ព័ត៍មានទាន់​ហេតុការណ៏
Search

ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ BOOSTRONG GOLD MEDAL FIGHTERS ON FIRE ៖ ឆៃ សា​រ៉ា ជួប​យ៉ា​ម ខេមរា ឯ ន​ន់ ជំនិត ជួប វង្ស វិឆ័យ

ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ ​និង​ មេដាយ​មាស​BOOSTRONG GOLD MEDAL FIGH TERS ON FIRE ទម្ងន់​៦៩​គីឡូក្រាម បាន​ឈាន​មកដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១១​ ខែសីហា ឆ្នាំ​២០១៩​ចុង​សប្ដាហ៍​នេះ នៅលើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍។

​សម្រាប់​ការជួបគ្នា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ ​និង​មេ​ដាយ​មាស​BOOSTRONG​ នេះ គឺ​សុទ្ធតែជា​អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​រូប​តែម្តង ដែល​បាន​វាយ​ទម្លាក់​យកឈ្នះ​អ្នក​ប្រដាល់​បរទេស​អោយ​ជ្រុះ​ធ្លាក់​អស់នោះ។ ក្នុងនោះ ឆៃ សា​រ៉ា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​យ៉ា​ម ខេមរា ក្លិប​រស្មី​កុមារ​កំព្រា ហើយ​អ្នក​ប្រដាល់​ន​ន់ ជំនិត ក្លិប​ស្វាយ​រលំ​មាន​រិ​ទ្ធ ខេត្ត​កណ្តាល ជួប​អ្នក​ប្រដាល់​វង្ស វិឆ័យ ក្លិប​កង​ពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១។​

​ឆៃ សា​រ៉ា និង យ៉ា​ម ខេមរា នេះ មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​ពីមុនមក។ ឆៃ សា​រ៉ា គេ​ជា​ជើង​ខ្លាំង​ជើង​ចាស់ និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ម្តង​ហើយ​កាលពីពេល​កន្លងមក។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៩៧​លើក ដោយ​វាយ​ឈ្នះ​៧៩​លើក ចាញ់​១៦​លើក និង​ស្មើ​០២​លើក។ ឆៃ សា​រ៉ា​ នេះ មិនធម្មតា​ទេ ដោយ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​រហ័ស កម្លាំង​ស៊ុ​ហ្វ​ខ្លាំង រឹងមាំ មិន​ងាយ​ស្រួល​នឹង​បង្ក្រាប​នោះឡើយ។

​យ៉ាងណា សា​រ៉ា មកជួប យ៉ា​ម ខេមរា លើក​នេះ ក៏​មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះថា​ខេមរា​គេ​ល្អ​ទាំង​កណ្តាប់ដៃ ជង្គង់ និង កែង ហើយ​ណាមួយ​ខេមរា​គេ​ខ្ពស់ ដៃ​វែង ជើងវែង ថែមទៀត។​យ៉ាងណា ខេមរា ប្រហែលជា​មិនមាន​សំណាង​ឈ្នះ​ឆៃ សា​រ៉ា នោះឡើយ។ យ៉ា​ម ខេមរា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៦​លើក ឈ្នះ​៣៥​លើក ចាញ់​១១លើក និង​មិនដែល​ស្មើ។​

​សម្រាប់​ការប្រកួត​លើក​នេះ អ្នកណា​ចាញ់​នោះ គឺ​ស្មើនឹង​ការបាត់បង់​ខ្សែក្រវាត់ ​និង​មេដាយមាស ព្រមទាំង​ប្រាក់រង្វាន់​យ៉ាង​ដូច្នេះ​ដែរ ព្រោះតែ​ចាញ់ ត្រូវ​ធ្លាក់​ទៅ​ប្រកួត​ជាមួយ​អ្នកចាញ់ ដណ្តើមយក​លេខ៣ហើយ។

​ចំពោះ​ការប្រកួត​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​មួយគូ​ទៀត​នោះ គឺ ន​ន់ ជំនិត គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​វង្ស វិឆ័យ។ ការជួបគ្នា​រវាង​ន​ន់ ជំនិត និង វង្ស វិឆ័យ ក៏​ដូចគ្នា​ដែរ តែ​ចាញ់​ គឺ​ខាត​លាភ​សំណាង​ហើយ។

​ន​ន់ ជំនិត មានសំណាង​ជាងគេ​ក្នុងការ​ឡើងមក​វគ្គ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ​នេះ ដោយ​គេ​បានឈ្នះ​លើ​កីឡាករ​បរទេស​ដោយ​ស្វ័យប្រវត្តិ​ដល់​ទៅ​ពីរ​នាក់។ តែ​សម្រាប់​វង្ស វិឆ័យ គេ​ឡើងមក​ដោយ​ការ​វាយ​ឈ្នះ​ក្នុង​វគ្គ​ជម្រុះ។​

