ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​១​ក្រុម ​ផ្តុំ​ក្បាល​គ្នា​ជក់​គ្រឿងញៀន ​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​

​បន្ទាយមានជ័យ​ ៖ លោក​វរសេនីយ៍​ត្រី នួន​ នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​១​ក្រុម​ ចុះបង្ក្រាប​យុវជន​១​ក្រុម ​កំពុង​ជក់​គ្រឿងញៀន ដោយឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ នៅវេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៩ ចំណុច​ផ្លូវ​រថភ្លើង​ផ្សារ​រ៉ា​ថ្មី ស្ថិតនៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ​ហើយ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។

​លោក នួន នី​ណា​រ៉ូ បាន​ឲ្យ​ដឹងថា​ មុននឹងឈានដល់ការ​ឃាត់ខ្លួន​អ្នក​ជក់​១​សំបុក​នេះ គឺ​លោកបាន​ទទួលបាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ រួចក៏​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ដល់ទី​តាំង​ជក់​ និង​ឃាត់ខ្លួន​បាន​៥​នាក់​ ១​-ឈ្មោះ ប៉ង់ ប្រែង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ​។ ២-ឈ្មោះ ម៉ន ស៊ិន​វិ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ។ ៣​-ឈ្មោះ ជួន សារ៉ន ហៅ កា​ម៉ាស់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ។ ៤​-ឈ្មោះ ចំរើន ភក្តី ហៅ ក្តី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ។ ៥​-ឈ្មោះ ម៉ី បារាំង ភេទប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ទាំង​៥​នាក់ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​ដកហូត​វត្ថុតាង​រួមមាន​ ៖ ម្សៅ​ពណ៌​ស​ថ្លា ចំនួន ៣​កូន​ថង់ ស្មើ​០.៧៥​ក្រាម គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន​២​គ្រាប់ ស្មើ​០.២៨​ក្រាម ទូរស័ព្ទ​ដៃ​១​គ្រឿង។

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​បទល្មើស​គ្រឿង​ញៀន បាន​បន្ថែមថា ក្រោយ​ធ្វើការ​សាកសួរ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាននាំគ្នា​ជក់​ថ្នាំញៀន​ពិតប្រាកដ​មែន។

យោងតាម​ចម្លើយសារភាព និង ការធ្វើ​តេស្ត​រក​សារ​ធាតុ​ញៀន ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕​

ដោយ ៖ គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114