ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ តាក់ស៊ី ជំងឺ​បាន​ធូរ​ស្រាល​ច្រើន ​ត្រូវ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ទៅ​សម្រាក​នៅផ្ទះ​វិញ

​ភ្នំពេញ ​៖ តារា​កំប្លែង​ដែល​កំពុង​ជាប់​ឈ្មោះ​ជា​អន្ទិត ​គឺ​ នាយ តាក់ស៊ី បន្ទាប់​ប្រញាប់​លាចាក​សិក្ខាបទ​ជា​ព្រះសង្ឃ​យ៉ាង​តក់ក្រហល់ ​ព្រោះតែ​ជំងឺ​ទឹកនោមផ្អែម​ ចាប់ផ្ដើម​ធ្វើទុក្ខ​ធ្ងន់ធ្ងរ ​ហើយ​ត្រូវ​បាន​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​(​ពេទ្យ​លោកសង្ឃ​)​ពេលនេះ​អាកា​រៈ​ជំងឺ​បាន​ធូរ​ស្រាល​ច្រើន​ហើយ​។​

​ប្រភពពី​ខាង​សមាគម​សិល្បករ​ខ្មែរ​បានបញ្ជាក់​ថា​ នាយ តាក់ស៊ី ក្រោយ​ពេលដែល​ទទួលបាន​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ជំនាញ​នោះ ​បាន​ធ្វើ​ឲ្យ​អាកា​រៈ​ជំងឺ​របស់​នាយ​មាន​សភាព​ធូរ​ស្រាល​ច្រើនជាង​មុន ហើយនឹង​ត្រូវ​បានការ​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​សម្រាក​នៅឯ​ផ្ទះ​នៅ​ថ្ងៃទី​០៧​សីហា នេះ ​ក្រោយពេល​កូនប្រុស ​និង​ក្រុមគ្រួសារ​ បានមក​សួរសុខទុក្ខ​គាត់​ដល់​មន្ទីរពេទ្យ​មុននេះ​។​

​ដោយឡែក​បើ​ក្រឡេក​ទៅ​មើល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​ភរិយា​ នាយ តាក់ស៊ី គឺ​ អ្នក​នាង ភី​ម ​បាន​ថ្លែង​សារ​រៀបរាប់​ភ្ជាប់​ជាមួយ​ទឹកមុខ​ក្រៀមក្រំ​លាយឡំ​នឹង​ក្តី​អាណិត​ស្វាមី​បែបនេះ​ថា​ជីវិត​មានទុក្ខ​ មានកម្ម​ប្រចាំ​ខ្លួន​គ្រប់ៗ​គ្នា ​ជៀស​មិន​ផុស​ទេ ​ចំណែក​កូនប្រុស​ក៏បាន​បង្ហាញ​អារម្មណ៍​ថា​ កូន​សូម​ជូនពរ​ប៉ា​ឆា​ប់​ជា​ពី​ជំងឺ​ សុខ​ភាពល្អ​ឡើងវិញ​ប៉ា។​

​គួរ​រម្លឹក​ដែរ​ថា​ តារា​កំប្លែង​ក្រមិចក្រមើម​ធ្លាប់​បង្ក​ភាព​សប្បាយ​រីករាយ​ដល់​ទស្សនិកជន​ និង​មាន​ឈ្មោះ​ល្បី​នៅក្នុង​ក្រុម​នាយ ពែ​កមី គឺ ​នាយ តាក់ស៊ី បានសម្រេច​ខ្លួន​ចូល​សាងផ្នួស​បួស​ជា​ព្រះសង្ឃ​បម្រើ​តាម​គន្លង​ផ្លូវធម៌​ និង​ព្រះពុទ្ធសាសនា ​កាលពី​ថ្ងៃទី​២៤​សីហា ​នៅ​វត្ត​ថ្មី​ដងទង់​(​ភ្នំ​ឧ​ត្តុ​ង្គ​)​ ស្ថិតនៅ​ឃុំ ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

​ប៉ុន្តែ​ក្រោយពេល​សាងផ្នួស​ជា​សង្ឃ​មាន​រយៈពេល​ជាង​១​ខែ​ នាយ​ ក៏​ស្រាប់តែ​ធ្លាក់ខ្លួន​ឈឺ​ចុះ​ដុនដាប ​បង្ក​ការព្រួយបារម្ភ​ខ្លាំង ​រហូត​ត្រូវបាន​បញ្ជូនមក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ​ក្រោម​ការ​សម្របសម្រួល​ និង​ ខ្នះខ្នែង​របស់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114