ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​ប្រមាណ​៥០​គ្រួសារ តំណាង​ប្រជាពលរដ្ឋ​ជាង​១៤០​គ្រួសារ​ដាក់​ញត្តិ​ជា​លើក​ទី​២​ស្នើសុំ​កាត់​ឆ្វៀល​ដី​ជាយ​បឹង​វាល​សំណាប​ចេញពី​អនុក្រឹត្យ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​៥០​គ្រួសារ តំណាង​ប្រជាពលរដ្ឋ​ជាង​១៤០​គ្រួសារ នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា បានដាក់​ញត្តិ​ជា​លើក​ទី​២ ដល់​មុខ​ភូមិគ្រឹះ​សម្ដេច​តេ​ជោ ដើម្បី​ស្នើសុំ​កាត់​ឆ្វៀល​ដី​ជាយ​បឹង​វាល​សំណាប​ចេញពី​អនុក្រឹត្យ ដែល​ស្នើឡើង​តាមរយៈ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​គ្រប់គ្រង​តំបន់​នោះ​។​

ក្រុម​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ក្ដី​កណ្ដាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម បានលើកឡើង​ក្នុង​ញត្តិ​នោះ​ដោយ​ស្នើ​កាត់​ដី​ជិត​៨០​ហិកតា ចេញពី​អនុក្រឹត្យ​លេខ​២៥ អនក្រ​.​បក ចុះ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ដែល​បាន​គ្រប់គ្រង​ដី​បឹង​វាល​សំណាប​ជាង​៤​ពាន់​៨​រយ​ហិកតា​។​

តំណាង​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ដីស្រែប្រាំង​បណ្ដេញ​ទឹក និង​ដីចំការ​ដំណាំ​នៅ​តំបន់​នោះ​ត្រូវបាន​កាន់កាប់​ឡើងវិញ ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ ហើយ​ពួកគាត់​ប្រកប​របរ​រហូតដល់​សព្វ​ថ្ងៃ​គឺ​មិនមាន​ទំនាស់​អ្វី​ឡើយ​។ រហូតដល់​ឆ្នាំ​២០១៦ ក៏​ស្រាប់តែ​រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ហ៊ុមព័ទ្ធ​ដីស្រែ​ចំការ​ទាំងអស់នោះ ដោយ​មិន​អនុញ្ញាត​ឲ្យ​ផ្ទេរសិទ្ធិ ឬ​លក់ដូរ​ទៅ​អ្នកដទៃ​ឡើយ​។ រហូតដល់​ថ្ងៃទី​១១ កក្កដា ឆ្នាំ​២០១៩ ស្រាប់តែ​គណៈកម្មការ​ចម្រុះ​ថ្នាក់​ខេត្ត​បាន​ចុះ​វាស់វែង​បោះបង្គោល​កំណត់​ព្រំ​លើ​ទីតាំង​ដីស្រែ​ចំការ​នោះ​ផ្ទាល់ ហើយ​ក្រុម​ប្រជាពលរដ្ឋ​បាននាំគ្នា​ប្រតិកម្ម​តវ៉ា ទើប​ក្រុមការងារ​បាន​ដកថយ​ហើយ​ផ្អាក​ការកំណត់​ព្រំប្រទល់​។​

ប្រជាពលរដ្ឋ​លើកឡើង​ទៀតថា ទីតាំង​អនុក្រឹត្យ​ហាមឃាត់​នោះ មាន​រៀង​ជា​ពយ​.​ឆក​ចូលមក​ជិត​ដល់​ថ្នល់ជាតិ និង​លំនៅឋាន​របស់​អ្នកភូមិ ជាហេតុ​ធ្វើ​ឲ្យ​ម្នាក់ៗ​បាត់​ដីស្រែ​ចំការ​ស្ទើរ​អស់ទាំង​ស្រុង​។ ដូច្នេះ​ពួកគាត់​ស្នើសុំ​សម្ដេច​តេ​ជោ និង​ថ្នាក់ដឹកនាំ​តាម​ក្រសួង​មេត្តា​កាត់​ឆ្វៀល​ដី​ប្រមាណ​៨០​ហិកតា​ចេញពី​អនុក្រឹត្យ​នោះ ដើម្បី​បាន​សិទ្ធិ​កាន់កាប់​ដោយ​ស្របច្បាប់​ផង​ចុះ​។​

គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​ប្រជាពលរដ្ឋ​បាននាំគ្នា​ដាក់​ញត្តិ​ស្នើសុំ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយ​កាលពី​ឆ្នាំ​២០១៧ ក្រុម​ប្រជាពលរដ្ឋ​បានដាក់​ញត្តិ​តាមរយៈ​អភិបាលស្រុក អភិបាលខេត្ត​ដែរ ប៉ុន្តែ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ចេះតែ​សន្យា​ពន្យារពេល​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​។

ពាក់ព័ន្ធ​នឹង​រឿងនេះ​ដែរ កន្លងមក​លោក​ភឹម ភី​រ៉ា អភិបាលស្រុក​ល្វាឯម​ធ្លាប់បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ដោយ​កំណត់​ផ្ទៃ​បឹង​វាល​សំណាប ទំហំ ៤.៨១៥​ហិកតា ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។ ដូច្នេះ​តំបន់​នោះ​ស្ថិតក្រោម​ការ​គ្រប់គ្រងរបស់រ​ដ្ឋ គឺ​មិនអាច​ផ្ទេរសិទ្ធិ​លក់ដូរ​ឬ​ចាត់ចែង​បន្ត​បានឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114