ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ​ បាន​និង​កំពុង​សាងសង់ ជួសជុល និង​ថែទាំ​ថែទាំ​ផ្លូវ ​ជួសជុល​បង្គោល​សុវត្ថិភាព ជាមួយនឹង​ការសាងសង់​ស្ពាន​លើ​ផ្លូវ​ជាតិ​លេខ​៩៥

ព្រះវិហារ ​៖ មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ បាន​និង​កំពុង​ធ្វើ​សកម្មភាព​សាងសង់ ជួសជុល និង​ថែទាំ​ថែទាំ​ផ្លូវជាតិ​លេខ​៩៥ ដោយ​បន្ត​បាញ់​កៅស៊ូ​សៀ​ល​ស្នាម​ប្រេះ ស្រុត បន្ត​ការ​ជួស​ជុល​បង្គោល​សុវត្ថិភាព ជាមួយនឹង​ការសាងសង់​ស្ពាន​លើ​ផ្លូវជាតិ​លេខ​៩៥​នេះ​ផង​ដែរ ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​ឲ្យ​បាន​ស្រួល ​និង​សុវត្ថិភាព​។​

​លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឲ្យ​ដឹង​ថា នៅពេល​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាននិងកំពុង​ធ្វើ​សកម្មភាព​ការងារ លើ​ការ​សាងសង់ ជួសជុល និង​ថែទាំ​ជា ប្រចាំ ក្នុងនោះ បានធ្វើ​សកម្មភាព​លើ ១/ ការងារ​ថែទាំ​ផ្លូវជាតិ​លេខ​៩៥(​ក្រុម​កៅស៊ូ​) បន្ត​បាញ់​កៅស៊ូ​សៀ​ល​ស្នាម​ប្រេះ ស្រុត នៅ​ចន្លោះ គីឡូម៉ែត្រ​៤៣+០០០ ដល់​គីឡូ​ម៉ែត្រ​៤៤+០០០ ក្នុងភូមិ​សាស្ត្រ​ស្រុក​រវៀង ខេត្តព្រះវិហារ រីឯ​លទ្ធផល​ថ្ងៃនេះ​សម្រេចបាន​៤២០ ម៉ែត្រការ៉េ​។ ២/ ការ​ងារ​ជួសជុល​បង្គោល​សុវត្ថិភាព ថ្ងៃនេះ​ក្រុមការងារ​បាន​ជួសជុល​បង្គោល​សុវត្ថិភាព​ដែល​រថយន្តបុក​បាក់ បាន​ចំនួន​៨​បង្គោល លើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ និង​កំណាត់​ផ្លូវ​ខេត្ត​លេខ 2PVH2 បាន​ចំនួន​០៥ បង្គោល ព្រមទាំង​នៅ​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​២៦២៥ បាន​ចំនួន​១២​បង្គោល​ផង​ដែរ​។ ៣/ ការ​ងារ​សាងសង់​ស្ពាន​លើ​ផ្លូវជាតិ​លេខ​៩៥ ថ្ងៃនេះ​ក្រុមការងារ​ ក៏បាន​ចង​ដែក​ជញ្ជាំង (Abutment Wall A1) ស្ពាន​អូរ​តាំងយូ នៅ​គីឡូម៉ែត្រ​១+២៧០ ​ដែលមាន​ប្រវែង​១៨​ម៉ែត្រ និង​បាន​ចាក់​បេតុង​ធ្នឹម​(Beam) ស្ពាន​អូរ​ឆែប នៅ គីឡូម៉ែត្រ​០+២២៥​ប្រវែង ៤៥​ម៉ែត្រ ស្ពាន​ទាំងពីរ​ខាង​លើ​ ស្ថិតនៅ​ទីរួម​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​៕

ដោយ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114