ថ្ងៃខែ​ឆ្នាំ​កំណើត​ដល់​ទៅ​២​ក្នុង​១​ឆ្នាំ។ សម្តេច​បាន​លើកឡើង​ថា ​ថ្ងៃ​ទី​៥ ខែសីហា​ ឆ្នាំ​១៩៥២​ជា​ថ្ងៃ ដែល​សម្តេច​បាន​ប្រសូត្រ​ពិត​ប្រាកដ​។ ក៏ប៉ុន្តែ​ថ្ងៃកំណើត​ដែល​សម្តេច​តេ​ជោ​ប្រើប្រាស់​ជា​ផ្លូវការ​គឺ​ថ្ងៃទី​៤ ខែ មេសា ឆ្នាំ ១៩៥១។

សម្តេច​តេ​ជោ ហ៊ុន សែន បកស្រាយ​យ៉ាងច្បាស់​ថា​ នៅពេល​សម្តេច​ចូល​ព្រៃ​តស៊ូ​តាម​ការ​អំពាវនាវ​រប​ស់​សម្តេចព្រះ នរោត្តម សីហនុ ដើម្បី​ផ្តួលរំលំ​របប​លន់នល់​គឺ​នៅ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​១៩៧០។ ដូច្នេះ​នៅពេល​គេ​ធ្វើ​ប្រវត្តិរូប​សម្តេច​បាន​យក​ថ្ងៃ​ទី​០៤ ខែមេសា ជា​ថ្ងៃកំណើត​ព្រោះ​ស្រួល​ចាំ។ រីឯ​ឆ្នាំ​១៩៥១​គឺ​នៅក្រោយ​ផ្តួលរំលំ​របប​ខ្មែរក្រហម​គឺមាន​ថ្នាក់ដឹកនាំ​កំពូល​តែ​៤ រូប​ប៉ុណ្ណោះ​ប្រកាស​ប្រវត្តិរូប​គឺប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​ដែល​ជា​ប្រមុខរដ្ឋ ផង​ជា​នាយករដ្ឋមន្ត្រី​ផង រដ្ឋមន្ត្រី​ការពារ​ជាតិ រដ្ឋមន្ត្រីការបរទេស​និង រដ្ឋមន្ត្រី​មហាផ្ទៃ​ធ្វើការ​ប្រកាស​ប្រវត្តិរូប​។ នៅ​ពេល​សរសេរ​ប្រវត្តិ​រូប​នោះ​គឺ​សម្តេច​ដាក់​ឆ្នាំ​កំណើត​នៅ​ឆ្នាំ​១៩៥២ ប៉ុន្តែ​ដល់​អ្នក​វាយ​អង្គុលីលេខ បែរជា​វាយ​ច្រឡំ​ដាក់​ថា ឆ្នាំ១៩៥១។ ដូច្នេះ​ក៏​ប្រើប្រាស់​ផ្លូវការ​នូវ​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​សម្តេច គឺ​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​១៩៥១ ជាប់​រហូតដល់​សព្វថ្ងៃ​។

ជីវប្រវត្តិ​រូប​សង្ខេប​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​៖
១) ព័ត៌មាន​ផ្ទាល់ខ្លួន​៖
​សម្តេច​តេ​ជោ ហ៊ុន សែន បានកើត​នៅ​ថ្ងៃ​០៥ សីហា ឆ្នាំ ១៩៥២ (​ចុះបញ្ជី​ជា​ផ្លូវការ ថ្ងៃ ០៤ មេសា ១៩៥១) នៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សិក្សា​នៅក្នុង​ស្រុកភូមិ​ហើយ​នៅ​ឆ្នាំ ១៩៦៤ បានមក​រស់នៅក្នុង​វត្ត​នាគ​វ័​ន្ត​នាទី​ក្រុងភ្នំពេញ​ដើម្បី​បន្ត​ការ សិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រទេវី​។ នៅ​ឆ្នាំ​១៩៧០ ពេល​ដែល​កម្ពុជា​ត្រូវ​បាន​រុញច្រាន​ឲ្យ​ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម​និង​ដោយ​ឆ្លើយតប​ចំពោះ​ការ​អំពាវ នាវ​របស់​សម្តេច សីហនុ នាពេលនោះ​អោយ​ប្រជាជន​កម្ពុជា​ចូលរួម​ក្នុង​សង្គ្រាម​ប្រឆាំង​ចក្រពត្តិនិយម​នៅក្នុង​វ័យ​១៨​ឆ្នាំ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​ជាមួយ​ចលនា​តស៊ូ​ដែល​ក្រោយមក​បាន​រំដោះ​ប្រទេស នៅ​ថ្ងៃ ១៧ មេសា ១៩៧៥​។ មួយ​ថ្ងៃមុន​ថ្ងៃជ័យ​ជំនះ គឺ​ថ្ងៃ ១៦ មេសា ១៩៧៥ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ត្រូវរបួស​ភ្នែក​ខាងឆ្វេង​។ ពេល​បានជា​សះស្បើយ បន្ទាប់ពី​ការ​ព្យាបាល​អស់​រយៈពេល​ជា​យូរ​ខែ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន រៀប​អាពាហ៍ពិពាហ៍​ជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​។

