ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Rouhani និយាយ​ថា អ៊ីរ៉ង់​ពេញចិត្ដ​នឹង​ចរចា ​ប៉ុន្តែ​អាមេរិក​ត្រូវតែ​ដក​ទណ្ឌកម្ម

ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង​តេ​អេ​រ៉ង់​ពេញ​ចិត្តនឹង​ពិភាក្សា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ប៉ុន្តែ​សហរដ្ឋអាមេរិក​ត្រូវតែ​ដក​ទណ្ឌកម្ម​ដែល​ខ្លួន​ដាក់​លើ​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​ជាមុនសិន​។​

​លោក Rouhani បាន​និយាយ​នៅក្នុង​សុន្ទរកថា​ដែល​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​រដ្ឋ​ថា “​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ពេញចិត្ត​នឹង​ពិភាក្សា​និង​ចរចា​ប្រសិនបើ​សហរដ្ឋអាមេរិក​ពិតជា​ចង់​ពិភាក្សា​មែន​ប៉ុន្តែ​ខ្លួន​គួរតែ​ដក​ទណ្ឌកម្ម​ទាំងអស់​”​។​

​ថ្លែង​នៅឯ​ក្រសួងការបរទេស​បន្ទា​ប់​ពី​ជួប​ជាមួយ​អ្នកការទូត​កំពូល​របស់លោក​គឺ​លោក Mohammad Javad Zarif, លោក Rouhani បាន​និយាយថា ប្រទេស​អ៊ីរ៉ង់​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​កិច្ចពិភាក្សា​ដោយ​មិន​គិតថា​តើ​សហរដ្ឋអាមេរិក​ជា​ភាគី​ឬ​មិនមែនជា​ភាគី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្ត្រ​នោះទេ​។​

​ដោយ​សំដៅ​ទៅលើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ដែល​ត្រូវបាន​គេ​ស្គាល់​ជា​ផ្លូវការ​ថា Joint Comprehensive Plan of Action, លោក Rouhani បាន​និយាយថា “​តើ​ពួកគេ​ចង់​ចូល​ឬ​មិន​ចង់​ចូល JCPOA ឬ​អត់ នោះ​វា​អាស្រ័យ​លើ​ពួកគេ​”​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ចន្ទ​បានបញ្ជាក់​អំពី​សេចក្តីរាយការណ៍​ដែលថា លោក​បាន​ច្រានចោល​សំណើ​ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី Donald Trump នៅឯ​សេត​វិមាន​។​

​លោក Trump បាន​និយាយ​ជា​សាធារណៈ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ថា​លោក​មាន​ឆន្ទៈ​ក្នុងការ​ជួបពិភាក្សា​ជាមួយ​អ៊ីរ៉ង់​បើទោះបីជា​លោក​ស្តីបន្ទោស​ទីក្រុង​តេ​អេ​រ៉ង់​ថា​ជា​របប​ពុករលួយ អសមត្ថភាព​និង​គ្រោះថ្នាក់​ដែលជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​និង​ផលប្រយោជន៍​អាមេរិក​ក៏ដោយ​។​

​ភាព​តានតឹង​រវាង​អ៊ីរ៉ង់​និង​គូប្រជែង​របស់ខ្លួន​គឺ​សហរដ្ឋអាមេរិក​បាន​កើនឡើង​យ៉ាងខ្លាំង​ចាប់តាំងពី​លោក Trump ប្រកាស​កាលពី​ឆ្នាំមុន​ថា សហរដ្ឋអាមេរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ហើយ​ចាប់ផ្តើម​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​សាធារណរដ្ឋ​ឥស្លាម​នេះ​ឡើងវិញ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114