ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ដ្រី​ឲ្យ​រាជបណ្ឌិត្យសភា​នគរបាល​ខិតខំ​បង្កើន​សមត្ថភាព​ទាក់ទង​បញ្ហា​ប្រឆាំង​ចារកម្ម​និង​ភេរវកម្ម

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​រាជបណ្ឌិត្យសភា​នគរបាល​កម្ពុជា​ខិតខំ​ពង្រឹង​លើ​ជំនាញ​បន្ថែម​ទៀត​ ដើម្បី​យក​មក​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​របស់​រាជបណ្ឌិត្យសភា​នគរបាល​កម្ពុជា​។ ជំនាញ​ដែល​សម្តេច​តេ​ជោ​បាន​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​បញ្ហា​សន្តិសុខ​ប្រពៃ ណី​និង​សន្តិសុខ​មិន​ប្រពៃណី​ដែល​ត្រូវ​ចងក្រង​ជា​មេរៀន​ដើម្បី​បង្រៀន​ទៅលើ​កងកម្លាំង​នគរបាល​របស់​យើង​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​វិទ្យាសាស្ត្រ​នគរបាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ថ្នាក់​បរិញ្ញាបត្រ និង វិញ្ញាបនបត្រ ជូន​ដល់​និស្សិត​នាយ​នគរបាល​បន្តវេន និង សិក្ខាកាម​ជយលាភី​ចំនួន ១,៤៦៥​នាក់​នៃ​រាជបណ្ឌិត្យសភា​នគរបាល​កម្ពុជា​នា​ព្រឹក​ថ្ងៃទី០៥ ខែសីហា ២០១៩ នៅ​រាជបណ្ឌិតសភា​នគរបាល​កម្ពុជា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា យើង​ត្រូវ​ពិនិត្យ​មើល​ថា ​តើ​នៅមាន​ជំនាញ​អ្វី​ទៀត​ដែល​ចាំបាច់​ត្រូវ​យកមក​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​របស់​នគរបាលជាតិ​។ សម្តេច​តេ​ជោ​បាន​បន្តថា យើង​ត្រូវ​មើល​ឃើញ​ថា ​សន្តិសុខ​ប្រពៃណី​និង​សន្តិសុខ​មិន​ប្រពៃណី​វា​បាន​លេចឡើង​កាន់​តែ​ច្រើន​ក្នុង​រយៈពេល​កន្លង​ទៅ​ហើយ​ស្ថានការណ៍​នេះ​ គឺ​តម្រូវ​ឲ្យ​យើង​ត្រូវ​ការ​ដើរ​ឲ្យ​ទាន់​សភាពការណ៍​នេះ​ដើម្បី​គ្រប់គ្រង​សភាពការណ៍​នេះ​។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទាក់ទង​នឹង​ភេរវកម្ម ​ដែល​រឿង​នេះ​វា​ជា​រឿង​ដែល​បាន​កើតឡើង​គំរាមកំហែង​ពិភពលោក​នៅតែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​មានការ​ថយ​ចុះ​បន្តិច​ហើយ ប៉ុន្តែ​មិនទាន់​ប្រាកដ​ទេ​ថា​អំពើ​ភេរវកម្ម​នេះ​នឹង​មាន​ការ​ធ្លាក់​ចុះ​នោះ​ទេ​។ សម្តេច​បាន​បន្ត​ថា​ សូម្បីតែ​ពី​ម្សិលមិញ​នៅ​សហរដ្ឋអាមេរិក​វា​ដូចជា​មិនមែន​ជា​អំពើ​ភេរវកម្ម​ទេ តែ​ជា​ការ​បាញ់​ប្រហារ​ដ៏​ចម្លែក នៅ​រដ្ឋ​តិច​សា​ស់មនុស្ស ២០នាក់​ ត្រូវ​បាន​ស្លាប់​ហើយ​មនុស្ស២៧​នាក់​បាន​របួស​។ នៅ​រដ្ឋ​អូ​ហៃ​យ៉ូ​ក៏​មាន​ការ​បាញ់ប្រហារ​បែប​នេះ​ដែរ​ ក្រៅពីនោះ​ក៏​មាន​ការវាយប្រហារ​ភេរវកម្ម​ជា​ការ​វាយប្រហារ​សងសឹក​គ្នា​ទៅវិញទៅមក​ខាង​សាសនា​នៅ ណូ​វែ​ល​សេ​ឡង់​នោះ រួចហើយ​ទៅ​វាយប្រហារ​សងសឹក​នៅ​ស្រីលង្កា​បង់​។

