ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម អញ្ជើញ សំណេះសំណាល​ជាមួយ​កសិករ​ផលិត​បន្លែ​សុវត្ថិភាព​ចំនួន ១៥០​គ្រួសារ របស់​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង

ភ្នំពេញ​ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កាលពី​ថ្ងៃ​សៅរ៍ ទី​៣ ខែសីហា ឆ្នាំ​២០១៩ នេះ រួម​នឹង​អាជ្ញាធរ ពាក់ព័ន្ធ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កសិករ​ផលិត​បន្លែ​សុវត្ថិភាព​ចំនួន ១៥០​គ្រួសារ របស់​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង នៅក្នុង​បរិវេណ​វត្ត​កោះ​ពាម​រាំង ភូមិ​កោះ​ពាម​រាំង ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។

បន្ទាប់ពី​លោក​ប្រធាន​មន្ទីរ និង​អភិបាលរង​ខេត្ត​បាន​រាយការណ៍ និង​ធ្វើ​ចំណាប់អារម្មណ៍​ទាក់ទង​នឹង សកម្មភាព​ផលិត​បន្លែ​សុវត្ថិភាព​នៅ​តំបន់​នេះ​រួចមក លោក រដ្ឋមន្ត្រី បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​កសិករ​ផលិត​បន្លែ​ដោយ​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ប្រកាន់យក​អាជីព​ជា​អ្នក​ដាំ​បន្លែ​ដើម្បី​កែប្រែ​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​បានល្អ​ប្រសើរ​។

ព្រម​ជា​មួយ​គ្នា​នេះ​ លោក​ក៏បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​កសិកម្ម មន្ទីរ​កសិកម្ម​ខេត្ត និង​មន្ត្រី​អនុវត្ត​គម្រោង​ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​គម្រោង​សម្រេច​បាន​លទ្ធផល​ល្អ​ដូច​យើង​បាន​ឃើញ​នា​ថ្ងៃនេះ ជាពិសេស​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ផ្តោតជាសំខាន់​ទៅលើ​ការផលិត​បន្លែ​សុវត្ថិភាព​ក្នុងទិសដៅ​លើកកម្ពស់​កម្រិតជីវភាព​កសិករ​តាមរយៈ ការ​បង្កើន​ផលិតភាព​ផលិតកម្ម​បន្លែ​ក្នុងស្រុក និង​ឈានទៅ​កាត់បន្ថយ​បរិមាណ​បន្លែ​នាំចូល​ពី​ប្រទេសជិតខាង​។

ឆ្លៀត​យក​ឱកាស​ដ៏​មានតម្លៃ​នេះ លោក​បាន​ផ្តល់​យោបល់​ជា​រួម​ដោយ​សំដៅ​ទៅលើ​ការអនុវត្ត​បច្ចេកទេស​បន្ថែម​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​បន្លែ រៀបចំ​ចងក្រង​សហគមន៍​ផលិត​បន្លែ​សុវត្ថិភាព​ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន​តាម​រយៈ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ គុណភាព និង​តម្លៃ​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ទីផ្សារ​ជា​អ្នកកំណត់​គុណភាព និង​សុវត្ថិភាព ដោយហេតុ​នេះ​អ្នក​ផលិត​ត្រូវ​ចាប់​យក​ឱកាស​ទីផ្សារ​ឲ្យ​បាន មាន​ទីផ្សារ​មាន​ការបញ្ជាទិញ ហើយ​មាន​ការបញ្ជាទិញ ទើប​មាន​ផែនការ​ផលិត ច្បាស់លាស់ មាន​យន្តការ​អនុវត្ត​បច្ចេកទេស​ត្រឹមត្រូវ ដល់ពេលនេះ​អ្នក​ផលិត​យើង​ឈប់​ផលិត​បន្លែ​រដូវ និង​ឈប់​ផលិត​តាម​គ្នា​។ ក្រៅពីនេះ ត្រូវ​ពង្រីក​លទ្ធភាព​ដាំ​ដុះ​ឲ្យ​អស់​សមត្ថភាព​ដើម្បី​ធានា​ឲ្យ​បាន​ទាំង​បរិមាណ​និង​គុណភាព ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ ឈានទៅ​កាត់បន្ថយ​ការនាំ​ចូល​។

