ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​គុន​ដាវ​បារាំង​ មកជួយ​បង្ហាត់​កីឡាករ​កម្ពុជា​ ត្រៀម​កីឡា​ស៊ី​ហ្គេម​២០១៩ និង ២០២៣

​លោក Bruno GABY គ្រូបង្វឹក​គុន​ដាវ​(​ចាក់សាប​)​សញ្ជាតិ​បារាំង បានមក​ប្រទេស​កម្ពុជា​ហើយ ដើម្បី​សហព័ន្ធ​កីឡា​គុន​ដាវ​សម្រាប់​គោលដៅ​ត្រៀម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ “SEA GAMES ” ឆ្នាំ​២០១៩ និង​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក សុខ អាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ​បាន​និយាយថា ក្នុងនាម​សហព័ន្ធ​សូម​អរគុណ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានផ្ដល់​គ្រូបង្វឹក​គុន​ដាវ​សញ្ជាតិ​បារាំង លោក Bruno GABY​ដល់​សហព័ន្ធ​កីឡា​គុន​ដាវ ក្នុង​គោលដៅ​ត្រៀម​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២៣​។ លោកគ្រូ​បានចាប់ផ្ដើម​ធ្វើការ​បង្ហាត់​តាំងពី​ពីថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៩ នេះ​តទៅ ក្នុងនាម​ជា​ប្រធាន​បច្ចេកទេស​របស់​សហព័ន្ធ​។​

​​លោក​បាន​បន្តថា យោងតាម​ផែនការមេ ២០១៧-២០២១ និង​ផែនការ​ត្រៀម​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ “SEA GAMES” គ្រូបង្វឹក​រូបនេះ​មាន​បេសកកម្ម​សំខាន់ៗ​មួយចំនួន​រួមមាន​ការដឹកនាំ និង​កំណែទម្រង់​គណៈកម្មការ​បច្ចេកទេស​ឡើងវិញ រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូបង្វឹក មន្ត្រី​បច្ចេក​ទេស និង​អាជ្ញាកណ្ដាល​គុន​ដាវ​។​

លោក​អគ្គលេខាធិការ​បន្ថែម​ទៀតថា ចំណុច​ដឹកនាំ​ក្រុម​អត្ត​ព​លិ​ក​គុន​ដាវ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ឆាក​អន្ដរជាតិ បច្ចុប្បន្ន​សហព័ន្ធ​ក៏​នៅមាន​ការខ្វះខាត​ជាច្រើន​ដូចជា​ថវិកា​សម្រាប់​រៀប​ចំ​គម្រោង សម្ភារៈ​សម្រាប់​ការបណ្ដុះបណ្ដាល ទីស្នាក់ការ ទីលាន​ហ្វឹកហាត់ និង​ថវិកា​សម្រាប់​ការ​ចេញទៅ​ប្រកួត​នៅ​ស្រុក​ក្រៅ​ជាដើម​៕​

ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114