ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ នឹង​ចាត់វិធានការ​ក្ដៅ​ចំពោះ​បុគ្គល​ ដែល​ចូលចិត្ត​Live​វីដេអូ​ស្លៀកពាក់​សិច​ស៊ី​ និង​ជេរ​បញ្ចោរ​គ្នា​លើ​បណ្ដាញ​សង្គម

ភ្នំពេញ ​៖​ ដោយ​សង្កេតឃើញ​មួយ​រយៈ​នេះ​ មាន​បុគ្គល​មួយ​ចំនួន​ទាំង​តារា​សិល្បៈ​ អ្នកលក់​ផលិត​ផល​អន​ឡាញ​ និង​យុវវ័យ​ខ្មែរ​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ធ្វើជា​គោលដៅ​ក្នុង​ការ​ទាញ​យក​ប្រជា​ប្រិយភាព ​និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តាមរយៈ​ការ​បង្ហោះ​រូបភាព ​និង​Live​វីដេអូ​បញ្ចេញ​ភាព​សិច​ស៊ី ឬ​ជេរ​បញ្ចោរ​គ្នា​យ៉ាង​អនាធិបតេយ្យ​នោះ​ ពេលនេះ​ ក្រសួង ​បានប្រកាស ​នឹង​មាន​វិធានការ​ក្តៅ​លើ​បុគ្គល​ទាំងនេះ។

​បើ​តាម​ការបញ្ជាក់​ពី​ លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ដែល​ចូលរួម​ស្តាប់​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​កាលពី​ថ្ងៃទី​០៦​សីហា​បាន​ឲ្យ​ដឹងថា ​ជា​លទ្ធផល​ដែល​ទទួលបាន​ក្រុមប្រឹក្សា​ពិន័យ​ និង​លើក​សរសើរ​ ដែលមាន​លោកជំទាវ​រដ្ឋមន្ត្រី ភឿង ស​កុ​ណា ជា​ប្រធាន​ បានសម្រេច​ការងារ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ការចែក​ចាយ​ និង​ផ្សព្វផ្សាយ​រូប​ភាព​អាសអាភាស​ជ្រុល​ និង​ការ​ឡាយ​លក់​ផលិតផល​អន​ឡាញ​ស្លៀកពាក់​សិច​ស៊ី​ហួសហេតុ​ និង​ប្រើ​ពាក្យ​អសុរោះ​ផងដែរ​។

​គូស្នេហ៍​របស់ ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា រូបនេះ​បាន​បន្ថែមថា​ ជា​លទ្ធផល​ គឺ​សមាគម​សិល្បករ​ខ្មែរ​និង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ក៏​ជា​សមាជិក​មួយ​ក្នុងចំណោម​៩​សមាគម​ និង​អន្តរ​ក្រសួង​ដែល​ពាក់ព័ន្ធ ដូចដែល​បាន​ភ្ជាប់​មកជា​មួយ​សេចក្តីសម្រេច​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​។​

​ជាមួយគ្នានេះ​ បើ​យោងតាម​សេចក្តីសម្រេច​របស់​ក្រសួង​ក្នុង​ចំណុច​ប្រការ​៨​បាន​បញ្ជាក់ដែរថា ​អ្នក​សិល្បៈ​ទាំង​ក្នុង​អាជីព​ និង​មហាជន​ដែល​បាន​និង​កំពុង​ធ្វើ​សកម្ម​ភាព​ទាក់ទង​នឹង​វិស័យ​សិល្បៈ វប្បធម៌ ហើយ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ក្រម​សីលធម៌​ នៃ​អ្នកសិល្បៈ ​នឹងត្រូវ​ទទួលពិន័យ​ទៅតាម​កំហុសឆ្គង​ដែល​បាន​ប្រព្រឹត្ត​នោះ​។​

​សូមជម្រាបថា ​បច្ចុប្បន្ន​ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ត្រូវបាន​មហាជន​ទូទៅ​កត់សម្គាល់​ឃើញ​ថា​ មាន​តារា​សិល្បៈ​ប្រុស​-​ស្រី​របស់​ខ្មែរ​មួយចំនួន ​រួមទាំង​បុគ្គល​ស្ថិត​នៅក្រៅ​រង្វង់​សិល្បៈ​ទាំង​ចាស់​-​ក្មេង​បាន​និង​កំពុងតែ​ទាញ​យក​ផលប្រយោជន៍​តាមរយៈ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​គោលដៅ​ នៃ​ទី​ផ្សាយ​Live​ លក់​ផលិតផល​អន​ឡាញ​ដោយ​រូបភាព​សិច​ស៊ី​ស្រើបស្រាល​ ឬ​ជេរប្រមាថ​គ្នា​ជាដើម​។​ករណីនេះ ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការ​មិន​ពេញចិត្ត​រហូត​ផ្ទុះ​ការរិះគន់​ជា​បន្តបន្ទាប់ ​និង​ស្នើ​ឲ្យ​ក្រសួង​ដែល​ពាក់ព័ន្ធ​ត្រូវតែមាន​វិធាន​ក្តៅ​លើ​បុគ្គល​ទាំងនេះ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114