ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប Arsenal ទិញយក​ខ្សែការពារ Kieran Tierney ពី​ក្លិប​Celtics និង David Luiz ពី​ក្លិប Chelsea

​យោងតាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹង​ថា ក្លិប Arsenal អាច​នឹង​ពង្រឹងសមត្ថភាព​ខ្សែការពារ​របស់​ពួកគេ​នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ មុន​ពេល​ទីផ្សារ​កីឡាករ​នៅ​ក្របខណ្ឌ Premier League​បិទទ្វារ​ទៅវិញ​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ជាមួយនឹង​ការ​មកដល់​របស់​កីឡាករ Kieran Tierney និង​កីឡាករ David Luiz។

ខ្សែការពារ​ឆ្វេង​ស្កុ​លែ​ន Tierney បាន​ក្លាយ​ជា​គោលដៅ​ជា​យូរ​មក​ហើយ​របស់​ក្លិប Arsenal​ដែល​ការដាក់​តម្លៃ​ដេញ​២​លើក​កាលពីមុន​របស់​ពួកគេ ត្រូវបាន​គេ​ច្រានចោល​ដោយ​ក្លិប Celtic​។

ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ Tierney​ដែល​មិនបាន​ចូល​លេង​នៅ​ការប្រកួត​ស្មើ​១-១​ជាមួយ​ក្រុម CFR Cluj​នៅ​ប្រទេស​រ៉ូ​ម៉ា​នី កាលពី​ថ្ងៃ​ពុធ ខណៈ​ពេល​ដែល​គាត់​ទើប​ជាសះស្បើយ​ពី​ការវះកាត់​ជំងឺ​ក្លន​នោះ បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុង​ដ៏ ក្រោយ​ក្លិប​ទាំង​២ បាន​ព្រមព្រៀងគ្នា​លើ​តម្លៃ​ផ្ទេរ​២៥​លាន​ផោន​។

លោក Neil Lennon គឺជា​អ្នកចាត់ការ​របស់​ក្លិប Celtic​បាន​និយាយប្រាប់ BBC​ពី​លទ្ធភាព​នៃ​ការបាត់បង់​កីឡាករ Tierney ថា លោក​បាន​និយាយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​រួចហើយ​ថា វា​នឹងមិន​ធ្វើ​ឲ្យ​លោក​ភ្ញាក់ផ្អើល​នោះទេ​។

លោក​បន្ត​ថា បើសិនជា​គាត់​ទៅ គាត់​នឹង​ទៅតាម​បំណង​ល្អ​បំផុត​របស់​អ្នក​រាល់គ្នា​។ គាត់​គឺជា​កីឡាករ​ដ៏​ចំណាន​ម្នាក់ និង​ជា​ក្មេង​អស្ចារ្យ​ម្នាក់​។

ខណៈ​ពេល​នោះ​ដែរ ក្លិប Arsenal​បាន​ឈានដល់​កិច្ចព្រមព្រៀង​រយៈពេល​២​ឆ្នាំ តម្លៃ​៨​លាន​ផោន​ជាមួយ​ក្លិប Chelsea​សម្រាប់​ខ្សែការពារ David Luiz។

ខ្សែការពារ​ម្នាក់​នេះ មិនបាន​ហ្វឹកហាត់​នោះទេ​ជាមួយ​មិត្ត​រួម​ក្រុម Chelsea​កាលពី​ថ្ងៃ​ពុធ​។ សូម​បញ្ជាក់​ថា ក្រុម Arsenal​បណ្តោយ​ឲ្យ​របូត​គ្រាប់​បាល់​៥១​គ្រាប់​នៅ Premier League​កាលពី​រដូវ​កាល​មុន ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ខកខាន​បាល់​លេង​នៅ Champions League​សម្រាប់​រដូវ​កាល​ទី​៣​ជាប់ៗ​គ្នា​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114