អគ្គនាយកដ្ឋាន​កសិក​ម្ម មន្ទីរ​កសិកម្ម​ត្រូវ​សិក្សា​ពី​លទ្ធភាព​ចងក្រង​សហគមន៍​ផលិត កំណត់​ឲ្យ​បាន​ច្បាស់​ពី​លក្ខណៈ​អំណោយផល​តំបន់​ដាំ​ដុះ​បន្លែ​ដើម្បី​ទាក់ទាញ និង​តម្រង់ទិស​ដល់​អ្នក​ផលិត និង​អ្នក បញ្ជា​ទិញ ងាយស្រួល​កំណត់​ប្រភេទ​បន្លែ​ដែល​ទីផ្សារ​ត្រូវការ​។ សិក្សា​ពី​លទ្ធភាព​នៃ​ការ​បង្វែរ​ទិសដៅ​ដាំ​ដុះ​ដំណាំ​ដែល​គ្មាន​ទីផ្សារ​ច្បាស់លាស់ ផ្តល់​ទិន្នផល​ទាប ប្រើប្រាស់​ទឹក​ច្រើន និង​ពលកម្ម​ថែទាំ ងាក​មក​ដាំ​បន្លែ ដែល​សមស្រប​ទៅនឹង​ស្ថានភាព​ភូមិសាស្ត្រ​អំណោយផល គុណ ភាព​ដី លទ្ធភាព​ទឹក និង​ពលកម្ម និង​ជាពិសេស​និន្នាការ​នៃ​កំណើន​តម្រូវការ​ផលិតផល​ប​ន្លែ​សុវត្ថិភាព​កាន់តែ​កើន​ឡើងជា​លំដាប់​។ ត្រូវ​ស្វែងរក​ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន​សហការគ្នា​បង្កើត​មជ្ឈមណ្ឌល​ប្រមូល​ទិញ ផ្គត់ផ្គង់ និង​ចែកចាយ ដោយ​រៀបចំ​ប្រព័ន្ធ​វេច​ខ្ចប់ រក្សាទុក​ក្នុង​ទូរ​ត្រជាក់ និង​ដឹកជញ្ជូន​ត្រឹមត្រូវ​តាម​បច្ចេកទេស​។

​សូម​បញ្ជាក់​ជូន​ផងដែរ​ថា​ គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង ត្រូវបាន​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​ជាង ២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក យក​ទៅ​អនុវត្ត​គម្រោង​ក្នុង​ខេត្ត​គោលដៅ​ចំនួន​១១ ក្នុង​បំណង​ផលិត​ពូជស្រូវ​ក្រអូប និង​ប្រភេទ​បន្លែ​សុវត្ថិភាព​ប្រកបដោយ​និរន្តរភាព ក្នុង​ទិស​ដៅ​កាត់បន្ថយ​ការ​នាំ​ចូល ដោយ​កំណត់​គោលការណ៍​ផលិត​ឲ្យ​បាន​ស្រូវ​ក្រអូប​ចំនួន​១៥​ពាន់​តោន​/​ឆ្នាំ និង​បន្លែ​ចំនួន ៦០​ពាន់​តោន​/​ឆ្នាំ​នា​ឆ្នាំ​២០១៩​។ គម្រោង បាន​ជ្រេ​ី​ស​យក​សហគមន៍​៦០ ផលិត​ពូជ ២០០ សហគមន៍​ផលិត​ស្រូវ​ចំណី កសិករ​ចំនួន​២០០០​គ្រួសារ​ផលិត​បន្លែ​ខ្នាត​មធ្យម និង​៦០​គ្រួសារ​ទៀត​ផលិត​បន្លែ​ខ្នាត​ធំ ដោយ​ត្រូវ​អនុវត្តតាម​គោលការណ៍​ស្តីពី​ការអនុវត្ត​កសិកម្ម​ល្អ​(Good Agricultural Practices, GAP)៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114