ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ U-18 កម្ពុជា ថា​ទោះ​មិនមាន​ពេលវេលា​គ្រប់គ្រាន់ ប៉ុន្តែ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ ក្នុង​ពាន​យុវជន​អាស៊ីអាគ្នេយ៍

គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៨​ឆ្នាំ លោក Gyotoku Koji បាន​បង្ហើប​នៅមុន​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍ អាយុ​ក្រោម​១៨​ឆ្នាំ (AFF U-18 Championship 2019) ដែល​ធ្វើឡើង​នៅ​ប្រទេស​វៀតណាម ថា​នឹង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព បើទោះបី​ជាមាន​ពេលវេលា​តិចតួច​ដើម្បី​រៀបចំ​ក្រុម​ក៏ដោយ​។

ថ្លែង​ពី​បន្ទប់​សន្និសីទ​សារព័ត៌មាន នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩ ពោលគឺ​មុន​ការប្រកួត​មកដល់ ២​ថ្ងៃ​ក្នុង​ពានរង្វាន់​ដដែល​ខាងលើ​នេះ គ្រូ​បង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៨​ឆ្នាំ បាន​សន្យាថា​នឹង​នាំ​កម្ពុជា​ធ្វើ​ឲ្យ​បាន នៅ​ចំពោះ​មុខ​គ្រូបង្វឹក​នៃ​ក្រុមយុវជន​ជម្រើស​ជាតិ ៥​ផ្សេងទៀត​ដែល​រួម​ពូ​ល​ជាមួយគ្នា រួមមាន​ម្ចាស់ផ្ទះ ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម អាយុ​ក្រោម​១៨​ឆ្នាំ​, ក្រុមបាល់ទាត់​ជម្រើសជាតិ​អូស្ត្រាលី អាយុ​ក្រោម​១៨​ឆ្នាំ​, ក្រុមបាល់ទាត់​ជម្រើសជាតិ​សិង្ហ​បុរី អាយុ​ក្រោម​១៨​ឆ្នាំ​, ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​អាយុ​ក្រោម​១៨​ឆ្នាំ និង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី អាយុ​ក្រោម​១៨​ឆ្នាំ​។

លោក Gyotoku Koji បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​មាន​ពេលវេលា​យូរ​ដើម្បី​រៀបចំ​ក្រុម​នេះ​ទេ ប៉ុន្តែ​រឿង​មួយ​ដែល​ខ្ញុំ​អាច​សន្យា​បាន គឺ​យើង​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ឲ្យ​បានល្អ​។ ហើយ​កីឡាករ​ភាគច្រើន​មកពី​យុវជន​ថ្នាល​សាលា​បាល់ទាត់​ជាតិ​»​។

យ៉ាងណាមិញ ទោះ​មាន​ពេលវេលា​ប្រមូលផ្ដុំ​ហ្វឹកហាត់ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា អាយុ​ក្រោម​១៨​ឆ្នាំ ក៏បាន​ធ្វើការ​ប្រកួត​ក​ម្ដៅ​សាច់ដុំ​នៅ​ប្រទេស​វៀតណាម ក្នុង​ឱកាស​ដែល​បោះជំរំ​ហ្វឹកហាត់​នៅ​ទីនោះ​ចំនួន ២​ប្រកួត​ផង​ដែរ ដោយ​ទទួល​លទ្ធផល​ល្អ​ទាំង​២​ប្រកួត ពោលគឺ​ប្រកួត​ដំបូង​ឈ្នះ យុវជន​របស់​ក្រុង​ហូជីមិញ ៣-០ នៅ​វគ្គ​ទី​១ ប៉ុន្តែ​នៅ​វគ្គ​ទី​២ ត្រូវបាន​សម្រេច​លុបចោល​ការប្រកួត​ក្រោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ប្រកួត​ទី​២ ជាមួយ​ក្រុម​ដដែល​នេះ បាន​បន្ត​យកឈ្នះ ក្នុង​រយៈពេល​ប្រកួត ៩០​នាទី​ពេញ ២-១​។

គួរ​រំលឹក​ជាថ្មី​ថា ក្នុង​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ កម្ពុជា នឹងត្រូវ​ជួប​ជាមួយ អូស្ត្រាលី ក្នុងជំនួប​បើកឆាក​ពូ​ល B នៅ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច នៅក្នុង​ទីក្រុង​ហូជីមិញ មុន​ជួប ថៃ នៅ​ថ្ងៃទី​៩ បន្ទាប់​មកជួប ម៉ាឡេស៊ី ថ្ងៃទី ១១ និង​សិង្ហ​បុរី នៅ​ថ្ងៃទី ១៣ មុន​ប្រកួត​បិទ​ពូ​ល​ជាមួយ វៀតណាម នៅ​ថ្ង​ទី ១៥​។ នៅក្នុង​ពូ​ល A វិញ ក៏​មាន​ការប្រកួត​រវាង​ក្រុម​ចំនួន ៦​ផងដែរ គឺ មី​យ៉ាន់​ម៉ា​, ឥណ្ឌូនេស៊ី​, ឡាវ​, ទី​ម័​រ​ខាងកើត​, ហ្វីលីពីន និង​ព្រុយ​ណេ​។

សូម​បញ្ជាក់​ថា ស្ថានីយ​ទូរទស្សន៍​រស្មី​ហង្ស​មាស ( Hangmeas HDTV ) នឹង​ទទួល​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ការប្រកួត​ទាំងអស់​របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​នេះ​ទាំងមូល​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114