ព័ត៍មានទាន់​ហេតុការណ៏
Search

សុខ ធី ជួប ណា​ម ផេ​ត ខណៈ បុរី ស្រី​ភ័​ណ្ឌ ជួប ផេ​ត តា​ពី នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​

​អ្នក​ប្រដាល់​ជើង​ខ្លាំង សុខ ធី អ្នក​ប្រដាល់​ក្លិប​សៅ​យ៉ាន់​នាគា ខេត្តបន្ទាយមានជ័យ និង​ជា​ម្ចាស់​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៥៧​គីឡូក្រាម ដែល​ទើប​វិល​មក​សង្វៀន​បាយ័ន​វិញ និង ​បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ផេ​ត ប្រា​ការី អោយ​ចុះចាញ់​ក្នុង​ទឹក​ទី​៤ លើស​ង្វៀន​បាយ័ន​នេះ​កាលពី​ដើមខែ​មុន​នោះ ពេលនេះ​គេ​នឹង​ទទួល​ស្វាគមន៍​ការសុំ​ជួប​របស់​អ្នក​ប្រដាល់​ថៃ ណា​ម ផេ​ត ឆ​.​ឆែម​ពា​ន្ត (Nampetch Chhor. Champions) នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃអាទិត្យ​ ទី​១១ ខែ​សីហា ឆ្នាំ​២០១៩​នេះ​។

​ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក​។​ អ្នក​ប្រដាល់​ពីរ​នាក់​នេះ សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ដូចគ្នា។ បើ​និយាយ​ពី​បច្ចេកទេស​ និង​ល្បិចកល​ប្រកួត ពួកគេ​ទាំងពីរ​មាន​ដូចគ្នា។​

​សុខ ធី ជា​អ្នក​ប្រដាល់​វ័យក្មេង​ស្រករ​ក្រោយ ជា​កូនសិស្ស​របស់​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​ សាន សៅ​យ៉ាន់។ សុខ ធី នៅ​ក្មេង តែមាន​ស្នៀត​ប្រដាល់​ល្អ វាយ​ខ្លាំង កម្លាំងកាយ​សម្បទា​រឹងមាំ ហើយ​គេ​អាច​វាយ​បាន​គ្រប់​ស្ថានភាព​ប្រកួត​ទាំងអស់។

​ទោះបីជា​យ៉ាងណា សុខ ធី ក៏​មិនអាច​មើលស្រាល​ណា​ម ផេ​ត ដែរ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ជា​ជើង​ខ្លាំង​ប្រចាំ​ទម្ងន់​នេះ​នៅ​ស្រុកថៃ។ ចាំមើល សុខ ធី អាច​យកឈ្នះ​ណា​ម ផេ​ត បាន ​ឬ​អត់ សម្រាប់​ជំនួប​លើកដំបូង​នេះ?​។​

​កីឡាការិនី បុរី ស្រី​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​បុរី​គុន​ខ្មែរ ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​អ្នកខ្លាំង​ខាង​ប្រដាល់​ក្បាច់គុន​ខ្មែរ ត្រូវគេ​ផ្គូផ្គងឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ស្រី​ថៃ ផេ​ត តា​ពី ម៉​.​ក្រុង​ថេប​ថុ​ន​បូរី​(Petchtapi Mor.Krongthap Thunbori)​ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់៦០គីឡូក្រាម។ មិនមែនជា​លើកដំបូង​ឡើយ ដែល​បុរី ស្រី​ភ័​ណ្ឌ ប្រកួត​ជាមួយ​ប្រដាល់​បរទេស​នោះ​។​

​បូរី ស្រី​ភ័​ណ្ឌ ជា​កីឡាការិនី​ដែលមាន​ក្បាច់​ប្រដាល់​ល្អ និង ជា​ជើង​ខ្លាំង​ផ្នែក​គុន​ខ្មែរ​ផងដែរ។ នាង​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ច្រើន​ជាតិ​សាសន៍​ហើយ​កន្លងមក​ប្រដាល់ ក្បាច់​គុន​ខ្មែរ។ ​ដូច្នេះ ការជួប​ប្រកួត​ជាមួយ​ថៃ​លើក​នេះ ពុំមាន​បញ្ហា​ចោទ​សម្រាប់​រូប បុរី ស្រី​ភ័​ណ្ឌ ឡើយ ។

​កីឡាការិនី​រូបនេះ មាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា បុរី ស្រី​ភ័​ណ្ឌ​ អាច​យកឈ្នះ​អ្នក​ប្រដាល់​ស្រី​ថៃ​ផេ​ត តា​ពី បាន​ឬក៏​អត់​នោះទេ​?។​

​ផេ​ត តា​ពី ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ទាត់ និង​កណ្ដាប់ដៃ​ល្អ​។​ដូច្នេះ បុរី ស្រី​ភ័​ណ្ឌ ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ស្រី​ថៃ​រូបនេះ​មាន​ស្នៀត​ប្រដាល់​ល្អ និង​ខ្លាំង។ ចាំមើល រវាង​បុរី ស្រី​ភ័​ណ្ឌ និង ផេ​ត តា​ពី តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ?។​

​ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ថុល ថេ​ង សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ នឹងត្រូវ​ជួប​សាក​កណ្តាប់ដៃ​ជាមួយ គួ​ន សុវណ្ណ អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៥១​គីឡូក្រាម ។​

​ពួកគេ​ពីរ​នាក់​នេះ មិនដែល​បាន​ប៉ះគ្នា​ម្តងណា​ឡើយ​កាលពីពេល​កន្លងមក ដោយសារ​ថុល ថេ​ង ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ។ សម្រាប់​ការជួបគ្នា​លើក​នេះ ពុំ​ដឹងថា​អ្នកណា​ឈ្នះ អ្នកណា​ចាញ់ នោះទេ?។​

​ធន ក្របី អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​សំណាង ចាន់​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៤៨​គីឡូក្រាម។​ ចំណែក ឯម ចំរើន អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ជួប​ប្រកួត​ជាមួយ ម៉ន ដា​រ៉ា អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ អ្នក​ទាំងពីរ មាន​ស្នៀត​ប្រដាល់​ល្អ តែ​មិន​ដឹង​ថា​នរណា​ឈ្នះ​នោះទេ?៕

​ដោយ ៖ វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114