ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ ចេញទៅ​ចូលរួម​ប្រណាំង​រថយន្ត​ក្នុង​ព្រឹត្តិការណ៍​Asia Cross Country Rally2019 ដោយ​ឆ្លង​កាត់​ប្រទេស​ថៃ​ និង​ មី​យ៉ាន់​ម៉ា​

​កម្មវិធី​ប្រណាំង​យានយន្ត​ឆ្លង​ប្រទេស​ធំជាងគេ Asia Cross Country Rally 2019 នឹងធ្វើ​ការ​ប្រណាំង​លើ​ចម្ងាយ​ផ្លូវ​សរុប​ជាង២,២០០ គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​២​ប្រទេស គឺ​ ចេញដំណើរ​ពី​ទីក្រុង​ប៉ាត់​តា​យ៉ា​ប្រទេស​ថៃ ហើយ​បញ្ចប់​នៅ​ទីក្រុង​ណៃ​ពី​ដរ ប្រទេស​មី​យ៉ាន់​ម៉ា ដែល​មាន​អ្នក​ប្រណាំង​មកពី​៣០​ប្រទេស។​

​សម្រាប់​កម្ពុជា បញ្ជូន​រថយន្ត​ប្រណាំង​២​គ្រឿង គឺ​រថយន្ត​លេខ​១១៥ បើកបរ​ដោយ កីឡាករ សោម សុ​កុសល និង ​ជំនួយការ​អ្នកបើកបរ​កីឡាករ វង្ស គឹម​ហួត រីឯ​មួយគ្រឿង​ទៀត​រថយន្ត​លេខ​១០៧ បើកបរ​ដោយ កីឡាករ ហូ សិទ្ធិគុណ និង​ជំនួយការ​អ្នកបើកបរ​ពីររូប​ គឺ​កីឡាការិនី សេង សុជា តា និង​កីឡាករ ពៅ តិច​ឡេង។​

​លោក​ហូ សិទ្ធិគុណ អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា និង ​ជា​កីឡាករ​ផង​នោះ នៅក្នុង​សន្និ​សីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​០៨​ ខែសីហា​ ឆ្នាំ​២០១៩​នេះ បានបង្ហាញ​នូវ​ក្តី​សង្ឃឹម​ខ្ពស់​ថា នឹង​ប្រជែង​បាន​លទ្ធផល​ល្អ​សម្រាប់​ការចូលរួម​ព្រឹត្តិការណ៍ Asia Cross Country Rally 2019 ដែល​ឆ្លងកាត់​២​ប្រទេស​ថៃ និង ​មី​យ៉ាន់​ម៉ា ដែលមាន​ចម្ងាយ​ផ្លូវ​ប្រមាណ​២,២០០​គីឡូម៉ែត្រ​នោះ។​

​លោក​អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​បាន​ឲ្យ​ដឹង​បន្តថា ក្រុមកីឡា​ប្រណាំង​រថយន្ត​កម្ពុជា ដែលមាន​ទាំង​ក្រុមការងារ កីឡាករ រថយន្ត និង សម្ភារៈ គឺ​បាន​ត្រៀម​តាំងពី​ជាង​២​ខែ​មុន​មកម្ល៉េះ ដោយ​មាន​គោលបំណង​ធំ ​គឺ ​ទី​១-អភិវឌ្ឍ​វិស័យ​កីឡា​យានយន្ត​កម្ពុជា ឲ្យ​ឈានចូល​ប្រឡូក​ក្នុង​ឆាក​អន្តរជាតិ។ ទី​២​-បានរួម​ចំណែក​ផ្សព្វផ្សាយ​វិស័យ​កីឡា​យានយន្ត ​និង​វិស័យ​ទេសចរណ៍ ដោយបាន​ទាក់ទាញ​ឲ្យ​មានការ​ប្រណាំង​រថយន្ត​ខ្នាត​ធំ​នៅក្នុង​ប្រទេស​យើង​បាន​ចំនួន​៤​លើក​រួចមកហើយ ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ពិសេស​ គឺ​នាំមក​នូវ​ភ្ញៀវទេសចរ​ជាច្រើន​មក​ស្គាល់​ទឹកដី ​នៃ​ប្រទេស​កម្ពុជា និង​ទទួលបាន​នូវ​បទពិសោធន៍​ជាច្រើន អំពី​បច្ចេកទេស​ នៃ​ការបើកបរ ការ​ប្រកួត​ប្រជែង ការរៀបចំ​យានយន្ត​ និង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត។​

​កីឡាករ​យានយន្ត​កម្ពុជា​២​រូប អ្នកបើកបរ សោម សុ​កុសល និង​ ជំនួយការ​អ្នកបើកបរ វង្ស គឹម​ហួត រថយន្ត​ប្រណាំង​លេខ​១១៥ ដែល​ទៅ​ចូលរួម​ប្រណាំងប្រជែង ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ឆ្លង​កាត់​ឧបសគ្គ​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី គឺ Asia Cross Country Rally 2019 បានបង្ហាញ​ជំនឿ​ចិត្ត​ខ្ពស់​ថា នឹង​ប្រជែង​ដណ្តើម​យក​លទ្ធផល​ល្អ​មក​ជូន​កម្ពុជា លើ​ប្រភេទ​រថយន្ត​ប្រើ​សាំង ដើម្បី​នាំយក​នូវ​មោទន​ភាព​ជូន​កម្ពុជា ពី​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ។​

