ព័ត៍មានទាន់​ហេតុការណ៏
Search

​អា​រ៉ា​ប៊ី​សា​អូឌីត​ធ្វើ​ម្ចាស់​ព្រឹ​ត្តិ​ការណ៍​ប្រណាំងសេះ​ថ្លៃ​ជាងគេ​បំផុត ​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០២០

​ក្លិប​ប្រណាំងសេះ Jockey Club របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​ថា អា​រ៉ា​ប៊ី​សា​អូឌីត នឹងធ្វើ​ម្ចាស់ផ្ទះ​ព្រឹ​ត្តិ​ការណ៍​ប្រណាំងសេះ​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​នៅ​ក្នុង​ទីក្រុង Riyadh នៅ​ទីលាន King Abdulaziz Racetrack នា​ឆ្នាំក្រោយ ជា​មួយ​នឹង​កញ្ចប់​ថវិកា​២០​លាន​ដុល្លារ​ត្រូវ​ឡើង​ដណ្តើម​។

ព្រឹ​ត្តិ​ការណ៍ Saudi Cup ដែល​នឹង​ត្រូវ​រត់​ប្រណាំង​ចម្ងាយ​១៨០០​ម៉ែត្រ នៅ​ថ្ងៃទី​២៩ ខែ​កុ​ម្ភៈ​ ឆ្នាំក្រោយនេះ នឹង​មាន​សេះ​ចូលរួម​ប្រណាំង​ចំនួន​១៤​ក្បាល ខណៈ​ដែល​សេះ​ឈ្នះ​នឹង​ដណ្តើម​បាន​ប្រាក់រង្វាន់​១០​លាន​ដុល្លារ​។

ប្រាក់​រង្វាន់​នៅ​ព្រឹ​ត្តិ​ការណ៍​ប្រណាំងសេះ Saudi Cup នេះ នឹង​មាន​ចំនួន​លើស​កញ្ចប់​ថវិកា​១៦​លាន​ដុល្លារ​នៅ​ព្រឹ​ត្តិ​ការណ៍ Pegasus World Cup Invitational ក្នុង​រដ្ឋ​ផ្ល័​រ​រី​ដា កាលពី​ឆ្នាំមុន​។

​ព្រះអង្គម្ចាស់ Bandar bin Khalid Al Faisal បាន​មាន​ព្រះបន្ទូល​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ការណែនាំ​ការប្រណាំង​សេះ Saudi Cup ជាការ​ប្រណាំង​អន្តរជាតិ ច្បាស់​ណាស់​ថា វា​គឺជា​ព្រឹត្តិការណ៍​ប្រណាំងសេះ​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រណាំង​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។

ទ្រង់​បាន​បន្ត​ថា យើង​កំពុង​ទន្ទឹង​រង់​ចាំ​ស្វាគមន៍​កីឡាករ កីឡាការិនី​ជិះ​សេះ​អន្តរជាតិ សារព័ត៌មាន និង​សាធារណជន​មកកាន់​ទីក្រុង Riyadh​នៅក្នុង​ឆ្នាំ​២០២០។

​លោក Frankie Dettori គឺជា​ជើងឯក​ប្រណាំងសេះ​អង់គ្លេស​៣​សម័យកាល ចាប់អារម្មណ៍​ខ្លាំង​ណាស់​នឹង​ផ្លូវ​ប្រណាំងសេះ​មួយ​នេះ​។

លោក​បាន​និយាយ​ថា នៅ​ក្នុង​ចំណោម​ផ្លូវ​ដែល​លោក​ធ្លាប់​ប្រណាំង​ទាំងអស់ លោក​ចូលចិត្ត​ផ្លូវ​ប្រណាំង​នៅទីនេះ​ជាងគេ ពេល​ដែល​អ្នក​អាច​នាំ​មុខ​គេ​តាំងពី​ដំបូង។ វា​គឺជា​ផ្លូវ​ប្រណាំង​ដ៏​យុត្តិធម៌​មួយ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114