ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ឹម ជីវ៉ា ៖ ​មនុស្ស​មួយ​ចំនួន​ សម័យនេះ ​ភាគច្រើន ​គឺ​ខ្វះ​ការគិត​ពិចារណា ​ល្ងង់​ធ្វើ​ប្រាជ្ញ ខ្លាច​ធ្វើ​ហ៊ាន ក្រ​ធ្វើ​មាន !

​ភ្នំពេញ​ ៖​ តារា​សម្ដែង​ប្រុស ​ចូលចិត្ត​ការងារ​ជួយ​សង្គម​តែង​ទទួលបាន​ការ​លើក​សរសើរ​ពី​មហាជន​លោក អ៊ឹម ជីវ៉ា សុខៗ​ ស្រាប់តែ​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្តបាន​ចេញមុខ​ពន្លះ​បុគ្គល​មួយ​ចំនួន​បង្ក​ការភ្ញាក់ផ្អើល ​និង​ចាប់អារម្មណ៍​ដល់​ទស្សនិកជន​។ ​ខណៈដែល​សារ​មួយ​ឃ្លា​នោះ​ ក៏មាន​ទស្សនៈ​របស់​មហាជន​យល់ឃើញថា​ ពិតជា​ត្រឹមត្រូវ​ផង​នោះ​។​

​ជាការ​កត់សម្គាល់​តារា​ប្រុស​ លោក អ៊ឹម ជីវ៉ា មួយរយៈ​ពេលនេះ​ទាំង​ការងារ​សិល្បៈ ​និង​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​ដូចជា​ការចូលរួម​ចែក​អំណោយ​ជូន​ចាស់ជរា កុមារ​ និង​អ្នក​សិល្បៈ​ដូចគ្នា​ដែល​បាត់បង់​សមត្ថភាព​សម្ដែង ​ឬ​មាន​ជំងឺ​ជាដើម​ គឺ​លោក​ហាក់​កាន់​តែ​មាន​ភាព​លេច​ធ្លោ ​និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន​ខ្មែរ​។​

​ដោយឡែក ​ទន្ទឹមពេល​ជាមួយគ្នា​ដែល​កំពុង​ទទួល​បាន​កា​រ​គាំទ្រ​ និង​ចាប់អារម្មណ៍​លើ​សកម្មភាព​ការងារ​សង្គម​ និង​វិស័យ​សិល្បៈ​ពី​ទស្សនិកជន​នេះដែរ​ ក៏​ស្រាប់តែ ​លោក អ៊ឹម ជីវ៉ា បាន​ទម្លាយ​សារ​ចេញពី​ចិត្ត​បង្កប់​ន័យ​ដាស់​ស្មារតី​ដល់​អ្នក​ចូលចិត្ត​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដើម្បី​ឲ្យ​ពិចារណា​ឡើងវិញ​នូវ​រាល់​កំហុសឆ្គង ​ឬ​ទង្វើ​មួយចំនួន​មុននឹង​រិះគន់​ន​ណា​ម្នាក់​។​

​បើ​ផ្អែក​តាមរយៈ​ខ្លឹមសារ​របស់ លោក អ៊ឹម ជីវ៉ា បាន​សរសេរ​រៀបរាប់​ដូច្នេះ​ថា ​មនុស្ស​មួយចំនួន​សម័យ​នេះ​ភាគច្រើន ​គឺ​ខ្វះ​ការ​គិត​ពិចារណា​ល្ងង់​ធ្វើ​ប្រាជ្ញ​ខ្លាច​ធ្វើ​ហ៊ាន ក្រ​ធ្វើ​មាន !​។ ​អាន​តែ​ចំណង​ជើង​មិន​អាន​អត្ថបទ វិនិច្ឆ័យ​យក​ភ្លាមៗ​កាត់ក្ដី​របៀប​ភ្លើង​ចំបើង ពី​ខ្មៅ​ទៅ​ស ល្អ​ទៅ​អាក្រក់ កុហក​គេ​ជឿ។​ ទោះបីជា​យ៉ាងណា​គេ​នៅ​មិនទាន់​ដឹង​ទេ​ថា​សារ​របស់ លោក អ៊ឹម ជីវ៉ា ខាងលើនេះ​មាន​ចេតនា​ចង់​សំដៅលើ​បុគ្គល​ណា​ម្នាក់ ​ឬ​គ្រាន់តែ​ន័យ​បំផុសស្មារតី​នោះទេ​ ខណៈ​កម្ពុ​ជាថ្មី ​មិនអាច​សូម​ការ​បក​ស្រាយ​បន្ថែម​ពី​ លោក អ៊ឹម ជីវ៉ា បានឡើយ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114