ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​រូប​សង្ហា​ និង​ជា​តារា​ប្រុស ស៊ិន សុ​ភ័​ក្រ កាន់តែ​ទទួល​បាន​ការ​គាំទ្រ​ និង​លើក​សរសើរ​ជា​បុគ្គល​គំរូ​ល្អ​សម្រាប់​ជួយ​សង្គម​

​ភ្នំពេញ​ ៖​ ពេល​រម្លឹក​ដល់​ឈ្មោះ​របស់​តារា​ប្រុស​ និង​មន្ត្រី​ប៉ូលិស​រូប​សង្ហា​ គឺ​ លោក ស៊ិន សុ​ភ័​ក្រ ច្បាស់​មាន​មហាជន​ជាច្រើន​បាន​ស្គាល់​រួច​មកហើយ ​តាមរយៈ​សកម្មភាព​ នៃ​ការ​ជួយ​ដល់​សង្គម​ជា​បន្តបន្ទាប់​នាពេល​កន្លងមក​តាមរ​យៈ​ការ​ជិះ​ម៉ូតូ​ប្រដេញ​ចាប់​រថយន្ត​ជនជាតិ​ចិន​ ដែល​បង្ក​គ្រោះថ្នាក់​បុក​ម៉ូតូ​កង់​បី ហើយ​ឈានដល់​ការរកឃើញ​គ្រឿងញៀន​ជាង​ច្រើន​ផង​នោះ​។​

​ចំពោះ​សកម្មភាព​ដ៏​ក្លាហាន​របស់​តារា​សម្តែង​ និង​ មន្ត្រី​ចរាចរណ៍​ លោក ស៊ិន សុ​ភ័​ក្រ ​​នោះ បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការគាំទ្រ ​និង​លើកសរសើរ​ខ្លាំង​ចំពោះ​ទឹកចិត្ត​ល្អ​ក្នុង​កិច្ចការងារ​បម្រើ​សង្គម​ និង​ប្រជាពលរដ្ឋ​ខ្មែរ​។ ​យ៉ាង​ណា​មិញ​ គឺ​ពុំ​ខុសគ្នា​កាលពី​គ្រា​មុន​នោះទេ ​ពេលនេះ​ តារា​ប្រុស​កូន​ភ្លោះ​ លោក ស៊ិន សុ​ភ័​ក្រ កាន់តែ​បង្ហាញ​ពី​ឆន្ទៈ​ដ៏​ល្អ​របស់ខ្លួន​ក្នុង​ជា​ម​ន្ត្រី​ចរាចរណ៍​គំរូ​ទទួល​បាន​ការ​គាំទ្រ​ និង​សរសើរ​ជាថ្មី​។​

ជាក់ស្តែង​នៅពេល​មុននេះ ​ត្រូវ​ប្រភពពី​បុរស​ម្នាក់ ​បាន​ថ្លែង​សារ​លើក​សរសើរ​ថា​ លោក​ស៊ិន សុ​ភ័​ក្រ ប៉ូលិស​ចរាចរណ៍​ចិត្តធម៌ ​និង​បាន​ជួយ​ដេញ​ចាប់​រថយន្ត​ជនជាតិ​ចិន​បង្ក​គ្រោះថ្នាក់​ពេល​ឃាត់​រថយន្ដ​បាន​ក៏​ឆែក​ឃើញ​គ្រឿងញៀន​ជិត​៧​គីឡូ​ក្រោម​កាលពី​កន្លងមក​នៅ​ខណ្ឌដូនពេញ​នោះ កាលពី​រសៀល​ថ្ងៃទី​០៦​សីហា​ លោក​បាន​ហៅ​បុរស​២​នាក់​ជិះ​ម៉ូតូ​ល្មើស​ស្ដុ​ប​ ប៉ុន្តែ​បែរជា​ប្រទះឃើញ​គ្រឿង​ញៀន​នៅក្នុង​ដៃ​ដែល​ពួកគេ​បម្រុង​នឹង​បោះចោល​ថ្នាំញៀន​នោះ​ទៅហើយ​។​

​ប្រភព​នោះបាន​បន្តថា​ បើតាម​ការ​សារភាព​បុរស​ទាំង​២​នាក់​នោះបាន​និយាយថា ​ខ្លួន​បានមកពី​ទិញ​ថ្នាំញៀន​នៅ​ម្ដុំ​ក្ដាន់​ពីរ មួយកញ្ចប់​តូច ​ដើម្បី​យកទៅ​ប្រើប្រាស់ ​ប៉ុន្តែ​ដោយ​អកុសល ​ពួក​ខ្លួន​បាន​ជិះ​ខុស​ស្ដុ​ប​ ហើយ​បម្រុង​បោះ​គ្រឿងញៀន​ចោល ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣​តែម្ដង។ ​ទន្ទឹមគ្នានេះ​ តារា​ប្រុស ​លោក ស៊ិន សុ​ភ័​ក្រ ដែលជា​ប៉ូលិស​សង្ហា​បានបញ្ជាក់​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​បន្ថែមថា​ លោក​ពិតជា​អរគុណ​ខ្លាំង​សម្រាប់​ការគាំទ្រ​ និង​លើក​សរសើរ​របស់​មហាជន​។​

​តារា​ប្រុស​រូបនេះ​និយាយទៀតថា ​នេះ​ជា​តួនាទី​របស់ខ្ញុំ​ ក្នុងនាម​ជា​កម្លាំង​សមត្ថកិច្ច​ ដើម្បី​ការពារ​ និង​បម្រើ​ប្រជាពលរដ្ឋ ហើយក៏​សប្បាយ​ចិត្តនឹង​ការងារ​សព្វថ្ងៃ​ផងដែរ​។​ ម្យ៉ាងទៀត​រាល់​ការគាំទ្រ​របស់​មហាជន​ក៏​ជាការ​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឲ្យ​កាន់តែ​ខិតខំ​លើ​ការងារ​សង្គម​នេះ​បន្ថែម​ផងដែរ​។ ​សូម​ជម្រាប​ថា ​លោក ស៊ិន សុ​ភ័​ក្រ និង ស៊ិន សុភា គឺជា​តារា​សម្តែង ​និង​មាន​តួនាទី​ជា​មន្ត្រី​ប៉ូលិស​ដូចគ្នា​ខណៈដែល​អ្នក​ទាំងពីរ​ត្រូវជា​បងប្អូន​ភ្លោះ​នឹង​គ្នា​ផង​នោះ​៕

ដោយ ៖ ​ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114