ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រ្តី​ម្នាក់ ​មិនដឹងថា​រកស៊ី​លក់​ថ្នាំញៀន​ប៉ុន្មាន​ឆ្នាំ​មកហើយ​​ ទើបអាចឈាន​​លក់​​ជិត​២​គីឡូក្រាម ​ចុងក្រោយ​​ជាប់ខ្នោះ

​បន្ទាយមានជ័យ ៖ មិនដឹងថា​ស្ត្រី​ម្នាក់នេះ រកស៊ី​លក់​ថ្នាំញៀន​ប៉ុន្មាន​ឆ្នាំ​មកហើយទេ​ ​ទើប​ហ៊ាន​លក់​ថ្នាំ​ញៀន​ជិត​២​គីឡូក្រាម​ ចុងក្រោយ​អស់លក្ខណ៍ ​ត្រូវ​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែ​សីហា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិក​ន្តួ​ត សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

ក្នុង​ការ​ឃាត់​ខ្លួន​នេះ ​នគរបាល​ឆែកឆេរ​រកឃើញ​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​២៧​ថង់​ធំ​ថ្នាំញៀន​ប្រភេទ​កាក អំពៅ​២០​ថង់​ធំ សរុប​ទម្ងន់ ១,៨២៤.១៩​ក្រាម និង ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ពណ៌​ក្រហម ចំនួន​១១​ថង់ ​ពណ៌​ខៀវ និង ​១​ថង់​ប្លាស្ទិក សរុប​ទម្ងន់​២២៨.៩៦​ក្រាម ​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​ និង ​ថង់​ប្លាស្ទិក​មួយ​ចំនួន​ធំ។

លោក​វរសេនីយ៍ទោ ង៉េ​ង សុជា ស្នងការរង ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ​ស្ត្រី​ពូកែ​ជួញ​ថ្នាំញៀន​ប្រភេទ​ទ្រង់ទ្រាយ​ធំ​នោះ​មានឈ្មោះ ឆៃ ឌិ​ចឡា​មី ហៅ​ហ៊ុ​ច ភេទ​ស្រី​អាយុ​៤៨ ឆ្នាំ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចាស់​។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ក្នុង​ប្រតិបត្តិការ​នេះ​​ ​កម្លាំង​នគរបាល​បាន​សហការ​​ជា​មួយ​ព្រះរាជអាជ្ញា ​និង​ទទួល​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ទោ​ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ​ឈាន​ដល់​ការ​​​​​​បង្ក្រាប​គ្រឿងញៀន​​​ជា​ទ្រង់ទ្រាយ​ធំ​ខាង​លើ​តែម្ដង។

ជាមួយ​នឹង​ការ​ឃាត់​ខ្លួន​ស្ត្រី​​​ខាងលើ, ​មុខសញ្ញា​ចែកចាយ​២​នាក់​ រួម​ទាំង​អ្នក​ជក់​ចំនួន​៥​នាក់ ដែល​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី​បង្ក្រាប​បាន រួមទាំង​វត្ថុតាង គឺ​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់វិធានការ​តាម​តាមផ្លូវ​ច្បាប់​៕

ដោយ ៖ គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114