​វង្ស វិឆ័យ ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ន​ន់ ជំនិត ប៉ុន្តែ​គេ​ធ្លាប់​ឆ្លងកាត់​ការប្រកួត​ជាមួយ​បរទេស​ច្រើន​នាក់​ដែរ​កន្លងមក។ អ្នក​ប្រដាល់​រូបនេះ ជា​ជើង​ខ្លាំង​មួយរូប​ដែរ ដោយសារ​គេ​មាន​កាយសម្បទា​ល្អ ខ្ពស់ ដៃជើង​វែង។

​ដូច្នេះ​ន​ន់ ជំនិត ជួប​ជាមួយ​វង្ស វិឆ័យ លើក​នេះ ក៏​មិនជា​ធានា​ប៉ុន្មាន​ដែរ ព្រោះ​វង្ស វិឆ័យ គេ​គេ​មាន​ប្រៀប​ឈ្នះ​លើ ​ន​ន់ ជំនិត​ ច្រើនជាង ហើយ​មួយទៀត ន​ន់ ជំនិត ក៏​ធ្លាប់​វាយ​ចាញ់​វង្ស វិឆ័យ ដោយ​ពិន្ទុ ម្តង​រួចមកហើយ​ដែរ កាលពី​ក្នុង​ឆ្នាំ​២០១៨​កន្លងមក។​

​ទោះជា​យ៉ាងណា ន​ន់ ជំនិត គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ សម្រាប់​ការប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជួប​ជាមួយ​វង្ស វិឆ័យ​ នេះ​។ ន​ន់ ជំនិត លើក​នេះ អាច​ថា​គេ​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន ដែល​ធ្វើឲ្យ​វង្ស វិឆ័យ ពិបាក​សង្ឃឹម​ឈ្នះ​ដែរ។​

​វង្ស វិឆ័យ បើតាម​ប្រវត្តិ​ប្រកួត​របស់គេ​នោះ គេ​មាន​កំណត់ត្រា​ប្រកួត​តែ​៤៤​លើក​ប៉ុណ្ណោះ ឈ្នះ​៣៩​លើក ចាញ់​០៥​លើក មិនដែល​ស្មើ​។ តែបើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់​ន​ន់ ជំនិត គឹ​តិចជាង ដោយ​ជំនិត មានកំនត់​ត្រា​ប្រកួត​៨១​លើក ឈ្នះ​៦៣​លើក ចាញ់​១៦​លើក និង​ស្មើ​០២​លើក។​

​ទោះជា​យ៉ាងនេះ​ក្តី ន​ន់ ជំនិត មិនអាច​មើលងាយ​វង្ស វិឆ័យ បានឡើយ ព្រោះ​អ្នក​ប្រដាល់​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​រូបនេះ ទើបតែ​ស្គាល់​ចាញ់​៥​លើក​ប៉ុណ្ណោះ ក្នុងការ​ប្រកួត​៤៤​លើក​នោះ។ ចាំមើល​ន​ន់ ជំនិត និង វង្ស វិឆ័យ នេះ តើន​រណា​នឹង​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ហ្ន ? ។​

សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​មេដាយមាស​Boostrong​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៨ រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ចិន និង​អឺរ៉ុប ៨​រូប ដើម្បី​វាយ​ដណ្តើមយក​ខ្សែក្រវាត់​មេដាយ​មាស​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​Boostrong ទម្ងន់​៦៩​គីឡូក្រាម។​

​ការប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​តែម្តង ហើយ​តម្រូវឲ្យ​មាន​ការចាប់​ឆ្នោត​ទាំងអស់​រាល់​ការប្រកួត​ជម្រុះ​ជុំ​ទី​១ ទី​២ និង វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ចំពោះ​រង្វាន់​ជ័យលាភី​នោះ ចំណាត់ថ្នាក់​ជើងឯក​មេ​ដាយ​មាស ទទួលបាន​ប្រាក់រង្វាន់​៥.០០០​ដុល្លារ ជាមួយនឹង​មេដាយមាស​១​គ្រឿង។ សម្រាប់​ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​ប្រាក់រង្វាន់​២.០០០​ដុល្លារ លេខ​៣ បាន​១.០០០​ដុល្លារ និង លេខ​៤ បាន​៥០០​ដុល្លារ៕

​ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114