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា បញ្ហា​ទាំងអស់​នេះ​សុទ្ធតែ​ជា​បញ្ហា​ដាក់​ឲ្យ​យើង​នូវ​បញ្ហា​ប្រឈម​ដែល​ទាក់ទង​ទៅ​នឹង​ការងារ​ចារកម្ម​នឹង​ការ​ប្រឆាំង​ភេរវកម្ម​ដែល​ទាំងអស់​នេះ ​គឺជា​ចំណុច​ដែល​អត់​លោក​បាន​ធ្វើ​អស់ហើយ​។ ប៉ុន្តែ​យើង​បញ្ចេញ​មក​សិក្សា​ប៉ុន្មាន​សម្រាប់​ជំនាញ​បែបនេះ​នោះ​គឺ​ត្រូវ​គិតគូរ​ពិចារណា​បាន​ដិតដល់ តើ​អ្វី​ទៀត​ដែល​អាច​ត្រូវ​ទទួល​បាន​នូវ​ការសិក្សា​។ ដោយសារ​បញ្ហា​នេះ​កម្ពុ​ជាមាន​ទំនាក់ទំនង​ច្រើន​នៅ​ក្នុង​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ក្របខណ្ឌ​កម្លាំង​នគរ​តំណាង​ប្រដាប់អាវុធ​ជាទូទៅ យើង​អាច​យកមក​ចងក្រង​ជា​ទ្រឹស្តី​ដោយឡែក​សម្រាប់​កម្ពុជា​ធ្វើការ​រៀនសូត្រ។ បើ​និយាយ​ពី​កម្ពុ​ជាមួយ​ម៉ាត់​កម្ពុជា​ក្នុង​អតីតកាល​របស់ខ្លួន​ក​ម្ពុ​ជា​រៀន​ពី​ប្រទេស​ច្រើនណាស់​បើ​និយាយ​ពី​យោធា​វិញ​គឺ​រៀន​ពី​ប្រទេស​ជាច្រើន​មែនទែន​។ ដូចនេះ​យើង​គួរ​ចងក្រង​ជា​មេរៀន​របស់​យើង​មួយ​ដើម្បី​ឲ្យ​យើង​បញ្ចេញ​ទៅ​ក្លាយទៅជា​មេរៀន​ដ៏​មាន​ប្រសិទ្ធភាព​មួយ​សម្រាប់​កម្លាំង​ប្រដាប់​អាវុធ​របស់​យើង​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ស្នើ​ឲ្យ​រាជបណ្ឌិត្យសភា​នគរបាល​កម្ពុជា​ខិតខំ​រៀបចំ​ចងក្រង​ឯកសារ​បង្រៀន​ដើម្បី​ពង្រឹង​សមត្ថភាព​នគរ​បាល​ជាតិ​,​ទាំង​មុខ​វិជ្ជា​ដែល​មាន​ស្រាប់​និង​វិជ្ជា​ដែល​ត្រូវ​ចងក្រង​មក​ដាក់បញ្ចូល​បន្ថែម​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​ការខិតខំ​បណ្តុះបណ្តាល​ធនធានមនុស្ស​។ សម្តេច​បាន​សុំ​ស្នើ​ឲ្យ​មន្ត្រី​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​ថ្ងៃ​នេះ​យកចំណេះ​វិជ្ជា​ទាំងឡាយ​ដែលមាន​ទៅ​អនុវត្ត​ឲ្យ​បាន​ជាក់ស្ដែង​ដើម្បី​បម្រើ​សន្តិសុខ​ជាតិ​របស់​យើង​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា