ព័ត៍មានទាន់​ហេតុការណ៏
Search

ជិះ​ម៉ូតូឌុប​គ្នា​ទាំង​ស្រវឹង មិន​ប្រយ័ត្ន រេ​ចង្កូត​ដួល​ខ្លួន​ឯង សន្លប់​១ របួសស្រាល​១ ​

​ប៉ៃលិន ​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​វេលា​ម៉ោង​២០​និង​៤១​នាទី​យប់​ថ្ងៃ​ព្រហ​ស្បតិ៍ ខែស្រា​ពណ៌ ឆ្នាំកុរ ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៩ ដោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​ទាំង​ស្រវឹង បណ្តាល​ឲ្យ​រេចង្កូត ដួល​ខ្លួន​ឯង រងរបួស​ធ្ងន់​មួយ ស្រាល​មួយ ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ។

​ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង​នៅ​ចំណុច​ផ្លូវ​កោង ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ​៖ មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា ក្នុង​ល្បឿន​លឿន ពី​កើ​តទៅ​លិច ទំនងជា​ស្រវឹង រ៉េ​ចង្កូត​ពេញ​ផ្លូវ លុះ​មកដល់​ចំណុច​កើតហេតុ​ជា​ផ្លូវបត់ ក៏បាន​ដួល​ម៉ូតូ​ខ្លួន​ឯង សំណាងល្អ​មិន​រថយន្ត ​ឬ​ម៉ូតូ​ផ្សេង​មកពី​ក្រៅ កុំ​អី​ច្បាស់​ជា​ធ្ងន់ធ្ងរ​ទាំង​នាក់​តែម្ដង។

​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ក្រោយ​កើតហេតុ គេ​ឃើញ​សមត្ថកិច្ច​ចរាចរណ៍ នៃ​ស្នងការ​នគរបាល​ខេត្ត ចុះមក​ត្រួតពិនិត្យ និង​ធ្វើការ​វាស់វែង ព្រមទាំង​ដឹក​ជនរងគ្រោះ​ទាំងអស់ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ផងដែរ។

​បើតាម​លោក​វរសេនីយ៍ទោ ជា សីហា នាយការិយាល័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា​ នៅវេលា​កើតហេតុ​ខាងលើ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ដែល​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ រឿន រ៉េ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​សម្បូរ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន រងរបួស​ធ្ងន់​(​សន្លប់​នឹង​កន្លែង​) មិន​ពាក់មួក​សុវត្ថិភាព ដោយ​បើកបរ ម៉ូតូ​ម៉ាក Hongda dream 2019 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង1AG.8461។​ចំណែក​ម្នាក់ទៀត​ឈ្មោះ ផាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​សម្បូរ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ រងរបួស​ស្រាល មិន​ពាក់មួក​សុវត្ថិ​ភាព​ដូចគ្នា​។

លោកនាយ​ការិយាល័យ​បាន​បន្តថា​ ករណីនេះ បណ្តាលមកពី​កត្តា​មនុស្ស​បើ​របរ មាន​ជាតិ​ស្រវឹង ទើប​មាន​គ្រោះថ្នាក់​បែបនេះ ជាមួយគ្នានេះ​ លោក ក៏​សូម​អំពាវនាវ ដល់​អ្នកបញ្ជា​យានយន្ត និង​អ្នក​បើកបរ​ម៉ូតូ​ទាំងអស់ សូម​មេត្តា​បើកបរ​កុំ​ពិសា​គ្រឿង​ស្រវឹង បើ​ពិសា​គ្រឿង​ស្រវឹង សូម​កុំ​បើកបរ ហើយ​ចំពោះ​អ្នកបើកបរ​ម៉ូតូ​វិញ ក៏​សូម​ពាក់មួក​សុវត្ថិភាព​ផង កុំ​ឲ្យ​ដូច​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ព្រោះ​មួកសុវត្ថិភាព​មួយ អាច​ការពារ​បាន​ជីវិត​យើង​មួយ​ផងដែរ៕

​ដោយ ៖ សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114