ព័ត៍មានទាន់​ហេតុការណ៏
Search

ជប៉ុន​ជំរុញ​ឲ្យ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ហាមឃាត់​នុយក្លេអ៊ែរ​រប​ស់​ UN នៅ​ថ្ងៃ​ខួប​នៃ​ការ​វាយប្រហារ​បរមាណូ​លើ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា

អភិបាលក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​បាន​ជំរុញ​ឲ្យ​ប្រទេស​ជប៉ុន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អង្គការសហប្រជាជាតិ​ដែល​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​ខណៈ​ទីក្រុង​នេះ​បាន​ប្រារព្ធ​ខួប​៧៤​ឆ្នាំ​ចាប់តាំងពី​ខ្លួន​ត្រូវ​បានកំណត់​គោលដៅ​នៅក្នុង​ការវាយប្រហារ​ប​រ​មា​ណូ​ដំបូងបង្អស់​របស់​ពិភពលោក​។​

​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe បាន​ដឹកនាំ​ការធ្វើ​ពិធី​រំលឹក​នៅ​ឧទ្យាន Peace Memorial Park ក្នុង​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ខណៈដែល​ប្រជាពលរដ្ឋ​បានធ្វើការ​ស្មឹង​ស្មា​ធ អុជ​ទៀន​និង​ដាក់​កម្រងផ្កា​ដើម្បី​ឧទ្ទិស​ដល់​អ្នក​ដែល​ត្រូវបាន​សម្លាប់​ក្នុងការ​ទម្លាក់​គ្រាប់បែក​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​១៩៤៥​។

​ហើយ​លោក​អភិបាលក្រុង Kazumi Matsui បាន​យក​ឱកាស​នេះ​ដើម្បី​ជំរុញ​រដ្ឋបាល​របស់លោក Abe ឲ្យ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ (TPNW) ដែល​ត្រូវ​បានអនុម័ត​ដោយ​ប្រទេស​ជាង​១២០​ប៉ុន្តែ​ត្រូវបាន​បដិសេធ​ដោយ​សហរដ្ឋអាមេរិក​និង​ប្រទេស​ប្រដាប់អាវុធ​នុយក្លេអ៊ែរ​ដ​ទៃទៀត​។​

​លោក Matsui បាន​និយាយថា “​ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​តែមួយគត់​ដែល​បាន​ជួបប្រទះ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​សង្គ្រាម​មួយ​នេះ​ឲ្យ​យល់ព្រម​ចំពោះ​សំណើ​របស់​ជនរងគ្រោះ​ដោយសារ​គ្រាប់បែកបរមាណូ​ដែល​សុំ​ឲ្យ TPNW គួរ​ត្រូវបាន​ចុះហត្ថលេខា​និង​ផ្តល់​សច្ចាប័ន​”​។​

​លោក​បន្តថា “​ខ្ញុំ​សូម​ជំរុញ​ឲ្យ​មេដឹកនាំ​ជប៉ុន​បង្ហាញ​អំពី​សន្តិភាព​នៃ​រដ្ឋធម្មនុញ្ញ​ជប៉ុន​ដោយ​បង្ហាញ​ភាពជា​អ្នកដឹកនាំ​ក្នុងការ​បោះជំហាន​ទៅមុខ​ឆ្ពោះទៅរក​ពិភពលោក​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​”​។​

​ការគំរាមកំហែង​ជា​បន្ត​ពី​អាវុធ​បរមាណូ​នៅក្នុង​តំបន់​ត្រូវ​បានបង្ហាញ​ស្រប​ពេលដែល​ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​គ្រាប់​ចេញពី​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់ខ្លួន​ដែល​នេះ​ជាការ​សាកល្បង​ចុងក្រោយ​បំផុត​។​

​ទន្ទឹមនឹង​នេះដែរ សហរដ្ឋអាមេរិក​និង​រុស្ស៊ី​បាន​បរាជ័យ​ក្នុង​ការបន្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​សម័យ​សង្គ្រាមត្រជាក់​កាលពី​សប្តាហ៍​មុន​ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ជាថ្មី​អំពី​ការប្រកួតប្រជែង​អាវុធ​៕ AFP

ដោយ ​៖ ​វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114