កុំភ្លេចថា​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ឈានឡើង​របស់ខ្លួន​រដ្ឋាភិបាល​របស់​យើង​តាំងពី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​,​រដ្ឋ​កម្ពុជា​រហូតដល់​រាជរដ្ឋាភិបាល​យើង​តែង​ចាត់ទុកថា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិ​សណ្តាប់ធ្នាប់​សង្គម គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង។ គេ​មិន​អាច​មានការ​អភិវឌ្ឍ​មួយ​ដោយ​គ្មាន សន្តិភាព ស្ថេរភាព​នយោបាយ សន្តិ​សណ្តាប់ធ្នាប់​សង្គម​នោះ​ទេ​។ ដូចនេះ​តាមរយៈ​សេនាធិការ​នៃ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​ក្រឡាហោម​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានដាក់​ចេញ​នូវ​គោលនយោបាយ​និង​មានការ​គាំទ្រ​រួម​ពី​សំណាក់​រាជរដ្ឋាភិបាល​និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នោះ​ហើយ​គឺជា​គោលដៅ​ដែល​យើង​ត្រូវ​ឆ្ពោះទៅកាន់​ទីនោះ​។ ចំណុច​នេះ​នៅតែ​ជា​ចំណុច​ស្នូល​នៃ​សកម្មភាព​បន្ត​សម្រាប់​សន្តិសុខ​ផ្ទៃក្នុង​របស់​យើង​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅតែ​បន្តថា​សន្តិភាព​ស្ថិរភាព​នយោបាយ​និង​សណ្ដាប់ធ្នាប់​សង្គម​នៅតែ​ជា​គោលដៅ​ចម្បង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​របស់​យើង។ អញ្ចឹង​ក្រសួងមហាផ្ទៃ​និយាយ​ជា​រួម​នឹង​នគរបាល​និយាយ​ដោយឡែក​គឺជា​ប្រតិបត្តិ​ករ​ដ៏​សំខាន់​នៅក្នុង​កិច្ចការងារ​នេះ។ បើ​និយាយ​អំពី​កំណែទម្រង់​យើង​មានការ​កែទម្រង់​ច្រើន​ណាស់​ ក៏ប៉ុន្តែ​ក្រសួងមហាផ្ទៃ​បាន​ដើរ​តួនាទី​ពីរ​សំខាន់​គឺ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​និង​កំណែទម្រង់​កងកម្លាំងប្រដាប់អាវុធ​មិនមែន​ក្តោប​ទាំងអស់​នោះទេ​។ ក៏ប៉ុន្តែ​រដ្ឋបាល​សាធារណៈ​ក៏មាន​តាមរយៈ​របស់​រដ្ឋបាល​ដែនដី​និង​ទាក់ទិន​ជាមួយ​នឹង​កម្លាំង​ប្រដាប់​អាវុធ​ស្ថិត​នៅ​មួយ​ផ្នែក​នៃ​កម្លាំង​ប្រដាប់អាវុធ​របស់​ជាតិ​របស់​យើង នៅ​ក្នុង​ការថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ក៏ដូចជា​កំណែទម្រង់​របស់​យើង​ត្រូវ​ដើរទៅ​មុខ​ហើយ​ឥលូវ​កិច្ចការ​របស់​ក្រសួងមហាផ្ទៃ​ គឺ​កាន់តែ​ធំ​និង​កាន់​តែ​ច្រើន​សម្បូរបែប​រដ្ឋ​មន្ត្រី​ ឬ ស្ទើរតែ​រក​ពេល​សម្រាក​មិន​បានទេ​ជួញដូរ​គ្រឿងញៀន​ក៏ នៅ​ទីនោះ​ជួញដូរ​ស្ត្រី​ក៏​នៅទីនេះ៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114