លោក សោម សុ​កុសល អ្នកបើករថយន្ត បាន​បញ្ជាក់ថា ការចូលរួម​ប្រណាំង​ក្នុង​ព្រឹត្តិការណ៍ ប្រចាំ​តំបន់​អាស៊ី​មួយ​នេះ លោក​ធ្លាប់​ចូលរួម​តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ដោយ​ចូលរួម​ជា​ក្រុម​ការងារ​បច្ចេកទេស KARA ហើយ​ក្នុង​២០១៧ លោក​បាន​ចូលរួម​ជា​អ្នកបើកបរ​វិញ​ម្តង ប៉ុន្តែ​ឆ្នាំ​២០១៨ មិនបាន​ចូលរួម​ប្រណាំង​ដោយមាន​ធុរៈ ម្យ៉ាងទៀត​ក៏​លោក​ចង់​ផ្តល់​ឱកាស​ឲ្យ​មិត្ត​រួម​ក្រុម​ទទួល​បាន​នូវ​បទពិសោធន៍​ជា​អ្នកបើកបរ​ផងដែរ។ អ្នក​ប្រណាំង​ពោរពេញ​ដោយ​បទពិសោធន៍​រូបនេះ បញ្ជាក់​ទៀត​ថា ឆ្នាំ​២០១៩ និង​ ជា​លើក​ទី​២​នេះ លោក​បាន​ប្ដេជ្ញា​ថា នឹង​ប្រជែង​យក​ចំណាត់ថ្នាក់​ដ៏​ល្អ​ប្រសើរ​មក​ជូន​កម្ពុជា។

​ដោយឡែក​ ជំនួយការ​អ្នកបើកបរ និង​ជា​អ្នកបើកបរ លោក វង្ស គឹម​ហួត បាន​អះអាងថា ទោះ​ពី​ការ​ប្រជែង​លើក​នេះ ត្រូវ​ឆ្លងកាត់​២​ប្រទេស គឺ ​ប្រទេស​ថៃ និង​មី​យ៉ាន់​ម៉ា ដែល​ពុំ​ធ្លាប់​ប្រណាំង​ក៏ដោយ ក៏​អ្នកជំនាញ​រូបនេះ​មាន​ជំនឿ​ចិត្ត​ថា ការ​បង្ហាញ​ផ្លូវ​ដល់ដៃ​គូ នឹងធ្វើ​បានល្អ ពីព្រោះ​ការត្រៀមខ្លួន​ជាង​មួយឆ្នាំ​មកនេះ វា​គ្រប់គ្រាន់​នឹងធ្វើ​ការប្រណាំង​ជា​លក្ខណៈ​អន្តរជាតិ​ហើយ ពិសេស​ពួក​យើង​ទាំង​២ ក៏​ធ្លាប់មាន​បទពិសោធន៍​ជា​យូរ​ឆ្នាំ ជា​អ្នកបើកបរ និង​ជំនួយការ​អ្នកបើកបរ​ជាច្រើន​ឆ្នាំ​មក​ហើយ។​

​ចំពោះ​កីឡាការិនី សេង សុជាតា បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​រូបនាង បាន​ចេញទៅ​ចូលរួម​ប្រណាំង​រថយន្ត​ក្នុង​កម្មវិធី​ប្រណាំង​យានយន្ត​ឆ្លង​ប្រទេស​ធំជាងគេ Asia Cross Country Rally 2019 ហើយ​នាង​នឹង​ព្យាយាម​ខិតខំ​បំពេញការងារ​ឲ្យ​បានល្អ​ជាមួយ​មិត្ត​រួម​ការងារ​ទាំងអស់​។​

​សូមបញ្ជាក់ថា កម្មវិធី​ប្រណាំង​យានយន្ត​ឆ្លង​ប្រទេស​ធំជាងគេ Asia Cross Country Rally2019 នឹងធ្វើ​ការប្រណាំង​លើ​ចម្ងាយ​ផ្លូវ​សរុប​ជាង​២,២០០​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​២​ប្រទេស គឺ​ចេញដំណើរ​ពី​ប្រទេស​ថៃ បញ្ចប់​នៅ​មី​យ៉ាន់​ម៉ា ក្នុងនោះ​មាន​អ្នក​ប្រណាំង​មកពី​៣០​ប្រទេស ដោយឡែក​សម្រាប់​កម្ពុជា បញ្ជូន​រថយន្ត​ប្រណាំង​២​គ្រឿង គឺ ​រថយន្ត​លេខ​១១៥ បើកបរ​ដោយ កីឡាករ សោម សុ​កុសល និង ​ជំនួយការ​អ្នកបើកបរ​កីឡាករ វង្ស គឹម​ហួត រីឯ​មួយ​គ្រឿង​ទៀត​រថយន្ត​លេខ​១០៧ បើកបរ​ដោយ កីឡាករ ហូ សិទ្ធិគុណ និង​ ជំនួយការ​អ្នកបើកបរ​ពីររូប​ គឺ​កីឡា​ការិនី សេង សុជាតា និង​កីឡាករ ពៅ តិច​ឡេង៕

ដោយ ៖ ​វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114