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី មានកូន​ទាំងអស់ ៦ នាក់​គឺ ១) ហ៊ុន កំសត់ (១០ វិច្ឆិកា ១៩៧៦ – ស្លាប់​), ២) ហ៊ុន ម៉ា​ណែ​ត (២០ តុលា ១៩៧៧), ៣) ហ៊ុន ម៉ា​ណា (១៥ កញ្ញា ១៩៨០), ៤) ហ៊ុន ម៉ានិត (១៧ តុលា ១៩៨១), ហ៊ុន ម៉ា​នី (២៧ វិច្ឆិកា ១៩៨២) និង ហ៊ុន ម៉ាលី (៣០ ធ្នូ ១៩៨៣)​។

២) អាជីព​នយោបាយ​៖
​ដោយ​មើលឃើញ​ពី​ការ​ប្រល័យពូជសាសន៍​នៃ​នយោបាយ​របស់ ប៉ុល ពត នៅ​ឆ្នាំ​១៩៧៧ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាក​ចេញពី​គ្រួសារ​ជាទី​ស្រឡាញ់​ម្តង​ទៀត ដើម្បី​ដឹកនាំ​ចលនា​តស៊ូ​មួយ ដែលមាន​គោលបំណង​រំដោះ​ប្រទេស​កម្ពុជា និង​ប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍​។

នៅ​ឆ្នាំ​១៩៧៨ សម្តេច ហ៊ុន សែន បាន​ក្លាយ​ជា​សមាជិក​ស្ថាបនិក​នៃ​រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។ ដោយមាន​ការ​សហការ​ជាមួយ​ចលនា​ស្នេហា​ជាតិ​នានា និង​ការ​គាំទ្រ​ពី​កងកម្លាំង​ស្ម័គ្រចិត្ត​វៀតណាម រណសិរ្ស​បាន​សង្គ្រោះ​ប្រទេស និង​ប្រជាជន​កម្ពុជា​ទាំងស្រុង​នៅ​ថ្ងៃ ០៧ មករា ១៩៧៩។

ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​មុន​ឆ្នាំ​១៩៩៣ សម្តេច​តេ​ជោ ហ៊ុន សែន បានទទួល​ដឹកនាំ​មុខតំណែង​ជាច្រើន ក្នុង​រដ្ឋបាល​កម្ពុជា ទាំង​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​ក្រោយមក ប្តូរ​ជា រដ្ឋ​កម្ពុជា​។

សម្តេច​តេ​ជោ ហ៊ុន សែន ជា​រដ្ឋមន្ត្រីការបរទេស នៅ​ឆ្នាំ​១៩៧៩ ជា​អនុប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេស ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៨៥ និង​ជា​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេស ពី​ឆ្នាំ១៩៨៥ ដល់​ឆ្នាំ​១៩៩១​។

សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ​មាន​មនុញ្ញផល​គួរ​ឲ្យ​កត់សំគាល់​ជាច្រើន ដែល​រៀបរៀង​បានជា​មូលដ្ឋាន សម្រាប់​ធ្វើ​ឲ្យ​មាន​សន្តិ​ភាព ការ​បង្រួបបង្រួម​ជាតិ និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​។ តាមរយៈ​ការ​រួម​ចំណែក​ប្រកបដោយ​សុច្ឆន្ទៈ និង​ការ​ប្រឹងប្រែង សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំដែង​ឲ្យ​ឃើញ​ថា ជា​ស្ថាបត្យករ​ដ៏​មោះមុត​មួយ​រូប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព ស្តីពី កម្ពុជា​។​

ឆ្លងតាម ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព និង​ការបោះឆ្នោត​សកល​ឆ្នាំ​១៩៩៣ ចាប់ពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ​១៩៩៨ សម្តេច​តេ​ជោ ហ៊ុន សែន មានភ័ព្វ​វាសនា​បាន​បម្រើ​ប្រទេស​កម្ពុជា​ជា​បន្ត​ទៀត ក្នុងឋានៈ​ជា​សហ​នាយករដ្ឋមន្ត្រី និង​ក្រោយ​មក​ជា​នាយករដ្ឋមន្ត្រី​ទី​ពីរ នៃ​រាជរដ្ឋាភិបាល​ចម្រុះ​លើកដំបូង​របស់​កម្ពុជា​។

នៅក្នុង​តំណែង​នេះ ជាថ្មី​ម្តងទៀត លោក​បានបង្ហាញ​ឲ្យ​ឃើញ​ថា ជា​សកម្មជន​ដ៏​ស្វាហាប់ ដែល​ការពារ​ជាដាច់ខាត​នូវ​មនុញ្ញផល​ជាតិ និង​ធ្វើ​ឲ្យ​សម្រេច​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ក្នុង​រយៈពេល​នេះ សម្តេច​បាន​យកចិត្តទុកដាក់​មិនអាច​គណនា​បាន លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវ​ជនបទ សាលារៀន មន្ទីរ​សុខភាព និង​ទឹកស្អាត។

នៅ​ខែកក្កដា ឆ្នាំ​១៩៩៨ ការបោះឆ្នោត​សកល​លើក​ទី​ពីរ បាន​ដំណើរការ ហើយ​នាំ​ជា​ជោគជ័យ​អោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អនុប្រធាន​។ សម្តេច បាន​ក្លាយជា​នាយករដ្ឋមន្ត្រី ដឹកនាំ​រដ្ឋាភិបាលចម្រុះ​ទី​ពីរ ដែល​មាន​គណបក្ស​នយោបាយ​ធំ​ពីរ​ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស ហ៊្វុនស៊ិនប៉ិច ហើយ​បាន​ប្រកាស​ជា​ឱឡារិក​ថា រដ្ឋាភិបាល​របស់លោក គឺជា “​រដ្ឋាភិបាល​សេដ្ឋកិច្ច​”​។

គឺ​ជា​មួយនឹង​ការដឹកនាំ​របស់​សម្តេច​នេះហើយ ដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក​ទី​១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​ភាគ​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន និង​បានបញ្ចប់​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ នូវ​ការគំរាមកំហែង​របស់​ខ្មែរក្រហម ដោយ​ការ​ធ្វើ​ឲ្យ​ឯកភាព​ទឹកដី​កម្ពុជា​ទាំងមូល នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ១៩៩៨។

តាមរយៈ​ការបោះឆ្នោត​សកល នៅ​ខែកក្កដា ឆ្នាំ​២០០៣ ក្នុងនាម​ជា​បេក្ខជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​មុខតំណែង​នាយករដ្ឋមន្ត្រី ជាថ្មី​ម្តង​ទៀត សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ទទួលបាន​ជោគជ័យ​។

ក្រោយ​រយៈ ១១​ខែ នៃ​ការ​ស្រាយ​វិបត្តិ​នយោបាយ សម្តេច​តេ​ជោ ហ៊ុន សែន បានទទួល​ជោគជ័យ​ក្នុង​ការ​បង្កើត​សម្ពន្ធភាព​ជាថ្មី​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ នៅ​ថ្ងៃ ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ដោយ​អនុវត្ត​ធម្មនុញ្ញ​បន្ថែម ដែល​អនុញ្ញាត​ឲ្យ​ដំណើរការ​នូវ​ការបោះឆ្នោត​ជា​កញ្ចប់ សភាជាតិ បាន​សម្រេច​ជ្រើសតាំង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​បាន​ផ្តល់​សច្ចានុមតិ​ដល់​រដ្ឋាភិបាលចម្រុះ​អាណត្តិ​ទី​បី រវាង​គណបក្ស​ប្រជាជន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។​
​នៅ​ថ្ងៃ​១៦ កក្កដា ឆ្នាំ​២០០៤ ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៃ​នីតិកាល​ទី ៣ សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ “​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធិភាព​” សម្រាប់​កម្ពុជា ជាការ​បន្ត​ការអនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​ត្រីកោណ ដែល​សម្តេច​បានដាក់​ចេញ​ពី​អាណត្តិ​មុន​។

ថ្ងៃ ២៣ វិច្ឆិកា ឆ្នាំ ២០០៥ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​ប្រជាជន បានសម្រេច​ជា​ឯកច្ឆន្ទ ជ្រើសតាំង​សម្តេច​តេ​ជោ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​បេក្ខជន សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៤ នៃ​រដ្ឋសភា​។

ថ្ងៃ ២៤ កញ្ញា ឆ្នាំ​២០០៨ បន្ទាប់ពី​បាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​សកល កាលពី​ថ្ងៃទី​២៧ កក្កដា ឆ្នាំ២០០៨ ដែល​គណបក្ស​ប្រជាជន​ទទួល​បាន ៩០ អាសនៈ ក្នុងចំណោម ១២៣ អាសនៈ​ក្នុង​រដ្ឋសភា​។ សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​បាន​ជ្រើសតាំង​ដោយ​រដ្ឋសភា នីតិកាល​ទី ៤ និង​ចាត់​តាំងពី​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ ៥ ឆ្នាំ​ថ្មី (២០០៨ ដល់ ២០១៣)​។

ថ្ងៃ ២៣ កញ្ញា ឆ្នាំ ២០១៣ សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​បាន​ជ្រើសតាំង ដោយ​រដ្ឋសភា​នីតិកាល​ទី ៥ និង​បានការ​យល់ព្រម​ពី​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ជា​នាយករដ្ឋមន្ត្រី សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត (២០១៣ ដល់ ២០១៨)​។ ក្នុង​ការ​បោះឆ្នោត​សកល ថ្ងៃ ២៨ កក្កដា ឆ្នាំ២០១៣ គណបក្ស​ប្រជាជន​បាន​ឈ្នះ​សម្លេង​ភាគច្រើន ៦៨ អាសនៈ ក្នុង​រដ្ឋសភា ដែលមាន ១២៣ អាសនៈ​។

បន្ទាប់ពី​មរណភាព​របស់​សម្តេច​ជាស៊ីម ក្នុង​ជន្មាយុ ៨៣​ឆ្នាំ ដោយ​ជរាពាធ នៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ២០១៥ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

ក្រោយ​ការបោះឆ្នោត ឆ្នាំ​១៩៩៣ ដោយ​មើលឃើញ​ពី​ការប្រឹងប្រែង និង​ការ​រួម​ចំណែក​ដ៏​ធំធេង​ប្រកបដោយ​ឆន្ទៈ ចំពោះ​បុព្វហេតុ​បង្រួបបង្រួម​ជាតិ សន្តិភាព និង​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ព្រះមហាក្សត្រ នរោត្តម សីហនុ ប្រទាន​គោ​រម្យ​ងារ​ជា “​សម្តេច​”​។

គោ​រម្យ​ងារ​ជា “​សម្តេច​” នេះ ក៏​ត្រូវ​បាន​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ប្រទាន​ដល់​សម្តេច​ជាស៊ីម និង​សម្តេច​ហេង​សំរិន ក្នុងពេល​ដំណាលគ្នា​ផងដែរ​។

​នៅ​ថ្ងៃទី​១២ ខែតុលា​ឆ្នាំ​២០០៧ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជទាន គោ​រម្យ​ងារ “​ស​ម្តេ​អគ្គ​មហា​សេ នា​ប​តី​តេ​ជោ ហ៊ុន សែន​” ជូន​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ផងដែរ​។ ក្នុងនោះ សម្តេច ជា ស៊ីម និង​សម្តេច ហេង សំរិន ក៏​ទទួល​បាន​គោ​រម្យ​ងារ​ថ្ម​ដូច គ្នា គឺ “​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម​” និង “​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​”។

ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ទទួល​សញ្ញាប័ត្រ​ជាច្រើន​ដែល​ខ្លះ​បាន​ពី​ការសិក្សា​និង​ខ្លះ​ទៀត​បាន​ពីបទ​ពិសោធន៍​ការងារ។ ក្រៅពី​នេះ​ក៏​មាន​គោ​រម្យ​ងារ​ពានរង្វាន់​និង​មេដាយ​ព្រម ទាំង​សមិទ្ធផល​ច្រើន​រាប់មិនអស់ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​បាន​និង​សម្រេច​បាន​សម្រាប់ ជាតិ​មាតុភូមិ​កម្ពុជា ជាពិសេស​គឺ​ការ​នាំមក​នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍ រួមទាំង​ការ​រក្សា​នូវ​សុខសន្តិភាព និង​បន្ត​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114